ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​ករណី​ឆបោក​ប្រាក់​អស់​ជិត​១០ម៉ឺន​ដុល្លារតាម​រយៈ​ការ​ផ្តល់​កម្ចី​របស់​ក្រុមហ៊ុន​ចិន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្មី​ៗ​នេះ ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក មាន​ស្ត្រី​ប្រកប​មុខរបរ​លក់​ផលិតផល​តាម​អន​ឡាញ​ម្នាក់​បាន​បង្ហោះ​វី​ដេ​អូ​ឃ្លី​ប​មួយ ដោយ​អំពាវនាវ​សុំ​ឲ្យ​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត…

រាជធានី​ភ្នំពេញ ៖ ថ្មី​ៗ​នេះ ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក មាន​ស្ត្រី​ប្រកប​មុខរបរ​លក់​ផលិតផល​តាម​អន​ឡាញ​ម្នាក់​បាន​បង្ហោះ​វី​ដេ​អូ​ឃ្លី​ប​មួយ ដោយ​អំពាវនាវ​សុំ​ឲ្យ​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន មេត្តា​អន្តរាគមន៍​ជួយ​ចាត់វិធានការ​ក្រុមហ៊ុន​ផ្តល់​កម្ចី​របស់​ចិន​មួយ​ចំនួន ដែល​កំពុង​មាន​សកម្មភាព​ដើរ​បោកប្រាស់​ប្រជាពលរដ្ឋ​ខ្មែរ​ស្លូតត្រង់ គ្រា​ដែល​អ្នកស្រី​បាន​លង់ខ្លួន​ចាញ់បោក​អស់ប្រាក់​ជិត​១០​ម៉ឺន​ដុល្លារ ហើយ​ត្រូវ​គេ​គំរាមកំហែង​ដល់​អាយុជីវិត​ថែម​ទៀត ។

បើ​តាម​ឯកសារ​លិខិត​ស្នាម និង​ការ​រៀបរាប់​ក្នុង​វី​ដេ​អូ​ឃ្លី​ប​នោះ អ្នកស្រី​មានឈ្មោះ ទូច ស្រី​ពៅ មុខរបរ​លក់​ផលិតផល​តាម​អន​ឡាញ មាន​ទីលំនៅ​ក្នុងភូមិ​បា​សាក់ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន កាន់​អត្តសញ្ញាណប័ណ្ណ​/​លិខិតឆ្លងដែន​លេខ​០១១០៤២៦៨១ ដែល​បាន​ខ្ចីប្រាក់​ពី​ក្រុមហ៊ុន​ផ្ដល់​ប្រាក់​កម្ចី​មួយ​ឈ្មោះ ហ៊ីង ស៊ី​ង និង​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត ។
ទោះជា​យ៉ាងណា សារព័ត៌មាន​កោះសន្តិភាព​ពុំ​ទាន់​ទទួល​បានការ​បកស្រាយ​បំភ្លឺ​ពី​ក្រុមហ៊ុន​នេះ​នៅឡើយ​ទេ ។

