ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​លើក​ឡើង​ជុំវិញគម្រោង​វិនិយោគ​របស់វៀតណាម​លើ​វិស័យ​កសិកម្មនៅ​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​១០ ឧសភា កន្លង​មក គណៈប្រតិភូ​នៃ​ក្រុមហ៊ុន FLC Group របស់​វៀតណាម បាន​ជួប​ជាមួយ​លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​១០ ឧសភា កន្លង​មក គណៈប្រតិភូ​នៃ​ក្រុមហ៊ុន FLC Group របស់​វៀតណាម បាន​ជួប​ជាមួយ​លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​គោលបំណង​ចង់​បោះទុន​វិនិយោគ​លើ​វិស័យ​កសិកម្ម​, ទេសចរណ៍​, អាកាសចរណ៍ និង​សណ្ឋាគារ ដោយ​បាន​ត្រៀម​ទុន​ប្រមាណ​១​ពាន់​លាន​ដុល្លារ​គ្រោង​នឹង​វិនិយោគ​នៅ​ឆ្នាំ​២០១៩​ខាង​មុខ ។ ដំណឹង​នេះ​កំពុង​ស្ថិត​ក្នុង​ចំណាប់អារម្មណ៍​របស់​ពលរដ្ឋ​កម្ពុជា ពិសេស​អ្នក​តាមដាន​បញ្ហា​វិវត្តន៍​នៃ​សង្គម និង​បាន​លើក​ឡើង​ពី​ចំណាប់អារម្មណ៍​ខុស​ៗ​គ្នា​ទៅ​តាម​ការ​យល់​ឃើញ​រៀង​ៗ​ខ្លួន ។

បើ​តាម​នាយិកា​អង្គការ​ជំនាញ​ខាង​កសិកម្ម សេ​ដាក យល់​ឃើញ​ថា គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​វៀតណាម​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​នេះ វា​ផ្តល់​ផល​អវិជ្ជមាន​ច្រើន​ជាង​វិជ្ជមាន ព្រោះ​កម្ពុជា​ក៏​ជា​ប្រទេស​កសិកម្ម​ដែរ ។

លោកស្រី តុង ចាន់​ធាង នាយិកា​អង្គការ​នេះ​មាន​ប្រសាសន៍​ថា ៖« គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​វៀតណាម​នេះ​មាន​ផល​អវិជ្ជមាន​ច្រើន ពីព្រោះ​ប្រទេស​យើង​ក៏​ជា​ប្រទេស​កសិកម្ម​ចម្បង​ដែរ ។ ថ្មី​ៗ​នេះ យើង​ឃើញ​គម្រោង​របស់​រដ្ឋាភិបាល ក៏​ដូច​ជា​វិស័យ​ឯកជន និង​អង្គការក្រៅរដ្ឋាភិបាល​មួយ​ចំនួន បាន​និង​កំពុងធ្វើការ​អភិវឌ្ឍ​នៅ​លើ​វិស័យ​កសិកម្ម​នេះ​មាន​ច្រើន​គួរសម ។ នៅ​ពេល​ខាង​មុខ បើ​មាន​គម្រោង​ធំ​របស់​ប្រទេស​ជិតខាង​មក​អនុវត្ត​លើ​ទឹកដី​កម្ពុជា​ទៀត វា​អាច​ប៉ះពាល់​ដល់​ការ​ប្រកួតប្រជែង​ផលិតផល​នៅ​លើ​ទីផ្សារ និង​ធនធាន​សម្រាប់​ប្រើប្រាស់ ជា​ពិសេស បើ​គាត់​អាច​ផលិត​បាន​នូវ​ផលិតផល​ល្អ ហើយ​មាន​តម្លៃ​ថោក​នោះ ធ្វើ​ឱ្យ​កសិករ​មិន​ទទួល​បាន​ប្រាក់​ចំណេញ​ទេ ព្រោះ​កសិករ​យើង​មាន​ភាព​ទន់ខ្សោយ​ទាំង​ទៅ​លើ​ធនធាន និង​ហេដ្ឋារចនាសម្ព័ន្ធ​ជា​មូលដ្ឋាន​គាំទ្រ​ដល់​ការ​ផលិត​រាល់​មុខ​ដំណាំ » ។

