រាជធានីភ្នំពេញ ៖ នាដការបាំបុរាណនាង ចាប ចំរើនតុលា បានបង្ហាញមោនភាពយ៉ាងខ្លាំង ចំពោះការសម្តែងរបាំព្រះរាជទ្រព្យនៅបណ្តាប្រទេសមួយចំនួនក្នុងទ្វីបអឺរ៉ុប ។
របាំព្រះរាជទ្រព្យដែលសម្ដែងរឿង «វឌ្ឍនាទេវី» ត្រូវបានយកទៅផ្សព្វផ្សាយនៅតាមបណ្តាប្រទេសមួយចំនួននាទ្វីបអឺរ៉ុប ក្រោមការដឹកនាំរបស់សម្តេចព្រះរៀមនរោត្តម បុប្ផាទេវី ចាប់ពីថ្ងៃទី៧ ខែឧសភា រហូតដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ ។
ក្នុងនាមជានាដកាដែលចូលរួមក្នុងការសម្តែងនេះ ចាប ចំរើនតុលា បានបង្ហាញក្តីរីករាយក្នុងពេលដែលមហាជនគាំទ្រការសម្តែង ទាំងការក្រោកឈរ និងទះដៃសាទរនៅពេលដែលការសម្តែងបានបញ្ចប់ ។ ម្រាប់ការសម្តែងមានចំនួន៧ដង គឺចាប់តាំងពីថ្ងៃទី៧ រហូតដល់ថ្ងៃទី២៥ ខែឧសភា ទើបចប់ បន្ទាប់ពីការសម្តែងបាន២ដងរួចមកហើយ គឺនៅប្រទេសស្វ៊ីស ហើយការសម្តែងបន្ទាប់គឺនៅប្រទេសបារាំង ។
ចាប ចំរើនតុលា និយាយថា «យើងជឿថាយើងអាចធ្វើបាន ! មិនថាយើងនៅទីណាទេ យើងនៅតែអាចបង្ហាញពីភាពវិជ្ជមានរបស់ប្រទេសយើង ធ្វើឲ្យពិភពលោកស្គាល់ខ្មែរកាន់តែច្បាស់ យល់ពីវប្បធម៌ខ្មែរដ៏ប្រពៃ ។ ក្នុងនាមជានាដការបាំព្រះរាជទ្រព្យ ជាគ្រូបង្ហាត់របាំ ជាប្រជាជនខ្មែរមួយរូបនឹងចូលរួមពេញទីក្នុងការផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរទៅតាមសមត្ថភាព ។ នេះគឺជាការងាររបស់ពួកយើង។ ទាំងអស់គ្នាគឺប្រឹងទៅតាមសមត្ថភាព រៀងៗខ្លួន ដើម្បីថែរក្សានូវអ្វីដែលខ្លួនស្រលាញ់ ទោះបីមានមនុស្សមួយចំនួនមិនឲ្យតម្លៃ តែយើងជាអ្នកឲ្យតម្លៃខ្លួនឯង »។
ជារឿងមួយគួរឲ្យមានមោទនភាពជាតិ ដែលប្រទេសកម្ពុជាយើងបាននាំយកល្ខោនហ្លួង ឬគេហៅថា ល្ខោន ឬរបាំព្រះរាជទ្រព្យយកទៅសម្តែងនៅប្រទេស ធំៗចំនួន៣ មានដូចជាប្រទេសស៊្វិស ចិន និងបារាំង ។ ការចេញទៅសម្តែងនេះជាការដឹកនាំដោយសម្តេចព្រះរៀម នរោត្តម បុប្ផាទេវី ។
ការសម្តែងល្ខោនហ្លួងមានឈ្មោះថា «វឌ្ឍនាទេវី» នេះ ជាល្ខោនដកស្រង់ចេញពីរឿងនិទានរបស់ប្រទេសក្រិក ជាល្ខោនមួយក្នុងចំណោមល្ខោនជាច្រើន ដែលមាននៅសម័យហ្លួងស៊ីសុវត្ថិ ហើយបានបាត់បង់ទៅ ប៉ុន្តែត្រូវសម្តេចព្រះរៀមនរោត្តម បុប្ផាទេវី រៀបចំដំឡើងឡើងវិញ និងដឹកនាំសម្តែងជាថ្មី ។
ការបង្ហាញវត្តមានរបាំព្រះរាជទ្រព្យរបស់ខ្មែរនាពេលនេះ គឺជាការបន្សាបទៅវិញនូវមតិរិះគន់មួយចំនួនថា កម្ពុជាមិនបានយកចិត្តទុកដាក់ជំរុញការផ្សព្វផ្សាយសិល្បៈបុរាណខ្មែរនៅក្រៅប្រទេស ក្នុងពេលដែលប្រទេសថៃបាននាំយករបាំបុរាណយកទៅបង្ហាញនៅទ្វីបអឺរ៉ុបកាលពីពេល ថ្មីៗកន្លងមក ៕
ចែករំលែកព័តមាននេះ