ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនធាន​រ៉ែ​នឹង​ក្លាយជា​វិស័យ​ថ្មី​មួយ​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ចកម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ធនធាន​រ៉ែ​ដ៏​សម្បូរ​បែប​របស់​កម្ពុជា នឹង​ក្លាយជា​កម្លាំង​ច​លករ​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​បន្ថែម​ទៀត តាម​រយៈ​ការ​ចាក់​ចូល​បន្ថែម​នូវ​មូលធន​ដល់​សេដ្ឋកិច្ច​កម្ពុ​ជានា​ពេល​អនាគត ។ ក្នុង​នោះ កម្ពុជា​នឹង​ទទួល​បាន​តំណក់​ប្រេង​លើក​ដំបូង​នៅ​ឆ្នាំ​២០១៩ និង​រ៉ែ​មាស នឹង​ទទួល​បាន​ផល​នៅ​ឆ្នាំ​២០១៩​ផង​ដែរ…

រាជធានី​ភ្នំពេញ ៖ ធនធាន​រ៉ែ​ដ៏​សម្បូរ​បែប​របស់​កម្ពុជា នឹង​ក្លាយជា​កម្លាំង​ច​លករ​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​បន្ថែម​ទៀត តាម​រយៈ​ការ​ចាក់​ចូល​បន្ថែម​នូវ​មូលធន​ដល់​សេដ្ឋកិច្ច​កម្ពុ​ជានា​ពេល​អនាគត ។ ក្នុង​នោះ កម្ពុជា​នឹង​ទទួល​បាន​តំណក់​ប្រេង​លើក​ដំបូង​នៅ​ឆ្នាំ​២០១៩ និង​រ៉ែ​មាស នឹង​ទទួល​បាន​ផល​នៅ​ឆ្នាំ​២០១៩​ផង​ដែរ ។

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុ​យ សែ​ម បាន​អះអាង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា កម្ពុជា​នឹង​ទទួល​បាន​តំណក់​ប្រេង​លើក​ដំបូង​នៅ​ឆ្នាំ​២០១៩​ខាង​មុខ ។ ជាមួយ​នេះ ក្រុមហ៊ុន​អន្តរជាតិ​មួយ ក៏​នឹង​ចាប់ផ្តើម​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នៅ​ឆ្នាំ​២០១៩ ផង​ដែរ ។

តាម​រយៈ​ការ​ចុះ​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល និង​ក្រុមហ៊ុន​KRISENERNY កាលពី​ពេល​ថ្មី​ៗ​នេះ ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធ​មុនី​រ័​ត្ន បាន​ឲ្យ​ដឹង​ថា កម្ពុជា​អាច​ទទួល​បាន​ចំណូល ប្រមាណ​៥០០​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ ពី​ធនធាន​រ៉ែ​របស់​ខ្លួន​នៅ​តំបន់​ប្លុក​អេ ។

ជាមួយនឹង​កំណើន​ទុនបម្រុង​អន្តរជាតិ និង​ចំណូល​ចរន្ត​ប្រចាំឆ្នាំ​របស់​ខ្លួន វា​ច្បាស់លាស់​ហើយ​ថា រាជរដ្ឋាភិបាល​នឹង​មាន​លទ្ធភាព​ចំណាយ​កាន់តែ​ច្រើន ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម​របស់​ខ្លួន តាម​រយៈ​ការ​ដំឡើង​ប្រាក់ខែ​ជូន​មន្ត្រីរាជការ​, ការ​ផ្តល់​សេវា​គាំពារ​សង្គម​ដល់​ស្ត្រី​ក្នុង​វិស័យ​វាយនភ័ណ្ឌ​កាត់ដេរ ដែល​សម្រាលកូន​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​៤០​ម៉ឺន​រៀល​សម្រាប់​កូនទោល​, ៨០​ម៉ឺន​រៀល​សម្រាប់​កូនភ្លោះ​២ និង​១,២​លាន​រៀល​សម្រាប់​កូនភ្លោះ​៣ ព្រមទាំង​ផ្តល់​សេវា​ពិនិត្យ និង​ព្យាបាល​ដោយ​ឥត​គិតថ្លៃ​ដល់​ស្ត្រី​ក្នុង​វិស័យ​ខាងលើ​នេះ និង​មន្ត្រីរាជការ​មួយ​ចំនួន​ទៀត ។