លោកស្រី​លើក​ឡើង​ថា ៖« កន្លង​មក កសិករ​កម្ពុជា​មានការ​យល់​ដឹង​ពី​បច្ចេកទេស និង​ធនធាន​ដែល​គាំទ្រ​ដល់​ការ​ផលិត ហាក់​នៅ​មាន​កម្រិត ។ ប៉ុន្តែ​ថ្មី​ៗ​នេះ យើង​ឃើញ​មានការ​ខិតខំ​ជំរុញ​អភិវឌ្ឍន៍​លើ​វិស័យ​កសិកម្ម​ទាំង​ដំណាំ​បន្លែ និង​ដំណាំ​ហូប​ផ្លែ តែបើ​យើង​ធៀប​នឹង​ប្រទេស​ជិតខាង បច្ចេកទេស​យើង​នៅ​ទាប​ជាងគេ ដោយសារ​យើង​កង្វះខាត​នូវ​កត្តា​មួយ​ចំនួន ជា​ពិសេស ទៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ ធារាសាស្ត្រ អគ្គិសនី ផ្លូវថ្នល់ រួម​នឹង​បច្ចេកទេស​ក្នុង​ការ​ដាំ​ដុះ » ។
ចំណែក​លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​ក្រុមហ៊ុន Emerging Markets Consulting បាន​បង្ហាញ​ពី​ការ​យល់​ឃើញ​ស្រ​ដៀង​គ្នា​នេះ​ដែរ ដោយ​លោក​លើក​ឡើង​ថា វា​ហាក់​មិន​ចំណេញ​អ្វី​ទេ ថែម​ទាំង​ធ្វើ​ឲ្យ​បាត់បង់​សមត្ថភាព​ប្រកួតប្រជែង​របស់​កសិករ​ក្នុងស្រុក​ទៀត​ផង ។

លោក​ថ្លែង​ថា ៖« បច្ចេកទេស​របស់​កសិករ​យើង​នៅ​ទាប​ណាស់ បើ​ធៀប​នឹង​វៀតណាម ក្រុមហ៊ុន​វៀតណាម​អាច​មាន​លទ្ធភាព​ទទួល​បាន​ប្រាក់​កម្ចី ដែល​មានការ​ប្រាក់​ទាប​ពី​ធនាគារ​វៀតណាម ។ បន្ថែម​លើ​ការ​បាត់បង់​សមត្ថភាព​ប្រកួតប្រជែង ក៏​អាច​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​ផលិតផល​ខ្មែរ​មាន​បញ្ហា​ដែរ ព្រោះ​ផលិតផល​វៀតណាម​ប្រើ​សារធាតុ​គីមី​ខ្លាំង​ពេក និង​ត្រូវ​បាន​សហគមន៍​អឺរ៉ុប​ដាក់​ក្នុង​បញ្ជីខ្មៅ » ។
លោក ច័ន្ទ សុផល នាយក​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ បាន​លើក​ឡើង​ថា ការ​ផ្គត់ផ្គង់​បន្លែ​របស់​វៀតណាម​មក​កម្ពុជា​សព្វថ្ងៃ ប្រៀប​ដូច​ទុយោ​ទឹក​ដ៏​ធំ​មួយ ដែល​ហូរ​ចូល​ពី​វៀតណាម ដូច្នេះ គេ [​វៀតណាម​] មិន​ផ្ដាច់​ទុយោ​នេះ​ចោល​ទេ ។