ក្នុង​វី​ដេ​អូ​ឃ្លី​ប អ្នកស្រី​បាន​រៀបរាប់​ពី​ការ​លង់ខ្លួន​ចាញ់បោក​ក្រុមហ៊ុន​ចិន​មួយ​នេះ ដោយ​ផ្ដើម​ពី​ការ​ខ្ចីប្រាក់​ដំបូង​ត្រឹមតែ​២​ពាន់​ដុល្លារ​ប៉ុណ្ណោះ ។ ក្រោយមក ស្ថានភាព​ក៏​កាន់តែ​ធ្ងន់​ទៅ​ៗ ដោយ​មាន​ក្រុមហ៊ុន​បែប​នេះ​ទាក់ទង​មក​ឲ្យ​អ្នកស្រី​ខ្ចី​លុយ​ជា​បន្ដបន្ទាប់​ប្រមាណ​ជា​៧​ទៅ​៨​ក្រុមហ៊ុន រហូត​ដល់​អ្នកស្រី​យក​លុយ​ពី​ក្រុម​គ្រួសារ និង​សាច់ញាតិ សង់​ឲ្យ​គេ​វិញ​រហូត​ដល់​៩៧.០០០​ដុល្លារ ហើយ​នៅ​តែ​មិន​ទាន់​ដោះបំណុល​គេ​រួច​ទៀត ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អ្នកស្រី​ត្រូវ​គេ​គំរាមកំហែង​ដល់​អាយុជីវិត​ថែម​ទៀត ខណៈ​ដែល​អ្នកស្រី​កំពុង​មាន​ផ្ទៃពោះ ។ ដូច្នេះ​ហើយ អ្នកស្រី​បាន​ចេញ​វី​ដេ​អូ​ឃ្លី​ប​នេះ​ផ្សព្វផ្សាយ​ជា​សាធារណៈ ដើម្បី​ឲ្យ​បាន​ជ្រាប​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច ពិសេស​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន មេត្តា​អន្តរាគមន៍ និង​ចាត់វិធានការ ដើម្បី​ចៀសវាង​ពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​ចាញ់បោក​ដូច​នាង​ទៀត ។

អ្នកស្រី​បាន​និយាយ​ថា ៖« អ្វី​ដែល​ខ្ញុំ​ចង់​ឲ្យ​សម្ដេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ជួយ​នោះ មិនមែន​ចង់បាន​លុយ​មក​វិញ ឬ​ឲ្យ​លោក​ទាំង​ពីរ​ជួយ​សង​ទេ គឺ​ចង់​ឲ្យ​ចាត់វិធានការ​ពួក​ចិន​រកស៊ី​ចងការ​ខុសច្បាប់ លើស​ពី​ការ​កំណត់​របស់​រាជរដ្ឋាភិបាល ព្រោះ​ពួក​គេ​ធ្វើបាប​ខ្មែរ​យើង​អស់​ច្រើន មិនមែន​មាន​តែ​ខ្ញុំ​ម្នាក់​ទេ ហើយ​ខ្ញុំ​ចេញ​វី​ដេ​អូ​ឃ្លី​ប​នេះ គឺ​សុខចិត្ត​ឲ្យ​គេ​ថា​ខ្ញុំ​ល្ងង់​ចុះ ព្រោះ​មិន​ចង់​ឲ្យ​បងប្អូន​ខ្មែរ​ស្លូតត្រង់​ចាញ់បោក​គេ​ដូច​ខ្ញុំ​ទៀត និង​ត្រូវ​ប្រុង​ប្រយ័ត្ន »​។​

អ្នកស្រី​ថា ៖« សុខចិត្ត​ឲ្យ​គេ​ថា​ខ្ញុំ​ល្ងង់ ខ្ញុំ​ហ៊ាន​ចេញ​វី​ដេ​អូ​ឃ្លី​ប​នេះ ដើម្បី​ឲ្យ​បងប្អូន​បានដឹង ហើយ​ត្រូវ​ប្រុង​ប្រយ័ត្ន កុំ​ឲ្យ​ជួប​រឿង​ដូច​ខ្ញុំ ។ បើ​ខ្ញុំ​ឆ្លាត​ជាង​ពួក​គេ ក៏​ខ្ញុំ​មិន​លង់ដល់​ថ្នាក់​ហ្នឹង​ដែរ ហើយ​មិនមែន​មាន​តែ​ខ្ញុំ​ទេ គឺ​មាន​ច្រើន​ណាស់ តែ​ពួក​គាត់​មិន​ហា​៊​ន​និយាយ​ប្រាប់​គេ ដោយសារ​ខ្លាច​គេ​ថា​ល្ងង់ » ។

បន្ទាប់​ពី​មានការ​ផ្សព្វផ្សាយ​បែប​នេះ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ដោយ​លើក​ឡើង​ថា កន្លង​ទៅ​ថ្មី​ៗ​នេះ មាន​ព័ត៌មាន និង​ការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម ពី​សកម្មភាព​ពាក់ព័ន្ធ​នឹង​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ (​ប្រាក់​កម្ចី​) ពី​គ្រឹះស្ថាន​នានា ដែល​អាច​នាំ​ឱ្យ​មានការ​ភ័ន្ត​ច្រឡំ និង​បង្ក​ជា​ផលវិបាក​ធ្ងន់ធ្ងរ​ដល់​អតិថិជន ។

