ខេត្តប៉ៃលិន ៖ ពលរដ្ឋ១គ្រួសារ ទន្ទឹងរង់ចាំប្លង់ដីរឹងពីការិយាល័យភូមិបាលក្រុងប៉ៃលិន ពីមួយខែទៅមួយខែ រហូតមកដល់ពេលនេះ អស់រយ:ពេលជាងកន្លះឆ្នាំទៅហើយ មិនទាន់ឃើញលទ្ធផលអ្វីសោះ ។ មន្ត្រីសុរិយោដីឈ្មោះ មុំ រតនា ដែលទទួលការពឹងពាក់ហើយក៏ស្ងាត់ឈឹង ។ អ្វីដែលគួរឱ្យហួសចិត្តនោះ គឺខណៈម្ចាស់ដីសួរទៅប្រធានការិយាល័យភូមិបាលក្រុងបែរជាប្រាប់ថា មិនទាន់បានទទួលឯកសារ នៅឡើយ ។
ប្រភពព័ត៌មានពីម្ចាស់ដីឈ្មោះ ឃុត ឃន អាយុ៥៨ឆ្នាំ ប្រពន្ធឈ្មោះ បេង មាំ អាយុ៥៥ឆ្នាំ រស់នៅក្នុងភូមិអូរស្ងួត សង្កាត់បរយ៉ាខាក្រុងប៉ៃលិន រៀបរាប់ថា គាត់មានដី១ប្លង់ទំហំ៤៣ម៉ែត្រគុណនឹងជាង៧០ម៉ែត្រ នៅក្បែរផ្លូវលំមួយកន្លែង ស្ថិតក្នុងភូមិអូរច្រាលិច សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន និងបានលក់តម្លៃ៤.៥០០
ដុល្លារឱ្យទៅឈ្មោះ ចាន់ គ្រី ភេទប្រុស រស់នៅក្នុងរាជធានីភ្នំពេញ ។
គាត់បន្តថា ការលក់ដីនេះគេមិនទាន់ឱ្យប្រាក់គ្រប់ចំនួនទេដោយកក់ជាង១ពាន់ដុល្លារ ហើយខាងអ្នកទិញសន្យាថា បើសិនជាខាងគាត់ជាម្ចាស់ដីធ្វើប្លង់រឹងរួចរាល់គេនឹងប្រគល់ប្រាក់ឱ្យគ្រប់ចំនួន ។ ពេលនោះគាត់ក៏បានពឹងឱ្យស្មៀនសង្កាត់បរយ៉ាខា ទាក់ទងទៅខាងមន្ត្រីសុរិយោដីក្រុងប៉ៃលិន ចុះទៅវាស់វែងធ្វើប្លង់រឹងឲ្យបានឆាប់ ។ ពេលនោះមានបុរសម្នាក់ឈ្មោះមុំ រតនា ដែលអះអាងថាខ្លួនជាមន្ត្រីសុរិយោដីក្រុងប៉ៃលិន បាននាំក្រុមការងារចំនួន២នាក់ទៀតទៅវាស់វែងដីរបស់គាត់ដើម្បីធ្វើប្លង់រឹង ។
បន្ទាប់ពីវាស់វែងរួច អ្នកទិញដីបានប្រគល់លុយឱ្យទៅបុរសរូបនោះចំនួន៥៥០ដុល្លារ ដើម្បីយកទៅរត់ការធ្វើប្លង់កាលពីខែវិច្ឆិកា ឆ្នាំ២០១៧។ ប៉ុន្តែការរង់ចាំពី១ខែទៅ១ខែពុំឃើញបានប្លង់សោះ ក៏ទូរស័ព្ទទៅសួរបុរសនោះនិងបានឆ្លើយប្រាប់ថាប្រហែល២ទៅ៣ថ្ងៃទៀតរួចរាល់ហើយ ។ លុះរង់ចាំរហូតដល់ជាង១អាទិត្យគេប្រាប់ថា នៅរត់ការកន្លែងពន្ធដារទៀត ។ ការរង់ចាំក៏នៅតែចាំបាត់ៗ រហូតមកដល់ពេលនេះជាងកន្លះឆ្នាំទៅហើយ ឯការរត់ការរបស់បុរសរូបនោះនៅតែប្រាប់ថាមិនទាន់រួចរាល់នៅឡើយ ។ លុះគាត់សួរទៅខាងការិយាល័យភូមិបាលក្រុងគេប្រាប់ថា អត់ទាន់ឃើញមានឯកសារណាមួយទៅដល់នៅឡើយទេ ។
ដោយមិនអស់ចិត្ត គាត់បានសួរនាំទៅខាងច្រកចេញចូលតែមួយ ក៏មិនទាន់ឃើញមានឯកសារណាមួយចូលទៅដល់ទីនោះដែរ ហើយលុយកាក់ដែលអ្នកទិញត្រូវបង់បង្គ្រប់ក៏អត់បានទទួល ព្រោះអត់ទាន់មានប្លង់រឹងឱ្យគេ ។ គាត់ពិតជាអស់ជំនឿលើមន្ត្រីសុរិយោដីក្រុងប៉ៃលិនយ៉ាងខ្លាំង ដែលសន្យាខ្យល់ ថ្ងៃនេះថ្ងៃនោះជារហូត តែប្លង់របស់គាត់អត់បានធ្វើទេ ។គាត់សង្ស័យថា បុរសរូបនោះយកប្រាក់ទៅចាយអស់ហើយមិនព្រមធ្វើប្លង់ដីឱ្យគាត់ ។ នៅព្រឹកថ្ងៃទី២៤ ខែឧសភា គាត់ក៏ដាក់ពាក្យបណ្តឹងទៅសាលាសង្កាត់ដើម្បីឱ្យកោះហៅបុរសរូបនេះមកសួរនាំ ។
ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោក ស៊ី វឿន ប្រធានការិយាល័យភូមិបាលក្រុងប៉ៃលិន បានឱ្យដឹងថា ខាងលោកអត់ទាន់បានទទួលឯកសារណាមួយពាក់ព័ន្ធនឹងការធ្វើប្លង់រឹងពីលោក មុំ រតនា ដែលជាមន្ត្រីស៊ីឈ្នួលវាស់វែងដីនៅឡើយទេ ។ ចំណែកលោក ហុក សុផល ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានឱ្យដឹងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២៣ ខែឧសភាថា ឈ្មោះ មុំរតនា មិនមែនជាមន្ត្រីសុរិយោដីទេ រូបគេគ្រាន់តែជាអ្នកស៊ីឈ្នួលដើរវាស់វែងដីធ្លីឱ្យប្រជាពលរដ្ឋបានប្រាក់១ថ្ងៃរស់១ថ្ងៃប៉ុណ្ណោះ ហើយក៏គ្មានប្រាក់ខែ ត្រូវបើកឱ្យនោះដែរ ។ ដូច្នេះ បើម្ចាស់ដីចង់បានប្លង់រឹងឆាប់រហ័ស មានតែទៅទាក់ទងខាងច្រកចេញចូលតែមួយប៉ុណ្ណោះ បើរង់ចាំបុរសខាងលើនេះគ្មានសង្ឃឹមទេ ៕
ចែករំលែកព័តមាននេះ