លោក ច័ន្ទ សុផល បាន​សរសេរ​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់​លោក​ថា ៖« ជា​រួម នៅ​ក្នុង​ប្រទេស​កម្ពុជា តម្រូវការ​បរិភោគ​បន្លែ​មាន​រាល់ថ្ងៃ ដូច​តម្រូវការ​បរិភោគ​ទឹក​អីចឹង ។ កន្លង​មក ការ​ផ្គត់ផ្គង់​បន្លែ​មួយ​ចំនួន​ធំ មាន​ជាប់លាប់​ជា​រៀងរាល់ថ្ងៃ​មក​ពី​ប្រទេស​វៀតណាម គឺ​ប្រៀប​ដូច​ជា​ទុយោ​ទឹកធំ​មួយ​បង្ហូរ​ចូល​ពី​វៀតណាម មក​ផ្សារ​លក់ដុំ​នៅ​កម្ពុជា​។ ការ​ផលិត​នៅ​កម្ពុជា នៅ​មាន​លក្ខណៈ​ជា​រដូវ​កាល​។ ជួន​មាន​ច្រើន ជួន​លើស​សល់​ចោល ហើយ​ជួនកាល​ខ្វះ មិន​ទាន់​ធានា​បាន​នូវ​បរិមាណ​គ្រប់គ្រាន់ និង​ទៀងទាត់ យក​ទៅ​ជំនួស​ឱ្យ​លំហូរ​ប្រចាំ​ថ្ងៃ​មក​ពី​វៀតណាម​នៅឡើយ ។ គេ​មិន​ផ្តាច់​ទុយោ​ទឹក​គេ​ចោល ហើយ​មក​ទិញ​ទឹក​ធុង​ម្តងម្កាល​ដែល​មិន​ទៀងទាត់​ទេ ។ ត្រង់នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​កសិករ​ខ្លះ​ស្រែ​កថា ខ្វះ​ទីផ្សារ » ។

លោក​បន្ដ​ថា ៖« ដំណោះស្រាយ គឺ​ទាល់តែ​មានការ​ផលិត និង​ផ្គត់ផ្គង់​ផលិតផល​ឱ្យ​បាន​ទៀងទាត់​សម្រាប់​៣៦៥​ថ្ងៃ​ក្នុង​១​ឆ្នាំ ។ ការ​ធ្វើ​ដូច្នេះ​បាន ទាល់តែ​មានការ​វិនិយោគ​ថែម​ទៀត​ប្រកបដោយ​បច្ចេកវិទ្យា​ទំនើប​ៗ​នៅ​តំបន់​ត្រជាក់​ផង និង​សម្របសម្រួល​ទីផ្សារ​ឱ្យ​បាន​សព្វ​ជ្រុងជ្រោយ ។ ក្នុង​ន័យធៀប គឺ​ត្រូវ​បង្កើត​ទុយោ​ទឹក​ថ្មី​មួយ ហើយ​ត្រូវ​ធានា​ឱ្យ​មានទឹក​ជាប់ ៣៦៥​ថ្ងៃ​ក្នុង​១​ឆ្នាំ » ។