សមាគម​បញ្ជាក់​ថា ដើម្បី​កំណត់​ថា តើ​គ្រឹះស្ថាន​មួយ​មានការ​ទទួលខុសត្រូវ​ដែរ​ឬទេ អតិថិជន​និង​សាធារណជន គួរ​ពិចារណា​នូវ​ចំណុច​សំខាន់​ៗ​មួយ​ចំនួន​ដូច​ខាងក្រោម ៖
១-​តើ​គ្រឹះស្ថាន​នោះ​មាន​អាជ្ញាប័ណ្ណ ឬ​ការ​អនុញ្ញាត​ឱ្យ​ប្រកប​អាជីវកម្ម​ត្រឹមត្រូវ និង​ជាក់លាក់​ដែរ​ឬទេ ?
២-​តើ​គ្រឹះស្ថាន​ផ្តល់​សេវាកម្ម​សម​ស្រប​ទៅ​តាម​តម្រូវការ និង​លទ្ធភាព​របស់​អ្នក​ដែរ​ឬទេ ?
៣-​តើ​គ្រឹះស្ថាន​ផ្តល់​ព័ត៌មាន​ដែល​មាន​តម្លាភាព​ពេញលេញ និង​ទាន់​ពេលវេលា​ដល់​អ្នក ដែរ​ឬទេ ?
៤-​តើ​គ្រឹះស្ថាន​កំណត់​អត្រា​ការ​ប្រាក់ និង​កម្រៃ​សេវា​នានា​សមរម្យ ដែល​អ្នក​អាច​ទទួលយក​បាន​ដែរ​ឬទេ ?
៥-​តើ​គ្រឹះស្ថាន​មាន​ផ្តល់​សេវា​អតិថិជន និង​យន្តការ​ដោះស្រាយ​បញ្ហា​ដល់​អ្នក​ដែរ​ឬទេ ?
នាយក​ប្រតិបត្តិ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​លោក យុន សុ​វ​ណ្ណា មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​២០ ឧសភា ថា សមាគម​បាន​ធ្វើការ​ជូនដំណឹង​ដូច​ខាងលើ ដើម្បី​ក្រើនរំឭក​សាធារណជន មុន​នឹង​សម្រេចចិត្ត​ប្រើ​សេវា​ហិរញ្ញវត្ថុ​នានា ជា​ពិសេស​កម្ចី ។ សមាគម​សង្ឃឹមថា អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ នឹង​ចាត់វិធានការ ព្រមទាំង​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ដើម្បី​ការពារ​សិទ្ធិ​អតិថិជន ។

លោក​បន្ត​ថា ៖« អ្នក​ផ្តល់​ប្រាក់​កម្ចី​ហ្នឹង ហាក់​មិន​បាន​ទទួល​អាជ្ញាប័ណ្ណ​ផ្តល់​សេវា​ឥណទាន​ពី​ធនាគារជាតិ​នៃ​កម្ពុជា និង​ប្រតិបត្តិការ​មិន​មាន​វិជ្ជាជីវៈ​ច្បាស់លាស់​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ។ អីចឹង​បញ្ហា​នេះ ខ្ញុំ​គិត​ថា វា​ប៉ះពាល់​ដល់​សេដ្ឋកិច្ច សង្គម​កម្ពុជា​ទាំងមូល នៅ​ពេល​ដែល​យើង​អត់​ដឹង​ថា គាត់​អត់​មាន​អាជ្ញាប័ណ្ណ​ពិតប្រាកដ​ត្រឹម​ត្រូវធ្វើ​អាជីវកម្ម ហើយ​គាត់​បាន​បោក​បញ្ឆោត ឬ​បញ្ចុះបញ្ចូល​អតិថិជន​ឱ្យ​ទទួល​សេវា​របស់​គាត់ ។ នៅ​ពេល​ប៉ះពាល់​ដល់​សង្គម និង​ជំនឿ​ចិត្ត​របស់​សាធារណជន ជា​ទូទៅ យើង​ជា​អ្នក​ការពារ​ផលប្រយោជន៍ ការពារ​និរន្តរភាព​វិស័យ​ហិរញ្ញវត្ថុ​នេះ ។ យើង​ត្រូវ​តែ​យកចិត្តទុកដាក់ ត្រួតពិនិត្យ​មើល និង​ឈ្វេងយល់​បន្ថែម​ថា មាន​អ្វី​ដែល​យើង​អាច​ធ្វើ​បាន » ។

