រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សកាន់អំណាចបានបង្ហាញសុទិដិ្ឋនិយមថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៨ ខាងមុខនេះ អ្នកបោះឆ្នោតនឹងទៅបោះឆ្នោត ព្រោះជាសិទ្ធត្រូវប្រើក្នុងរយៈពេល៥ ឆ្នាំម្តង គប្បីមិនគួរបោះបង់សិទ្ធមួយនេះ ព្រោះវាជាឱកាស «ដើម្បីជ្រើសរើសមេដឹកនាំរបស់ខ្លួនដែលខ្លួនពេញចិត្តនោះ» ហើយសម្តេចក៏បានបង្ហាញក្តីសង្ឃឹមថា ក្មួយៗកម្មករ-កម្មការិនីនឹងបន្តការខិតខំបន្តទៀតជាមួយនឹងបក្សកាន់អំណាចក្នុងការរក្សានូវសុខ សន្តិភាពដើម្បីឲ្យប្រទេសបន្តការវិវឌ្ឍន៍ទៅមុខ ។
ថ្លែងនៅចំពោះមុខកម្មករ កម្មការិនីសរុប១៩,៩៤៩នាក់ មកពីរោងចក្រសហគ្រាសចំនួន១៧នៅក្នុងខេត្តកំពង់ស្ពឺ នាថ្ងៃទី២៣ ឧសភា ឆ្នាំ២០១៨នេះ សម្តេចបានអំពាវនាវឲ្យកម្មករបោះឆ្នោតឲ្យសម្តេចធ្វើជានាយករដ្ឋមន្ត្រីយ៉ាងហោច១០ឆ្នាំទៀត ជាពិសេស គឺបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជានោះកូនប្រុសពៅរបស់សម្តេច គឺ លោក ហ៊ុន ម៉ានី ដែលឈរឈ្មោះជាតំណាងរាស្ត្រខេត្តកំពង់ស្ពឺផងដែរ ព្រោះសម្តេចបញ្ជាក់អះអាងថា មានតែគណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់សម្តេចទើបអាចរក្សាបាននូវសុខសន្តិភាពព្រោះសម្តេច គឺមានឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ការបោះឆ្នោតខាងមុខនេះ ហើយគ្មានអ្នកដទៃមានលទ្ធភាពធ្វើបែបនេះបានទេ ។
សម្តេចអំពាវនាវថា «សុំក្មួយៗបោះឆ្នោតឲ្យគណបក្សប្រជាជនទៅបានជាប់កូនរបស់ពូឈរឈ្មោះនៅខេត្តកំពង់ស្ពឺ ឲ្យជួយមើលការខុសត្រូវខេត្តកំពង់ស្ពឺ» ។ សម្តេតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាមានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «ហើយវាងាយទេ ដើម្បីធានានូវការរក្សាសន្តិភាព និងការអភិវឌ្ឍន៍ គឺការបោះឆ្នោតឲ្យគណបក្សប្រជាជន ។ អានឹងជាការធានាមុតមាំខ្លាំងណាស់ ។ ព្រោះលើការជាក់ស្តែង អ្នកដែលកំពុងធានាឲ្យក្មួយៗសព្វថ្ងៃ គឺអ្នកដែលកំពុងតែនិយាយនឹង អ្នកដែលកំពុងនិយាយ ។ ហើយអ្នកនឹងក៏ត្រូវបន្ត បេក្ខភាពនាយករដ្ឋមន្ត្រីនៅពេលក្រោយ ។
