ខេត្តបាត់ដំបង ៖ ចោរ២នាក់ដែលដើរលួចតុ កៅអី តាមហាង និងតាមលំនៅឋាន នូវអ្វីគ្រប់យ៉ាងឱ្យតែយកបាន ត្រូវកម្លាំងបង្ការបង្ក្រាបនៃស្នងការដ្ឋានខេត្តស្រាវជ្រាវឃាត់ខ្លួនបាន កាលពីរសៀលថ្ងៃទី១៩ ឧសភា នៅចំណុចស្រែ១០០ ស្ថិតក្នុងសង្កាត់ស្លាកែត ក្រុងបាត់ដំបង និងបានរកឃើញវត្ថុតាងមួយចំនួនផងដែរ ។
លោក ឈឿង គឹមសុង នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានប្រាប់ថា ជនសង្ស័យទាំង២នាក់ ឈ្មោះវង្ស ណារិទ្ធ អាយុ២៦ឆ្នាំ និងម្នាក់ទៀតឈ្មោះធុច វិន អាយុ២៦ឆ្នាំ ទាំង២នាក់រស់នៅក្នុងភូមិដាំស្ពៃ សង្កាត់ស្លាកែត ។ លោកបានឲ្យដឹងថា ជនទាំង២នាក់ត្រូវបានកម្លាំងរបស់លោកឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពលួចគ្រឿងសង្ហារិមនៅក្នុងអាហារដ្ឋានមួយកន្លែងយីហោ «បុប្ផាជ្រៃកោង» ដែលស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ដែលម្ចាស់ឈ្មោះភី សុខ ភេទប្រុស អាយុ៤២ឆ្នាំ។ លោកគឹម សុង បានបញ្ជាក់ថា ជនទាំង២នាក់នេះធ្លាប់ប្រព្រឹត្តអំពើចោរកម្មច្រើនលើកច្រើនសា ហើយថែមទាំងថតជាប់សកម្មភាពលួចនេះ នៅក្នុងកាមេរ៉ាសុវត្ថិភាពម្ចាស់ហាងទៀតផង ។
លោកភី សុខ ម្ចាស់អាហារដ្ឋាន «បុប្ផាជ្រៃកោង» បានឱ្យដឹងថា គ្រឿងសង្ហារិមនៅក្នុងហាងរបស់លោកត្រូវចោរចូលលួចច្រើនលើកហើយ ។ ប៉ុន្តែដោយសារបាត់ញឹកពេក ទើបលោកបំពាក់កាមេរ៉ាសុវត្ថិភាពតែម្ដង ដើម្បីចាំតាមដានក្រុមចោរដែលពូកែចូលលួច ។ លោកភី សុខ បានប្រាប់ថា សកម្មភាពចោរចូលលួចតុ ក្តារ ឈើ និងលួចកៅអី២លើកចុងក្រោយនេះ បានជាប់រូបចោរនៅក្នុងកាមេរ៉ាសុវត្ថិភាពយ៉ាងច្បាស់ហើយលោកបានបង្ហាញសមត្ថកិច្ច ទើបមានការស្រាវជ្រាវឃាត់ខ្លួនជនដៃដល់បាន២នាក់ ។ បើតាមសកម្មភាពក្រុមចោរដែលជាប់ក្នុងកាមេរ៉ាសុវត្ថិភាព នៅពេលរំលងអធ្រាត្រលើកទី១ គេឃើញជនទាំង២នាក់បានចូលទៅក្នុងហាង រួចលើកជញ្ជូនយកតុ ក្តារ ឈើ ចំនួន៩ដុំចេញពីក្នុងហាងយ៉ាងគឃ្លើន ហើយដឹកតាមម៉ូតូដោយសុវត្តិភាព ។
ដោយឡែក សកម្មភាពលើកទី២ដែលជាលើកចុងក្រោយនេះ ដំបូងគេឃើញជនម្នាក់ស្លៀកខោអត់អាវ តែរុំមុខជិត បានដើរចូលទៅកន្លែងតុគិតលុយក្នុងហាង រួចបម្រុងលើកកៅអីហង្សតេ តែទំនងលើកមិនរួច ក៏ដើរចេញទៅក្រៅវិញ ដើម្បីហៅបក្សពួកម្នាក់ទៀត ដែលរង់ចាំនៅខាងក្រៅឲ្យជិះម៉ូតូចូលដឹកដល់ក្នុងហាង ហើយជិះចេញវិញដោយសុវត្ថិភាពទៀត ។ បើតាមថៅកែហាង លោកភី សុខ បាននិយាយថា តាមពិតក្រុមចោរនេះ បានចូលផឹកស៊ីក្នុងហាងរបស់លោកស្ទើររាល់យប់ ។ ពេលខ្លះ ពួកគេដើរចូលហាងទាំងពាក់មួកសុវត្ថិភាពទៀតផង ហើយដើរទៅអង្គុយនៅខ្យូសខាងក្រោយ មិនសូវអង្គុយខាងមុខទេ តែលោកមិនដែលចាប់អារម្មរណ៍ឡើយ ។
លោកបានបញ្ជាក់ថា ដោយសារបាត់ហង្សតេលើកចុងក្រោយ ហើយពិនិត្យកាមេរ៉ាសុវត្ថិភាពឃើញជន សង្ស័យម្នាក់ពាក់មួកសុវត្ថិភាព ទើបចាប់អារម្មណ៍លើម៉ូយមួយក្រុម ដែលតែងចូលហាងពាក់មួកនេះដែរ ក៏បង្ហាញតម្រុយនេះដល់សមត្ថកិច្ច រហូតឈានដល់ការឃាត់ខ្លួនតែម្ដង ។
ជាមួយនឹងការឃាត់ខ្លួននេះ បើតាមលោកឈឿង គឹមសុង បានប្រាប់ថា សមត្ថកិច្ចដកហូតបាននូវវត្ថុតាងរួមមាន ហង្សតេចំនួន៣ កៅអីឈើ៣ និងរូបចម្លាក់ត្រីចំនួន២ ។ លោកបានបន្ថែមថា បច្ចុប្បន្នមន្ត្រីជំនាញកំពុងសួរនាំជនសង្ស័យ ដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាការតាមនីតិវិធីច្បាប់ហើយ ៕
ចែករំលែកព័តមាននេះ