លោក​បន្ត​ថា ៖« ក្នុង​ដំណាក់កាល​បឋម​នេះ យើង​ព្យាយាម​ផ្សព្វផ្សាយ​លើកកម្ពស់​ការ​យល់​ដឹង​របស់​បងប្អូន​ប្រជាពលរដ្ឋ ឱ្យ​គាត់​ពិនិត្យ​ពិចារណា​បាន​ច្បាស់លាស់​មុន​នឹង​ប្រើ​សេវា ។ យើង​សូម​អំពាវនាវ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​និង​ពាក់ព័ន្ធ ព្យាយាម​អនុវត្ត​តាម​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ដែល​មាន​ជា​ធរមាន ព្រមទាំង​សេចក្តីថ្លែងការណ៍​រួម​របស់​ធនាគារជាតិ​នៃ​កម្ពុជា និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​ឆ្នាំ​២០១៥ គឺ​អ្នក​ផ្តល់​សេវា ត្រូវ​តែ​ទៅ​សុំ​ការ​អនុញ្ញាត សុំ​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ពី​ធនាគារជាតិ​នៃ​កម្ពុជា » ។

លោក​បន្ត​ថា ៖« ចំពោះ​មុខ​ក្នុង​រយៈពេល​ខ្លី​ហ្នឹង ខ្ញុំ​សង្ឃឹមថា អាជ្ញាធរ​នឹង​ពិនិត្យ​មើល​ពី​ភាព​ស្របច្បាប់ និង​ថា​តើ​គ្រឹះស្ថាន ឬ​អ្នក​ផ្តល់​សេវា​ទៅ​នារី​រង​គ្រោះ​ហ្នឹង​ថា គាត់​មាន​អាជ្ញាប័ណ្ណ មានការ​អនុញ្ញាត​ត្រឹមត្រូវ​ហើយ​ឬ​អត់ ? បើសិនជា​មាន តើ​គាត់​គោរព​តាម​អាជ្ញាប័ណ្ណ និង​តម្រូវការ​នានា​ក្នុង​ការ​ផ្តល់​សេវា​គ្រប់គ្រាន់​ឬទេ​។ បើ​គាត់​មិន​គោរព​តាម​ច្បាប់ ឬ​អត់​មាន​អាជ្ញាប័ណ្ណ​ច្បាស់លាស់​ទេ មិន​គួរ​ណា​បណ្តោយ​ឱ្យ​គាត់​ផ្តល់​សេវា​មាន​លក្ខណៈ​បញ្ចុះបញ្ចូល ដែល​មាន​ចរិត​កេងប្រវ័ញ្ច​ពី​ប្រជាពលរដ្ឋ » ។

បើ​តាម​លោក​បណ្ឌិត ឃូ វុ​ឍ្ឍី អគ្គនាយករង​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា បាន​ឲ្យ​ដឹង​តាម​រយៈ​សារ​អេ​ឡេ​ិ​ច​ត្រូ​និក​ថា ៖« រឿង​នេះ​ពិត​ឬ​យ៉ាងណា មិន​ទាន់​មានការ​សន្និដ្ឋាន​អ្វី​នៅឡើយ​ទេ ចាំ​មើល​ថ្ងៃស្អែក (​ថ្ងៃ​ចន្ទ​) ឬ​ថ្ងៃ​អង្គារ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