ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋដើរហាត់ប្រាណតាមសួនច្បារបានប្រទះឃើញបុរសម្នាក់ដែលជាជនអនាថាដេកស្លាប់នៅស្តូបមិត្តភាពកម្ពុជា-វៀតណាម-ឡាវ ស្ថិតនៅចំណុចសួនច្បារវិមានឯករាជក្នុងក្រុងកំពង់ឆ្នាំង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៣០នាទី ព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ ។
សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងបានអោយដឹងថា បុរសដេកស្លាប់ខាងលើ គឺជាជនអនាថា ដែលមិនស្គាល់អត្តសញ្ញាណច្បាស់លាស់នោះទេ តាមប្រជាពលរដ្ឋបាននិយាយថា គេតែងឃើញបុរសដែលជាជនអនាថាខាងលើ ដើរនៅម្តុំផ្សារ ក្នុងភូមិជ្រៃបាក់ជាញឹកញាប់ ប៉ុន្តែមិនដឹងផ្ទះសម្បែង ឬមានបងប្អូនសាច់ញាតិនៅឯណានោះទេ ។
នៅព្រឹកកើតហេតុ គេឃើញមានសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងបានទៅពិនិត្យធ្វើកោសល្យវិច្ច័យលើសពបុរសដែលជាជនអនាថានោះ ហើយបានបញ្ជាក់ថា បុរសដែលជាជនអនាថានោះបានស្លាប់ដោយសារខ្យល់គ ឬបណ្តាលមកពីដាច់អាហារ ដោយនៅលើរាងកាយសពមិនមានស្លាកស្នាមអ្វីគួអោយសង្ស័យជាអំពើឃាតកម្មនោះទេ ។
ក្រោយកើតហេតុ រថយន្តរបស់មន្ទីរពេទ្យខេត្តបានដឹកយកសពបុរសជាជនអនាថាខាងលើទៅតំកល់ទុកនៅវត្តខ្សាម ដើម្បីរង់ចាំគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ប៉ុន្តែបើគ្មានសាច់ញាតិនោះទេ សមត្ថកិច្ចនគរបាលនឹងចេញថ្លៃបូជាសពតែម្តង ៕
ចែករំលែកព័តមាននេះ