ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជើង​ថ្មីមែន​​ក្លាយជា​ម្ចាស់​ពាន​ ខណៈ​ជើង​ចាស់បាន​ត្រឹមលេខ​3 ​មិន​គួរ​ឱ្យ​ជឿ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ពាន​ជើងឯក​ព្រឹត្តិការណ៍​TV5 Knock Out Series By K-Cement នៅ​ប៉ុស្ដិ៍​លេខ​៥ កាលពី​ថ្ងៃ​ទី​២៦…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ពាន​ជើងឯក​ព្រឹត្តិការណ៍​TV5 Knock Out Series By K-Cement នៅ​ប៉ុស្ដិ៍​លេខ​៥ កាលពី​ថ្ងៃ​ទី​២៦ ឧសភា បាន​បញ្ចប់​ហើយ បន្ទាប់​ពី​កីឡាករ​ជើង​ខ្លាំង​៤​រូប​ឡើង​ប្រកួត​គ្នា​ ដើម្បី​ស្វែងរក​អ្នក​ឈរ​នៅ​ក្នុង​ចំណាត់ថ្នាក់​លេខ​១ ដល់​លេខ​៤ ។ អ្វី​ដែល​គេ​ចាប់អារម្មណ៍​ខ្លាំងក្នុង​ការ​ប្រកួត​លើក​នេះ​គឺ​កីឡាករ​ជើង​ខ្លាំង​ដែលមានបទពិសោធន៍​ច្រើន និង​ធ្លាប់​ល្បីឈ្មោះជា​យូរ​មក​ហើយ​គឺ​យុគ យក្ស​ផ្លែ ទទួល​បាន​ត្រឹមតែ​ចំណាត់​ថា្ន​ក់​លេខ​៣​ប៉ុណ្ណោះ​ក្នុង​ពេលកីឡាករ​ជើង​ថ្មី​ដែល​គេ​មិនសូវ​ស្គាល់​ធន់ មក​រា បែរជា​ដណ្ដើម​បាន​ចំណាត់ថ្នាក់​លេខ​១​មិន​គួរឱ្យ​ជឿ​។

ការ​ប្រកួត​ពេល​នោះ​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ពេញចិត្ត​យ៉ាង​ខ្លាំង​ជា​ពិសេស​គូ​ដណ្ដើម​ជើងឯក​ទទួលការ​គាំទ្រ​ខ្លាំង​ជាង​គូ​អន្តរជាតិ​ទៅ​ទៀត​ដោយសារ​កីឡាករ​ទាំង​៤​រូប​ដែល​ឡើង​ប្រកួត​បញ្ចេញស្នៀតគុន​វាយ​គ្នា​មិន​ដក​ដៃ​ធ្វើ​ឱ្យ​សង្វៀន​ទាំងមូល​ឡើង​កម្ដៅ​មិន​ឈប់​ឈរ ។ ការ​ប្រកួត​ដណ្ដើម​ពាន​ជើងឯក​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​នោះ កីឡាករ​៤​រូប​រួម​មាន កីឡាករ សង គង់ និង​កីឡាករ​យុគ យក្ស​ផ្លែ ប្រកួត​គ្នា​ដណ្ដើម​យក​ចំណាត់ថ្នាក់​លេខ​៣ និង​កីឡាករ​វ័យក្មេង ធន់ មក​រា ប្រកួត​ជាមួយ​កីឡាករ លន បញ្ញា ដណ្ដើម​យក​ចំណាត់ថ្នាក់​លេខ​១ ឬ​ចំណាត់ថ្នាក់​ជើងឯក ។

ជា​លទ្ធផល​កីឡាករ​ជើង​ថ្មី​ក្ដោប​ក្ដាប់​បាន​ចំណាត់ថ្នាក់​លេខ​១ លេខ​២ និង​លេខ​៤​ក្នុង​ពេល​កីឡាករ​ជើង​ចាស់​យុគ យក្ស​ផ្លែ បានត្រឹមតែ​ចំណាត់ថ្នាក់​លេខ​៣​ប៉ុណ្ណោះ ។ នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ យុគ យក្ស​ផ្លែ មិនមែន​ជា​កីឡាករ​ជើង​ចាស់​តែ​ម្នាក់​ដែល​ទៅ​មិន​រួច​ជាមួយ​កីឡាករ​ជើង​ថ្មី​នោះ​ទេ គឺ​មាន​កីឡាករ​ជា​ច្រើន​ទៀត​សុទ្ធតែ​ត្រូវ​កីឡាករ​ក្មេង​ៗ​វាយ​ទម្លាក់​ឱ្យ​ហាលអាវ​គ្មាន​សល់ ។ អ៊ីចឹង​ហើយ​ទើប​គេ​ចាត់​ទុក​ថា យុគ យក្ស​ផ្លែ ជា​កីឡាករ​ជើង​ចាស់​តែ​ម្នាក់​គត់ ដែល​ឡើង​មក​ដល់​វគ្គ​នេះ​ហើយ​បាន​ត្រឹម​ចំណាត់ថ្នាក់​លេខ​៣​ប៉ុណ្ណោះ ។

