ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសចិត្ត​! ពឹង​មន្ត្រី​សុរិយោដី​ឱ្យ​រត់ការ​ធ្វើ​ប្លង់​ប៉ះ​ចំ​មន្ត្រី​យក​លុយ​ស៊ីឈ្នួល

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​១​គ្រួសារ​ខំ​រង់ចាំ​ប្លង់​ដី​រឹង ពី​ការិយាល័យ​ភូមិបាល​ក្រុងប៉ៃលិន​ពី​មួយ​ខែ​ទៅ​មួយ​ខែ​រហូត​មក​ដល់​ពេល​នេះ អស់​រយៈពេល​ជាង​កន្លះ​ឆ្នាំទៅ​ហើយ មិន​ទាន់​ឃើញ​លទ្ធផល​អ្វី​សោះ ។ បន្ទាប់​ពី​ពឹង​បុរស​ម្នាក់​ឈ្មោះ មុំ រតនា…

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​១​គ្រួសារ​ខំ​រង់ចាំ​ប្លង់​ដី​រឹង ពី​ការិយាល័យ​ភូមិបាល​ក្រុងប៉ៃលិន​ពី​មួយ​ខែ​ទៅ​មួយ​ខែ​រហូត​មក​ដល់​ពេល​នេះ អស់​រយៈពេល​ជាង​កន្លះ​ឆ្នាំទៅ​ហើយ មិន​ទាន់​ឃើញ​លទ្ធផល​អ្វី​សោះ ។ បន្ទាប់​ពី​ពឹង​បុរស​ម្នាក់​ឈ្មោះ មុំ រតនា ដែល​អះអាង​ថា ខ្លួន​ជា​មន្ត្រី​ភូមិបាល​ការិយាល័យ​ក្រុងប៉ៃលិន លុះ​បង់លុយ​រួចរាល់​បែរជា​ស្ងាត់ឈឹង ខណៈ​ម្ចាស់​ដី​សួរ​ទៅ​ប្រធាន​ការិយាល័យ​ភូមិបាល​ក្រុង​បែរជា​មិន​ទាន់​បាន​ទទួល​ឯកសារ​នៅឡើយ​ទេ ។

ប្រភព​ព័ត៌មាន​ពី​ម្ចាស់​ដី​ឈ្មោះ ឃុ​ត ឃ​ន អាយុ​៥៨​ឆ្នាំ ដែល​មាន​ប្រពន្ធ​ឈ្មោះ បេង មាំ អាយុ​៥៥​ឆ្នាំ រស់នៅ​ក្នុងភូមិ​អូរ​ស្ងួត សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន​បាន​រៀបរាប់​ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែឧសភា​នេះ​ថា គាត់​មាន​ដី​១​ប្លង់​មាន​ទទឹង​៤៣​ម៉ែត្រ និង​បណ្តោយ​ជាង​៧០​ម៉ែត្រ នៅ​ក្បែរ​ផ្លូវលំ​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​អូរ​ច្រា​លិច សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ដោយ​គាត់​បាន​លក់​ដី​តម្លៃ​៤៥០០​ដុល្លារ​ឱ្យទៅ​បុរស​ម្នាក់​ឈ្មោះ ចាន់ គ្រី ភេទ​ប្រុស រស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ។

គាត់​បន្ត​ទៀត​ថា ការ​លក់​ដី​នេះ​គេ​មិន​ទាន់​ឱ្យប្រាក់​គ្រប់​ចំនួន​នោះ​ទេ ដោយ​កក់​ជាង​១​ពាន់​ដុល្លារ ហើយ​ខាង​អ្នកទិញ​សន្យា​ថា បើសិនជា​ខាង​ម្ចាស់​ដី​ធ្វើ​ប្លង់​រឹង រួចរាល់​គេ​នឹង​ប្រគល់​ប្រាក់​ឱ្យ​គ្រប់​ចំនួន ។ ភ្លាម​ៗ​នោះ​គាត់​ក៏​បាន​ពឹង​ឱ្យ​ស្មៀន​សង្កាត់​ប​រយ៉ា​ខា​ទាក់​ទៅ​ខាង​មន្ត្រី​សុ​រិ យោ​ដី​ក្រុងប៉ៃលិន ដើម្បី​ចុះ​ទៅ​វាស់វែង​ធ្វើ​ប្លង់​រឹង​ឱ្យ​បាន​ឆាប់រហ័ស ។ ពេល​នោះ​មាន​បុរស​ម្នាក់​ឈ្មោះ មុំ រតនា ដែល​អះអាង​ថា ខ្លួន​ជា​មន្ត្រី​សុរិយោដី​ក្រុងប៉ៃលិន ហើយ​បាន​នាំ​ក្រុមការងារ​ចំនួន​២​នាក់​ទៀត​ទៅ​វាស់វែង​ដី​របស់​គាត់ ដើម្បី​ធ្វើ​ប្លង់​រឹង ។