ខ្ញុំសូមអភ័យទោសពីបណ្តាបក្សនយោយបាយនានា ទោះបីជាលើកមុនមិនទាន់ ចូលដល់ដំណាក់កាលនៃការចុះឈ្មោះខ្ញុំបាននិយាយរឿងនឹងដដែលដូចគ្នា ដូច្នេះមិនប្រកាន់ខឹងនឹងរូបសម្តេចទេ ព្រោះបក្សនយោបាយនានាក៏កំពុងដើរជួបជាមួយនឹងសកម្មជន ហើយក៏សុំអំពាវនាវឲ្យគេបោះឆ្នោតដែរ ។
សម្តេចតេជោ ហ៊ុន សែនបានថ្លែងបញ្ជាក់ថា «ហើយនេះមិនមែនជាដំណើរយុទ្ធនាការនៃការបោះឆ្នោតណាមួយនោះទេ ក៏ប៉ុន្តែនេះវាបានផ្តើមចេញពីស្ថានភាពមួយដែលពូត្រូវធ្វើដំណើរដើម្បីពិនិត្យស្ថានភាពជាក់ស្តែងនៃការវិវត្តនៃបញ្ហាភាពងាយស្រួល និងការលំបាកសម្រាប់កម្មករ-កម្មការិនីរបស់យើង និងសម្រាប់ការអភិវឌ្ឍន៍វិស័យឧស្សហកម្មរបស់យើង» ។ សង្ឃឹមថាក្មួយៗព្រមទាំងឪពុកម្តាយ និងក្រុមគ្រួសារទៅចូលរួមការបោះឆ្នោត ព្រោះនេះជាសិទ្ធត្រូវប្រើក្នុងរយៈពេល៥ឆ្នាំម្តង គប្បីមិនគួរបោះបង់សិទ្ធមួយនេះ «ដើម្បីជ្រើសរើសមេដឹកនាំរបស់ខ្លួន ដែលខ្លួនពេញចិត្តនោះទេ ។ អ្នកខ្លះអំពាវនាវកុំឲ្យប្រជាជនទៅបោះឆ្នោត ក៏ប៉ុន្តែនេះជាការបំពានទៅលើសិទ្ធ ។
នៅអូស្ត្រាលីមានច្បាប់ដោយឡែកមួយរបស់អូស្ត្រាលី គឺអូស្ត្រាលីកាលណាតែមិនទៅបោះឆ្នោត គឺគេដាក់ទោសដោយការផាកពិន័យតែម្តង ។ សម្តេចបានថ្លែងបញ្ជាក់ថា «ឯប្រទេសរបស់យើងទៅបោះឆ្នោត គឺជាការប្រើសិទ្ធ ជាការប្រើសិទ្ធសម្រាប់ការទៅបោះ ឬមិនទៅបោះ ។ ប៉ុន្តែខ្ញុំជឿជាក់ថា ប្រជាពលរដ្ឋរបស់យើង គឺមិនមើលរំលងទៅលើសិទ្ធរបស់ខ្លួនដែលខ្លួនមាននោះទេ ។ ខ្ញុំមិនជឿថា អ្នកដែលអំពាវនាវឲ្យប្រជាជនពហិការ មិនចូលរួមបោះឆ្នោត វានឹងក្លាយទៅជាចំនួនភាគច្រើននោះទេ ។ បើនិយាយពីចំនួនអ្នកគាំទ្រជាសមាជិក-សមាជិកា របស់បក្សកាន់អំណាចមានជាង៥លាននាក់ ក្នុងចំណោម ៨លាននាក់ បានចុះឈ្មោះបោះឆ្នោត ។ ប៉ុន្តែច្បាប់នៅលើលោកនេះអត់មានកំណត់ប៉ុន្មានភាគរយទៅបោះឆ្នោត ទើបវាគ្រប់កិច្ចនោះទេ ក៏ប៉ុន្តែខ្ញុំគ្រាន់តែឲ្យអ្នកភ្លឺភ្នែកថា គ្រាន់តែសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ។
សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ផ្តាំផ្ញើទៅលោក សម រង្ស៊ី និងអតីតថ្នាក់ដឹកនាំអតីតបក្សប្រឆាំងថា ៖ «អ្នកត្រូវចាំ មេបញ្ជាការទ័ព គេនៅក្បែរទ័ព ទើបគេអាចបញ្ជាកងទ័ពប្រយុទ្ធទៅរួច អ្នកទៅតាមអាហ្វេសប៊ុកទៅវាមិនរួចទេៗ» ៕
ចែករំលែកព័តមាននេះ