ខេត្តកំពង់ឆ្នាំង ៖ អ្នកដាំបន្លែលើទឹក បាននិយាយថា បន្ទាប់ពីមានការផ្សព្វផ្សាយពីសុវត្ថិភាពចំណីអាហារតាមប្រព័ន្ធផ្សព្វផ្សាយនានាជាហូរហែមកឃើញថា ពលរដ្ឋបានយល់ដឹងច្រើនទាក់ទងនឹងការជ្រើសរើសបន្លែបង្ការដើម្បីទទួលទាន ក្នុងនោះបន្លែលើទឹក កំពុងទទួលបានការគាំទ្រច្រើន ។
លោក យង់ សារីម អ្នកជំនាញដាំបន្លែលើទឹក បានប្រាប់កោះសន្ដិភាពថា បច្ចុប្បន្ននេះ មានអតិថិជនកាន់តែច្រើន ទាំងអ្នកទិញយកទៅបរិភោគ អ្នកយកទៅលក់បន្ដ និងអ្នកចង់មករៀនពីបច្ចេកទេសដាំដុះ បានមកទិញ និងទាក់ទងលោក ហើយអ្នកខ្លះទៀតចង់ឲ្យលោកទៅដំឡើងសួនឲ្យពួកគេនៅខេត្តផ្សេងៗទៀត ប៉ុន្តែលោកពុំមានពេលទំនេរ ។
លោកថា ៖« ដោយសារតែសព្វថ្ងៃនេះ ការផ្គត់ផ្គង់បន្លែលើទីផ្សារគ្មានប្រភពច្បាស់លាស់ និងភាគច្រើននាំចូលពីប្រទេសជិតខាងដែលសម្បូរដោយសារធាតុគីមី នៅពេលទិញយកទៅបរិភោគនាំឲ្យកើតជំងឺប្លែកៗ និងមានការផ្សព្វផ្សាយពីបណ្ដាញសារព័ត៌មាននានា ទើបធ្វើឲ្យពលរដ្ឋយល់ដឹងច្រើនទាក់ទងនឹងសុវត្ថិភាពចំណីអាហារ ។ ហេតុនេះហើយ ពួកគាត់ហាក់ងាកមកចាប់អារម្មណ៍លើបន្លែធម្មជាតិកាន់តែច្រើន » ។
លោកបញ្ជាក់ថា គិតមកដល់ពេលនេះ លោកបានទទួលសិស្សមួយចំនួនហើយ ហើយសិស្សទាំងនោះបានទូរស័ព្ទប្រាប់ថា ពួកគេបានទទួលលទ្ធផលល្អ ប៉ុន្តែពួកគេចាប់ផ្តើមដាំក្នុងធុងស្នោនៅឡើយ មិនទាន់ហ៊ានចំណាយដើមទុនធំទេ ។
លោកបន្ដថា ៖« ថ្មីៗនេះ ក៏មានអ្នកខេត្តសៀមរាប បានទាក់ទងឲ្យខ្ញុំទៅដំឡើងសួនដាំបន្លែលើទឹកឲ្យគេដែរ ប៉ុន្តែខ្ញុំគ្មានពេលទំនេរសោះ ។ ចំពោះអ្នកបរិភោគវិញ សព្វថ្ងៃនេះ មានអ្នកមកទិញច្រើនណាស់ គឺមកទិញដល់ផ្ទះ និងខ្លះទៀតកុម្មង់យកទៅដល់ខេត្ត » ។
លោកបញ្ជាក់ថា ៖« ចំពោះអ្នកធ្លាប់បរិភោគបន្លែលើទឹកហើយ គឺមិនចង់ហូបបន្លែផ្សេងទៀតទេ ទោះបីជាបន្លែលើទឹកថ្លៃបន្តិចមែនក៏ដោយ » ។
លោកសូមផ្ញើសារដល់បងប្អូនកសិករ មន្ត្រីរាជការទាំងឡាយ ដែលមានពេលទំនេរ គួររៀនដាំបន្លែលើទឹក ព្រោះការដាំបន្លែលើទឹកនេះ មិនរើសទីកន្លែងទេ យើងអាចដាំតាមរបង ឬដាំធ្វើជាសួនច្បារសម្រាប់លំហែកាយក៏បាន ។ នៅពេលត្រឡប់ពីធ្វើការវិញ យើងឃើញសួនបន្លែរបស់យើង គឺអាចឲ្យយើងធូរស្បើយពីការនឿយហត់ និងអាចជាបន្លែបរិភោគដែលគ្មានសារធាតុគីមី ហើយងាយស្រួលក្នុងការដាំដុះទៀតផង ។
លោកបានបង្ហើបពីបច្ចេកទេសដាំថា ការដាំបន្លែលើទឹក គឺសំខាន់ណាស់ត្រូវតែមានទឹកស្អាតល្អ ដែលមានកម្រិតអាស៊ីតពី៥,៨ ទៅ៦,៥ ទើបដាំបាន ដោយមិនអាចប្រើប្រាស់ទឹកផ្តេសផ្តាសបានទេ ។ ការដាំបន្លែលើទឹក តាមស្តង់ដា គឺស្ពៃ១គុម្ព ចំណាយទឹកតែ២លីត្រទេ យើងដាក់ទឹកក្នុងពាងសម្រាប់បូមចេញ និងបង្ហូរចូលវិញ គឺលៃឲ្យត្រូវទៅតាមទំហំសួនរបស់យើងទៅ នឹងទទួលបានជោគជ័យហើយ ។ ចំពោះបន្លែវិញ គ្មានសារធាតុគីមី ហើយមានរសជាតិឆ្ងាញ់ជាងបន្លែធម្មតា ។ ជាមួយគ្នានេះ បន្លែលើទឹក ក៏មានសារធាតុរ៉ែផងដែរ ។ ចំពោះពូជបន្លែលើទឹកទាំងអស់ លោកត្រូវទិញពូជ (គ្រាប់) ពីបរទេសទាំងអស់ ប៉ុន្តែពេលបានផល គឺលក់ក្នុង១គីឡូក្រាមថ្លៃ៣ដុល្លារ ឬស្មើ១២.០០០រៀល ៕
ចែករំលែកព័តមាននេះ