ទោះបី​យ៉ាងណា​លទ្ធផល​នេះ ក៏​ត្រូវ​បាន​ចាត់​ទុក​ល្អ​ផង​ដែរ បើ​ធៀប​នឹង​កីឡាករ​ជើង​ចាស់​ផ្សេង​ទៀត ដែល​ឡើង​បាន​ត្រឹម​វគ្គ​ជម្រុះ​១៦​នាក់​យក៨​នាក់​ក៏​ជ្រុះ​បាត់​អស់ ។ កីឡាករ​វ័យក្មេង ធន់ មក​រា គឺជា​អ្នក​ដណ្ដើម​បាន​ចំណាត់ថ្នាក់​លេខ​១ ហើយ​បាន​ក្លាយ​ខ្លួន​ជា​ជើងឯក​រដូវ​កាល​ថ្មី អម​ដោយ​ប្រាក់​រង្វាន់​រហូត​ដល់​៤.០០០​ដុល្លារ​។

ព្រឹត្តិការណ៍នេះត្រូវ​គេ​ដឹង​ថា ​បើក​ការ​ប្រកួត​បាន​២​រដូវ​កាល​មក​ហើយ ដោយ​ក្នុង​មួយ​រដូវ​កាល​ប្រើ​ពេល​ប្រមាណ​ជាង​៣​ខែ​ហើយ​កីឡាករ​ដែល​ត្រូវ​ចូលរួម​ប្រកួត​ក៏​មាន​ចំនួន​រហូត​ដល់​៣២​រូប​តម្រូវ​ឱ្យ​ចាប់​គូ​គ្នា​ប្រកួត​ទម្លាក់​ម្ដង​ពាក់កណ្ដាល​។

ការ​ប្រកួត​បាន​ចាប់ផ្ដើម​ពី​ការ​ប្រកួត​ចាញ់​ធ្លាក់​ៗពី​៣២​នាក់​មក​១៦​នាក់ និង​បន្ត​ពី​១៦​នាក់​​មក​៨​នាក់ និង​ពី​៨​នាក់​យក​៤​នាក់​ដើម្បី​ឱ្យ​អ្នក​ទាំង​៤​ឡើង​ប្រកួត​គ្នា​នៅ​វគ្គ​ចុង​ក្រោយ ។ ក្រោយ​ប្រកួត​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ កីឡាករ​វ័យក្មេង​២​រូប គឺ​ធន់ មក​រា និង លន បញ្ញា ក្លាយជា​សមាសភាព​២​នាក់​ឡើង​ប្រកួត​ដណ្ដើម​យក​តំណែង​ជើងឯក​នៅ​ប៉ុស្ដិ៍​លេខ​៥ ។ ជា​លទ្ធផល​កីឡាករ ធន់ មក​រា បាន​យកឈ្នះ​គូប្រកួតក្លាយជា​ម្ចាស់​ពាន និង​ទទួល​បាន​ទឹកប្រាក់​៤​ពាន់​ដុល្លារ ខណៈ​ជ័យជម្នះ​របស់​កីឡាករ​រូប​នេះកើត​ឡើង​ដោយសារ​តែ​ការ​ប្រើ​អស់​បច្ចេកទេស វាយលុក​មិន​ញញើត​គូប្រកួត​។

លោក សេង ក​ដិ​កា អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​សង្វៀន​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​បាន​អះ​អាង​ថា ការ​ប្រកួត​ដែល​បាន​បញ្ចប់​ទៅ​ធ្វើ​ឱ្យ​កីឡាករ​ខ្លាំង​ៗ​ដែល​មាន​សមត្ថភាព​លេច​ចេញ​ផ្លែផ្កា​គួរ​ឱ្យ​កត់សម្គាល់ ។ លោក​ថា ការ​ប្រកួត​នៅ​ក្នុង​វគ្គ​នេះ កីឡាករ​ទាំង​៣២​រូប​សុទ្ធតែ​ជា​ជើង​ខ្លាំង​និង​ល្បីឈ្មោះ​នៅ​ក្នុង​ពិភព​ប្រដាល់ ក្នុង​នោះ​ក៏​មាន​កីឡាករ​ជើង​ចាស់​មួយ​ចំនួន​ក៏​បាន​លេចមុខ​ផង​ដែរ ប៉ុន្តែ​កីឡាករ​ទាំងនោះ​បែរជា​ត្រូវ​ជ្រុះ​បាត់​ម្ដង​ម្នាក់​ៗ​បន្ទាប់​ពី​ការ​ប្រកួត​ជម្រុះ​កាន់តែ​តម្រូវ​ឱ្យ​កីឡាករ​ថ្មី​ៗ​ត្រៀមខ្លួន​ខ្លាំងក្លា ។

ជាក់ស្ដែង​កីឡាករ​ជើង​ថ្មី​បាន​ក្លាយជា​អ្នក​ទម្លាក់​កីឡាករ​ជើង​ចាស់ និង​ក្លាយជា​អ្នក​កាន់​ពាន​ជើងឯក​ធ្វើ​ឱ្យ​កីឡាករ​ជើង​ចាស់​ចាប់ផ្ដើម​ផ្អើល លែង​ហ៊ាន​មើល​ស្រាល​កីឡាករ​ជើង​ថ្មី​ទៀត​ហើយ ។ លោក​ថា ម្ចាស់​ពាន​ដែល​ទើប​រក​ឃើញ​នេះ មិនសូវ​មាន​បទ​ពិសោធន៍​​ឡើង​ប្រកួត​ច្រើន​ទេ ប៉ុន្តែ​បើ​និយាយ​ពី​សមត្ថភាព និង​ការ​តស៊ូ​គឺ​ខ្លាំងក្លា ដែល​នឹង​ក្លាយជា​ធនធាន​កីឡាករ​កាន់តែ​ប្រសើរ​នា​ពេល​អនាគត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