បន្ទាប់​ពី​មានការ​លើក​ឡើង​ផ្សេង​ៗ​ជុំវិញ​បញ្ហា​នេះ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ទី​១៨ ឧសភា ដោយ​បាន​បញ្ជាក់​ថា អ្នក​វិនិយោគ​វៀតណាម​គ្រាន់តែ​បង្ហាញ​ពី​គោលបំណង​នៃ​ការ​បោះទុន​វិនិយោគ​លើ​វិស័យ​កសិកម្ម ផ្នែក​ដំណាំ​ស្បៀង​សុវត្ថិភាព​ប៉ុណ្ណោះ​។ គម្រោង​វិនិយោគ​ខាងលើ​នេះ​មិន​ទាន់​ចាប់ផ្តើម​នៅឡើយ​ទេ ព្រោះ​ភាគី​អ្នក​វិនិយោគ​មិន​ទាន់​ធ្វើការ​សិក្សា​បាន​ច្បាស់លាស់ ស្តី​ពី​ផែនការ​លើ​ការ​បោះទុន​វិនិយោគ​នៅឡើយ ហើយ​ប្រសិនបើ​គម្រោងការ​វិនិយោគ​នេះ​ដំណើរការ ក្រុមហ៊ុន​នឹង​សហការ​ជាមួយ​កសិករ​ដាំ​បន្លែ ផ្លែ​ឈើ រួម​ទាំង​សហគមន៍​កសិកម្ម ដោយ​ត្រូវ​អនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា ដើម្បី​ធ្វើការ​ផលិត​តាម​គោលការណ៍​កសិកម្មសរីរាង្គ ឬ​ការ​អនុវត្ត​កសិកម្ម​ល្អ (Good Agricultural Practice-GAP) សម្រាប់​ផ្គត់ផ្គង់​សណ្ឋាគារ កន្លែង​លម្ហែកាយ ទាំង​នៅ​កម្ពុជា និង​នៅ​ប្រទេស​វៀតណាម ។ ក្រុមហ៊ុន​នឹង​រៀបចំ​កសិដ្ឋាន​ដាំ​ដុះ​គំរូ ដើម្បី​បង្ហាញ​ឲ្យ​កសិករ​ធ្វើការ​ដាំ​ដុះ​តាម​បទដ្ឋាន​បច្ចេកទេស​សម​ស្រប ពូជ​មាន​ទិន្នផល​ខ្ពស់ ហើយ​ក្រុមហ៊ុន​នឹង​ប្រមូល​ទិញ​មក​វិញ ដើម្បី​បំពេញតម្រូវការ​ទីផ្សារ​តាម​គោលបំណង​ខាងលើ ។

ក្រសួង​បញ្ជាក់​ថា ៖« តាម​គោលការណ៍​របស់​រាជរដ្ឋាភិបាល ក្រុមហ៊ុន​ត្រូវ​លើក​សំណើសុំ​ការ​គាំទ្រ​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដោយ​ត្រូវ​ដាក់​ឆ្លង​កិច្ចប្រជុំ​អន្តរក្រសួង​ពិនិត្យ និង​ការ​វាយតម្លៃ​លើ​ផល​ប៉ះពាល់​នៃ​គម្រោង​វិនិយោគ ព្រមទាំង​ត្រូវ​មានការ​សម្រេច​ពី​រាជរដ្ឋាភិបាល​ផង​ដែរ ។ ចំពោះ​ការ​លើក​ឡើង​របស់​បណ្តាញ​ព័ត៌មាន​សង្គម​មួយ​ចំនួន​កន្លង​មក គឺជា​ការ​វិភាគ​មិន​ទាន់​គ្រប់​ជ្រុងជ្រោយ និង​ការ​ឈ្វេងយល់​ឲ្យ​បាន​ស៊ីជម្រៅ​ពី​គោលបំណង​នៃ​ការ​វិនិយោគ​នោះ​នៅឡើយ​ទេ » ។

ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ សង្ឃឹម​យ៉ាង​មុតមាំ​ថា សាធារណជន​ពិតជា​បាន​យល់​ច្បាស់​អំពី​អ្វី​ដែល​ក្រសួង​បាន​និង​កំពុង​ធ្វើ ហើយនឹង​ជម្រះ​បាន​នូវ​ការ​មន្ទិល​សង្ស័យ​នានា ដែល​បាន​លើក​ឡើង​តាម​បណ្តាញ​ព័ត៌មាន​សង្គម​មួយ​ចំនួន ដោយ​ឈរ​លើ​ការ​វិភាគ​មិន​បាន​ច្បាស់លាស់ និង​សូម​មេត្តា​ជឿជាក់​មក​លើ​រាជរដ្ឋាភិបាល ក្នុង​ការ​គ្រប់គ្រង​ការ​វិនិយោគ​មួយ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