បើទោះជាបច្ចេកវិទ្យាអនុញ្ញាតឲ្យយើងអាចធ្វើការងារបានច្រើនក្នុងរយៈពេលខ្លីពិតមែន ប៉ុន្តែវាមិនមែនជំរុញដល់ការសិក្សាទេ ។
នេះជាមូលហេតុដែលធ្វើឲ្យសាស្ត្រាចារ្យមួយចំនួនមិនអនុញ្ញាតឲ្យសិស្សប្រើប្រាស់ Laptop ឬថេបប្លេតនៅក្នុងថ្នាក់រៀន និងបង្ខំឲ្យពួកគេកត់ត្រាលើក្រដាស ឬសៀវភៅវិញ ។ ប៉ុន្តែសម្រាប់សិស្សដែលបានទម្លាប់នឹងការប្រើប្រាស់បច្ចេកវិទ្យាទាំងនេះ គឺលំបាកក្នុងការសម្របខ្លួន ។
អ្នកស្រី Carol Holstead សាស្ត្រាចារ្យផ្នែកសារព័ត៌មានក្នុងសាកលវិទ្យាល័យ Kansas របស់សហរដ្ឋអាមេរិក បានប្រទះឃើញសិស្ស២នាក់ងាកមើលកុំព្យូទ័ររបស់សិស្សម្នាក់ទៀត ដែលកំពុងតែបើកវីដេអូនៅលើ YouTube ។ ចាប់ពីពេលនោះមក អ្នកស្រីបានបញ្ជាឲ្យសិស្សឈប់ប្រើប្រាស់កុំព្យូទ័រក្នុងថ្នាក់រៀន ។ ប៉ុន្តែវាជាបទបញ្ជាមួយដែលសិស្សជំនាន់ថ្មីពិបាកនឹងទទួលយកណាស់ ។
សិស្សជាច្រើននាក់បានរអ៊ូរទាំថា ការប្រើប្រាស់ប៊ិក និងសៀវភៅ ផ្តល់ភាពទើសទែងដល់ពួកគេណាស់ ព្រោះដៃពួកគេឈឺ ឬអក្សររបស់ពួកគេពិបាកអាន នៅពេលយកមកមើលឡើងវិញ ជាដើម ។
ការសិក្សាឲ្យដឹងថា ការប្រើប្រាស់ប៊ិក និងសៀវភៅ គឺមានប្រសិទ្ធភាពជាង ។ សិស្សដែលកត់ត្រាលើកុំព្យូទ័រ គឺអាចរក្សាព័ត៌មាន ឬចងចាំបានតិចជាងអ្នកដែលសរសេរផ្ទាល់ដៃ ព្រោះការធ្វើកិច្ចការច្រើនក្នុងពេលតែមួយ បានកាត់បន្ថយប្រសិទ្ធភាពការរៀនសូត្រ ។
ការសិក្សាផ្សេងទៀតបង្ហាញថា នៅពេលសិស្សប្រើប្រាស់ Laptop ពួកគេបានចំណាយ៤០%នៃម៉ោងសិក្សារបស់ខ្លួន ដើម្បីប្រើប្រាស់កម្មវិធីមិនទាក់ទងនឹងការសិក្សា ហើយភាគច្រើនរៀនមិនទាន់សិស្សដទៃ ៕
ចែករំលែកព័តមាននេះ