ខេត្តព្រៃវែង ៖ ប្រជាកសិករនៅភូមិឯកក្រាម សង្កាត់កំពង់លាវ ក្រុងព្រៃវែង បានត្អូញត្អែរថា ពេលនេះពួកគាត់កំពុងតែប្រឈមនឹងបញ្ហាធំៗចំនួន២ ដែលធ្វើឱ្យប៉ះពាល់ដល់ផលស្រូវនៅក្នុងស្រែរបស់ពួកគាត់ នោះគឺពពួកសត្វកណ្តុរចេញស៊ីបំផ្លាញស្រូវ និងក្រុមចោរដើរលួចអង្គុបដែលពួកគាត់ដាក់ចាប់កណ្តុរនៅតាមស្រែ។
ប្រជាកសិករឱ្យដឹងថា ពួកគាត់ធ្វើស្រែក្នុង១ឆ្នាំបាន២ដង គឺស្រូវវស្សាម្តង និងស្រូវប្រាំងម្តង ហើយការធ្វើស្រូវវស្សា គឺពុំមានបញ្ហារឿងសត្វកណ្តុរនោះទេ ប៉ុន្តែពេលចូលដល់ស្រូវប្រាំងវិញ ស្រាប់តែមានសត្វកណ្តុរជាច្រើនស្កេកស្កះ ពួកវាធ្វើរន្ធនៅក្នុងស្រែ តាមភ្លឺស្រែ និងតាមទួលដំបូកបង្កើតកូនចៅពាស់វាលពាស់កាល និងស៊ីបំផ្លាញស្រូវនៅក្នុងស្រែទាំងយប់ ទាំងថ្ងៃខូចស្ទើរគ្មានសល់។ ដោយមានសត្វកណ្តុរច្រើនពេក ពួកគាត់ក៏នាំគ្នាទិញអង្គុបយកមកដាក់ចាប់កណ្តុរ និងចាប់បានក្នុង១យប់ៗពី១០០ទៅ២០០គីឡូក្រាមឯណោះ ហើយនៅតែមិនទាន់អស់កណ្តុរទៀត ប៉ុន្តែអ្វីដែលរឹតតែនឹកស្មានមិនដល់នោះ គឺថ្មីៗនេះស្រាប់តែមានក្រុមចោរចេញដើរលួចអង្គុបកណ្តុរអស់ទៀត ធ្វើឱ្យប្រជាកសិករម្នាក់ៗឈឺក្បាលវិលមុខខ្លាំងណាស់។
ប្រជាកសិករទាំងអស់បន្តថា ស្រែពួកគាត់ពីមុនធ្លាប់ច្រូតស្រូវបានផលជាង១៣០ទៃ ពេលនេះធ្លាក់សល់ត្រឹម៦៥ទៃ ស្រែខ្លះមួយហិកតាធ្លាប់ច្រូត៦តោន ពេលនេះនៅសល់ត្រឹមតែ៤តោនទៅ៥តោនប៉ុណ្ណោះ ព្រោះតែសត្វកណ្តុរស៊ីបំផ្លាញខូចអស់ច្រើន ហើយពេលនេះមិនដឹងត្រូវទប់ស្កាត់បែបណាទេ បើដើរជីករន្ធចាប់វា ធ្វើឱ្យខូចភ្លឺស្រែអស់ ប៉ះចំទួលដំបូកអ្នកតាក៏មិនបាន ហើយមកដាក់អង្គុបចាប់ក៏ត្រូវលោកចោរលួចអស់ទៀត មិនដឹងត្រូវធ្វើបែបណាទៀតទេ។
ចំពោះរឿងចោរលួចអង្គុបដាក់កណ្តុរនេះ ត្រូវបានលោកអធិការនគរបាលក្រុងព្រៃវែងបញ្ជាក់ប្រាប់ថា ករណីនេះលោកបានទទួលព័ត៌មានហើយ និងកំពុងចុះស្រាវជ្រាវតាមចាប់ក្រុមចោរដែលលួចអង្គុបទាំងនោះ ហើយលោកក៏សំណូមពរសុំឱ្យខាងប្រជាកសិករជួយសហការផង ដោយប្រាប់ពីទីតាំងដែលដាក់ឱ្យច្បាស់ ងាយស្រួលលោកដាក់កម្លាំងតាមឃ្លាំមើល និងចាំចាប់ក្រុមចោរ៕
ចែករំលែកព័តមាននេះ