ថ្មី​ៗ​នេះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ក៏​បាន​ប្រកាស​ថា រាជរដ្ឋាភិបាល​នឹង​បង្កើន​ការ​ចំណាយ​ពី​២៣​ដល់​២៥% នៃ​ផលទុនជាតិ​សរុប​របស់​ខ្លួន ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា​នៅ​ឆ្នាំ​២០១៩​ខាង​មុខ ។
ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន Emerging Markets Consulting លោក ង៉ែត ជូ បាន​ថ្លែង​ថា ការ​ទទួល​បាន​ធនធាន​រ៉ែ ជា​រឿង​អបអរសាទរ​មួយ​សម្រាប់​រាជរដ្ឋាភិបាល ដែល​អាច​ទទួល​បាន​ធនធាន​កាន់តែ​ច្រើន​សម្រាប់​អភិវឌ្ឍន៍​ប្រទេស ប៉ុន្តែ​ច្បាប់​និង​ការ​រៀបចំ​យន្តការ​គ្រប់គ្រង​ធនធាន​រ៉ែ​ទាំងនោះ​នៅ​មាន​កម្រិត​នៅឡើយ​។ លោក​បន្ត​ថា ៖« ដោយសារ​យើង​នៅ​សល់​ពេល​ច្រើន ហេតុនេះ រាជរដ្ឋាភិបាល​គួរ​ពង្រឹង​ច្បាប់​បទដ្ឋាន​គតិ​យុ​ត្ត​នានា ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ការ​គ្រប់គ្រង និង​ទាញ​យក​ធនធាន​ទាំងនោះ​មក​ប្រើ​ឲ្យ​មាន​តម្លាភាព » ។

លោក​បន្ត​ថា ៖« ការ​គ្រប់គ្រង​ធនធាន​រ៉ែ​ទាំងនោះ​ឲ្យ​មាន​តម្លាភាព ពិតជា​មាន​សារសំខាន់​ណាស់ ដើម្បី​ធ្វើ​ឲ្យ​រដ្ឋាភិបាល​អាច​ប្រើប្រាស់​ថវិកា​បាន​ពី​ធនធានធម្មជាតិ​យក​មក​អភិវឌ្ឍន៍​ប្រទេស​បាន​ល្អ​ប្រសើរ » ។
ប្រធាន​ក្រុមប្រឹក្សាភិបាល​មជ្ឈមណ្ឌល​សិក្សាការ​អភិវឌ្ឍ លោក​បណ្ឌិត ម៉ី កល្យាណ បាន​ថ្លែង​ថា លោក​មិនសូវ​មាន​សុទិដ្ឋិនិយម​ពេក​ទេ ទាក់ទង​នឹង​ធនធាន​រ៉ែ ព្រោះ​កាលណា​បាន​លុយ​ច្រើន​អាច​នាំ​ឲ្យ​មានការ​ឈ្លោះ​គ្នា ឬ​បែកបាក់​នៅ​ក្នុង​សង្គម ។ លោក​បន្ត​ថា ដូច​នៅ​ប្រទេស​អាហ្វ្រិក​នានា​មាន​ធនធាន​រ៉ែ​ច្រើន ប៉ុន្តែ​ក៏​ជា​ប្រទេស​បែកបាក់ និង​ឈ្លោះ​គ្នា​ច្រើន ។

លោក​បន្ត​ថា ៖« យ៉ាងណា វា​ជា​រឿង​អបអរសាទរ ប៉ុន្តែ​រាជរដ្ឋាភិបាល​ក៏​គួរ​ប្រយ័ត្នប្រយែង​ក្នុង​ការ​ទាញ​យក និង​ប្រើប្រាស់​ធនធាន​ទាំងនោះ​ផង​ដែរ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