ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ដាំ​បន្លែ​លើ​ទឹក​មោទនភាព​កាន់តែ​ខ្លាំង ពេល​អតិថិជន​ត្រូវការ​កាន់តែ​ច្រើន

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ លោក យង់​សារី​ម ជា​អ្នក​ដាំ​បន្លែ​លើ​ទឹក បាន​ប្រាប់​ឲ្យ​ដឹង​ថា បន្ទាប់​ពី​មានការ​ផ្សព្វផ្សាយ​តាម​រយៈ​សារព័ត៌មាន កោះសន្តិភាព ស្ដី​អំពី​ការ​ដាំ​បន្លែ​លើ​ទឹក​របស់​គាត់រួច​មក បច្ចុប្បន្ន​មាន​អតិថិជន​គាំទ្រ​កាន់តែ​ច្រើន…

ខេត្តកំពង់ឆ្នាំង ៖ លោក យង់​សារី​ម ជា​អ្នក​ដាំ​បន្លែ​លើ​ទឹក បាន​ប្រាប់​ឲ្យ​ដឹង​ថា បន្ទាប់​ពី​មានការ​ផ្សព្វផ្សាយ​តាម​រយៈ​សារព័ត៌មាន កោះសន្តិភាព ស្ដី​អំពី​ការ​ដាំ​បន្លែ​លើ​ទឹក​របស់​គាត់រួច​មក បច្ចុប្បន្ន​មាន​អតិថិជន​គាំទ្រ​កាន់តែ​ច្រើន ទាំង​អ្នកទិញ​យក​ទៅ​បរិភោគ និង​ទាំង​អ្នក​ចង់​មក​រៀន បច្ចេកទេស​ដាំ​ពី​គាត់​។ ពិសេស​ទៀត ខ្លះ​ចង់​ឲ្យ​គាត់​ទៅ​ដំឡើង​សួន​ឲ្យ​គេ​នៅ​ខេត្ត​ផ្សេង​ៗ​ទៀត តែ​គាត់​គ្មាន​ពេលទំនេរ​។ សូម​បញ្ជាក់​ថា លោក យង់ សារី​ម មាន​ទីលំនៅ​ភូមិ​ស្រែ​តា​ជៃ ឃុំ​អភិវឌ្ឍន៍ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង គាត់​ជា​មន្ត្រី​នៃ​ការិយាល័យ​អប់រំ​យុវជន និង​កីឡា ស្រុក​ទឹកផុស តែ​ឆ្លៀតពេល​ទំនេរ គាត់​បាន​ចាប់​យកមុខ​របរ​ដាំ​បន្លែ​លើ​ទឹក​នេះ ដើម្បី​បង្កើន​ជីវភាព​គ្រួសារ​។ លោក យង់ សារី​ម បាន​បញ្ជាក់​ថា គាត់​បាន​ទទួល​សិស្ស​មក​បង្ហាត់បង្រៀន​ចំនួន ៤-៥ នាក់ ហើយ​កន្លង​ទៅ​នេះ សិស្ស​ទាំងនោះ​បាន​ទូរ​សព្ទ័​មក​ប្រាប់​ថា បាន​ទទួលលទ្ធផល​ល្អ​ហើយ ប៉ុន្តែ​ពួក​គេ​ចាប់ផ្តើម ដាំ​ក្នុង​ធុង​ស្នោ​នៅឡើយ​ទេ មិន​ទាន់​ហ៊ាន​ចំណាយ​ដើមទុន​ធំ​ឡើយ​។

