ខេត្តតាកែវ ៖ ប្រជាពលរដ្ឋរស់នៅភូមិឡូរីសង្កាត់រកាក្នុងក្រុងដូនកែវបាននាំគ្នារិះគន់ទៅដល់ម្ចាស់ទីតាំងអេតចាយមួយកន្លែង កំពង់តែយកផ្លូវក្រាលកៅស៊ូដាក់អេតចាយធ្វើឲ្យកកស្ទះចរាចរណ៍រាងរាល់ថ្ងៃ ហើយទីតាំងនេះមានជាច្រើនឆ្នាំមកហើយដោយមិនបានរំខានដល់អាជ្ញាធរក្រុងនិងមេប៉ូលិសក្រុងឡើយ ។
ប្រជាពលរដ្ឋរស់កន្លែងទីតាំងអេតចាយនោះបាននាំគ្នានិយាយថា នាពេលបច្ចុប្បន្នយើងពិបាករស់នៅណាស់ ដោយសារនៅពីមុខផ្ទះលើផ្លូវត្រូវបានបុគ្គល់ម្នាក់បានយកធ្វើជាទីតាំងសម្រាប់ដាក់អេតចាយទៅវិញ ដោយរំខានទាំងការថ្លង់សម្លេងលើកដាក់ដែកកងរំពងមិនថា ថ្ងៃឬយប់ឡើយ ហើយពេលយប់វិញ គឺថ្លង់សម្លេងម៉ាស៊ីនគ្រីបអេតចាយធ្វើឲ្យក្មេងៗដេក និងរៀនមិនបានឡើយ ហើយបញ្ហានេះប្រជាពលរដ្ឋរស់នៅទីនេះបានទៅប្តឹងប៉ូលិសក្រុងច្រើនលើកមកហើយ តែមិនដែលឃើញមានប៉ូលិសក្រុងចុះទៅម្តងណាឡើយ យើងមានការលំបាកក្នុងការរស់នៅណាស់ ហើយក៏មិនដឹងជាទៅប្តឹងនរណាឡើយ ។
ប្រជាពលរដ្ឋបានបន្តទៀតថា ចំពោះម្ចាស់ទីតាំងនេះមានឈ្មោះម៉ៅ ឡយ ជាថៅកែទឹញលក់អេតចាយនេះគេមានលុយច្រើននឹងចេះទំនាក់ទំនងល្អជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់រួមជាមួយមេប៉ូលិសក្រុងទើបបានជាមិនដែលឃើញអាជ្ញាធរនឹងប៉ូលិសក្រុង ខេត្តទៅពិនិត្យនឹងធ្វើការណែនាំដល់ថៅកែអេតចាយនេះម្តងណាទេ ។
ក្នុងនាមប្រជាពលរដ្ឋរស់នៅភូមិខាងលើសូមឲ្យលោកអ៊ូច ភា អភិបាលខេត្តតាកែវ មេត្តាជួយដោះស្រាយចំពោះថៅកែអេតចាយខាងលើនេះ ព្រោះបានរំខានការរស់នៅរបស់ពួកគាត់ខ្លាំងណាស់ ។ ដោយនៅល្ងាចថ្ងៃទី២៤ ខែនេះកោះសន្តិភាពមិនអាចទាក់ទងសុំការបំភ្លីពីលោកសក្ក័៥ ឆាយ សាវុធ អធិការនគរបាលក្រុងដូនកែវបានទេ ។
ចំណែកលោកមូល វិចិត្រ អភិបាលក្រុងដូនកែវបានប្រាប់កោះសន្តិភាពយើងតាមទូរស័ព្ឌថា ចំពោះទីតាំងដាក់លក់ ឬទិញអេតចាយខាងលើនេះ លោកបានហៅម្ចាស់ទីតាំងអេតចាយនេះមកធ្វើការណែនាំជាច្រើនលើកច្រើនសារណាស់មកហើយ គឺនិយាយទៅ គឺម្ចាស់ទីតាំងអេតចាយនេះមិនស្តាប់ នៅតែយកអេតចាយមកដាក់លើផ្លូវ ហើយរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋដដែលតែពេលនេះលោកលែងហៅមកណែនាំបន្តទៀត ហើយគឺលោកនឹងបណ្តេញអោយម្ចាស់អេតចាយនេះរើចេញមិនអនុញាតអោយដាក់អេតចាយនៅទីនោះបន្តទៀតហើយ ៕
ចែករំលែកព័តមាននេះ