ខេត្តព្រៃវែង ៖ ករណីអគ្គីភ័យដែលបង្កឡើងដោយសារតែម្ចាស់ផ្ទះបើកហ្គាសដាក់ដាំទឹក រួចហ្គាសក៏ផ្ទុះបានបណ្តាលឱ្យឆេះផ្ទះអស់មួយចំហៀង រួមនិងទ្រព្យសម្បត្តិមួយចំនួន ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី២៥ ឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិសាលា ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង ។
សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ ធុច ហ៊ន ភេទប្រុស អាយុ៧៣ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។
ប្រភពបានបន្តថា នៅមុនពេលកើតហេតុ លោកតាម្ចាស់ផ្ទះបានដងទឹកយកមកដាក់ដាំ តែនៅពេលបើក
ហ្គាសដើម្បីដាំទឹកនោះ ស្រាប់តែហ្គាសបានផ្ទុះ បណ្តាលអោយផ្ទះទំហំ៧ម៉ែត្រគុណនឹង៨ម៉ែត្រសង់ពីឈើប្រក់ក្បឿងបានឆេះអស់ផ្ទះមួយចំហៀង និងរងការខូចខាតផ្ទាំងសូឡាមួយ និងសម្ភារមួយចំនួន ។ នៅពេលកើតហេតុ ប្រជាពលរដ្ឋ និងរថយន្តពន្លត់អគ្គីភ័យបាននាំគ្នាជួយពន្លត់ទាន់ពេលវេលា និងប្រើប្រាស់អស់ទឹកមួយរថយន្ត នៅក្នុងហេតុការណ៍នោះមិនបណ្តាលឱ្យមនុស្សណាម្នាក់រងរបួសនោះទេ ៕
ចែករំលែកព័តមាននេះ