កន្លង​ទៅ​នេះ​ក៏​មាន អ្នក​ខេត្តសៀមរាប បាន​ឲ្យ​គាត់​ទៅ​ដំឡើង សួន​ដាំ​បន្លែ​លើ​ទឹក​នេះ​ដែរ តែ​គាត់​មិន​មាន​ពេលទំនេរ​ទៅ​ឡើយ ។ ចំពោះ​អ្នក​បរិភោគ​វិញ សព្វ​ថ្ងៃនេះ​មាន​អ្នក​មក​ទិញ​ច្រើន​ណាស់ មក​ទិញ​ដល់​ៗ​ផ្ទះ និង​ខ្លះ​ទៀត កុម្ម​ង់​យក​ទៅ​ឲ្យ​ដល់​ខេត្ត​។ ចំពោះ​អ្នក​ធ្លាប់​បរិភោគ​បន្លែ​លើ​ទឹក ហើយ​មិន​ចង់​ហូប​បន្លែ​ផ្សេង​ទៀត​ឡើយ ទោះ​បន្លែ​លើ​ទឹក​របស់​គាត់​ថ្លៃ​បន្តិច​មែន​។ គាត់​បាន​និយាយ​ក្នុង​មោទនភាព​ថា សូម​ប្អូន​កសិករ មន្ត្រីរាជការ​ទាំងឡាយ ដែល​មាន​ពេលទំនេរ គួរ​រៀន​ដាំ​បន្លែ​លើ​ទឹក ព្រោះ​ការ​ដាំ​បន្លែ​លើ​ទឹក​នេះ មិន​រើស​ទីកន្លែង​ទេ អាច​ដាំ​តាម​របង ឬ​ដាំ​ធ្វើ​ជា​សួនច្បារ សម្រាប់​លំហែកាយ​ក៏​បាន​។ នៅ​ពេល​យើង​ត្រឡប់​ពី​ធ្វើការ​វិញ​យើង​ឃើញ​សួន​បន្លែ​របស់​យើង អាច​ឲ្យ​យើង​ធូរស្បើយ​ពី​ការ នឿយហត់ និង​អាច​ជា​បន្លែ​បរិភោគ​ដែល​គ្មាន​សារធាតុ​គីមី ហើយ​ងាយស្រួល​ក្នុង​ការ​ដាំ​ទៀត​ផង​។

ពាក់ព័ន្ធ​នឹង​បច្ចេកទេស​ដាំ លោក យង់ សារី​ម បាន​និយាយ​ដោយ​មិន​លាក់បាំង​ថា សំខាន់​ទឹក​ត្រូវ​តែ​មានទឹក​ស្អាត​ល្អ​ដែល​មាន​កម្រិត​អាស៊ីត ៥.៨ ទៅ​៦.៥ ទើប​ដាំ​បាន ដោយ​មិន​អាច​ប្រើប្រាស់​ទឹក​ផ្តេ​ស​ផ្សា​សបាន​ទេ​។ ការ​ដាំ​បន្លែ​លើ​ទឹក តាម​ស្តង់ដា ស្ពៃ​១​គុម្ព ចំណាយ​ទឹកតែ​២​លី​ត្រ​ទេ យើង​ដាក់​ទឹក​ក្នុង​ពាង​សម្រាប់​បូម​ចេញ និង​បង្ហូរ​ចូល​វិញ លៃ​ឲ្យ​ត្រូវ​ទៅ​តាម​ទំហំ​សួន​របស់​យើង​ទៅ​នឹង​ទទួល​បាន​ជោគជ័យ​ហើយ​។ ចំពោះ​បន្លែ​វិញ គ្មាន​សារ​ធា​តិ​គីមី ហើយ​មាន​រសជាតិ​ឆ្ងាញ់​ជាង​បន្លែ​ធម្មតា ជាមួយ​គ្នា​នេះ​បន្លែ​លើ​ទឹក​ក៏​មាន​សា​ធាតុ​រ៉ែ ផង​ដែរ​។ ចំពោះ​ពូជ​បន្លែ​លើ​ទឹក​ទាំងអស់ លោក​ត្រូវ​ទិញ​ពូជ​(​គ្រាប់​) ពី​បរទេស​ទាំងអស់ ប៉ុន្តែ​ពេល​បាន​ផល​លក់​ក្នុង​១​គីឡូក្រាម​ថ្លៃ​៣​ដុល្លារ ឬ​ស្មើ​១២.០០០​រៀល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