ពេល​នោះ​អ្នកទិញ​ដី បាន​ប្រគល់​លុយ​ឱ្យទៅ​បុរស​រូប​នោះ​ចំនួន​៥៥០​ដុល្លារ យក​ទៅ​រត់ការ​ធ្វើ​ប្លង់​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៧ ។ ប៉ុន្តែ​បន្ទាប់​ពី​រង់ចាំ​ពី​១​ខែ​ទៅ​១​ខែ ហើយ​ទូរស័ព្ទ​សួរ​ទៅ​បុរស​រូប​នោះ គេ​បាន​ឆ្លើយ​ប្រាប់​ថា ប្រហែល​២​ទៅ​៣​ថ្ងៃ​ទៀត​រួចរាល់​ហើយ លុះ​រង់ចាំ​រហូត​ដល់​ជាង​១​អាទិត្យ​គេ​ប្រាប់​ថា នៅ​រត់ការ​កន្លែង​ពន្ធដារ​ទៀត ។ ចេះ​តែ​រង់ចាំ​រហូត​មក​ដល់​ពេល​នេះ​ជាង​កន្លះ​ឆ្នាំ​ហើយ ការ​រត់ការ​របស់​បុរស​រូប​នោះ​មិន​ទាន់​រួចរាល់​នៅឡើយ​ទេ លុះ​គាត់​សួរ​ទៅ​ខាង​ការិយាល័យ​ភូមិបាល​ក្រុង​គេ​ប្រាប់​ថា អត់​ទាន់​ឃើញ​មាន​ឯកសារ​ទៅ​ដល់​នៅឡើយ​ទេ ។

ដោយ​មិន​អស់ចិត្ត​គាត់​បាន​សួរនាំ​ទៅ​ខាង​ច្រក​ចេញចូល​តែ​មួយ​ក៏​មិន​ទាន់​ឃើញ​មាន​ឯកសារ​ណាមួយ​ចូល​ទៅ​ដល់ទី​នោះ​ដែរ ហើយ​លុយកាក់​ដែល​អ្នកទិញ​ត្រូវ​បង់​បង្គ្រប់​ក៏​អត់​បាន​ទទួល​ដែរ ព្រោះ​អត់​ទាន់​មាន​ប្លង់​រឹង​ឱ្យ​គេ ។
គាត់​ពិតជា​អស់ជំនឿ​លើ​មន្ត្រី​សុរិយោដី​ក្រុងប៉ៃលិន​យ៉ាង​ខ្លាំង​ដែល​សន្យា​ខ្យល់ ថ្ងៃនេះ​ថ្ងៃ នោះ​ជា​រៀង​រហូត តែ​ប្លង់​របស់​គាត់​អត់​បាន​ធ្វើ​នោះ​ទេ ។ គាត់​សង្ស័យ​ថា បុរស​រូប​នោះ​យក​ប្រាក់​ទៅ​ចាយ​អស់ហើយ មិន​ព្រម​ធ្វើ​ប្លង់​ដី​ឱ្យ​គាត់​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែឧសភា នេះ​គាត់​នឹង​ដាក់​ពាក្យបណ្តឹង​ទៅ​សាលាសង្កាត់​ឱ្យ​កោះហៅ​បុរស​រូប​នោះ​មក​សួរនាំ ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ​លោក ស៊ី វឿ​ន ប្រធាន​ការិយាល័យ​ភូមិបាល​ក្រុងប៉ៃលិន​បានឱ្យ​ដឹង​ថា ខាង​លោក​អត់​ទាន់​បាន​ទទួល​ឯកសារ​ណាមួយ​ពាក់ព័ន្ធ​នឹង​ធ្វើ​ប្លង់​រឹង ពី​លោក​មុំ រតនា ដែល​ជា​មន្ត្រី​ស៊ីឈ្នួល​វាស់វែង​ដី​នៅឡើយ​ទេ ។

ចំណែក​លោក ហុ​ក សុផល ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ប៉ៃលិន​បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​សៀ​ល​ថ្ងៃ​ទី​២៣ ខែឧសភា​នេះ​ថា បុរស​ម្នាក់​ឈ្មោះ មុំ រតនា មិនមែន​ជា​មន្ត្រី​សុរិយោដី​នោះ​ទេ រូបគេ​គ្រាន់តែ​ជា អ្នកស៊ីឈ្នួល​ដើរ​វាស់វែង​ដីធ្លី​ឱ្យ​ប្រជាពលរដ្ឋ​បាន​ប្រាក់​១​ថ្ងៃ​រស់​១​ថ្ងៃ​ប៉ុណ្ណោះ ហើយ​ក៏​គ្មាន​ប្រាក់ខែ​ត្រូវ​បើក​ឱ្យ​នោះ​ដែរ ។ ដូច្នេះ​បើ​ម្ចាស់​ដី​ចង់បាន​ប្លង់​រឹង​ឆាប់រហ័ស​មាន​តែ​ទៅ​ទាក់ទង​ខាង​ច្រក​ចេញចូល​តែ​មួយ​ប៉ុណ្ណោះ បើ​រង់ចាំ​បុរស​ខាងលើ​នោះ​គ្មាន​សង្ឃឹម​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