ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​សម្រេច​ឃុំខ្លួន ចោរលួច​គាស់​ផ្ទះ​លួច​ទូរស័ព្ទ​បាន​ជិត​១០០​គ្រឿង

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ នៅ​ល្ងាច​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៨ លោក ទី សំណាង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន…

ខេត្តកណ្តាល ៖ នៅ​ល្ងាច​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៨ លោក ទី សំណាង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន ចោរលួច​គាស់​ទូរស័ព្ទ​បាន​ជិត​១០០​គ្រឿង​នៅ​ក្រុង​តា​ខ្មៅ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន ពី​បទ​”​លួច​មាន​ស្ថាន​ទម្ងន់ទោស​” ដែល​ប្រព្រឹត្ត​នៅ​ភូមិ​ថ្មី សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៨ តាម​មាត្រា​៣៥៣ និង​មាត្រា​៣៥៧ នៃ​ក្រមព្រហ្មទណ្ឌ​។ បទល្មើស​នេះ​កំណត់​ផ្តន្ទាទោស​ពី​៣(​បី​)​ឆ្នាំ ទៅ​១០(​ដប់​)​ឆ្នាំ​។ ជន​ត្រូវ​ចោទ​ទី​០១,​ឈ្មោះ ម៉ៅ វិទូ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ​មិន​ពិតប្រាកដ ទី​០២,​ឈ្មោះ គី ប៊ុ​ន​អេ​ង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល ភូមិ​១​សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ​មិន​ពិតប្រាកដ​។

ចំណែក​ជន​រង​គ្រោះ​មានឈ្មោះ ចេ​ប ចាន់​រី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​លក់​ទូរស័ព្ទ ចំណុច​ភូមិ​ថ្មី សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។ សមត្ថកិច្ច​អាវុធហត្ថ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០១៨ កម្លាំង​កងរាជអាវុធហត្ថ បាន​ចាប់​ជនសង្ស័យ​ឈ្មោះ គី ប៊ុ​ន​អេ​ង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល ភូមិ​១​សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ​មិន​ពិតប្រាកដ ត្រង់​នៅ​ចំណុច​ស្ពានដែក ភូមិ​ឫស្សី សង្កាត់​ស្ទឹង​មាន​ជ​យ័​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ព្រមទាំង​ម៉ូតូ​មួយ​គ្រឿង​ម៉ាក Honda dream C125 ពណ៌​ខ្មៅ ស៊េរី​២០១៤ ស្លាក​លេខ ភ្នំពេញ 1CG-1272 និង​ទូរស័ព្ទ​ចំនួន​៤​គ្រឿង​។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​កងរាជអាវុធហត្ថ ជនសង្ស័យ បាន​ឆ្លើយ​សារភាព​ថា ឈ្មោះ ម៉ៅ វិទូ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ​មិន​ពិតប្រាកដ ជា​អ្នក​ធ្វើ​សកម្មភាព​ចូល​កាត់​សោ និង​គាស់​ផ្ទះ​ចូល​យក​ទូរស័ព្ទ​ប្រមាណ​ជិត​១០០​គ្រឿង យក​មក​ចែក​គ្នា រួច​នាំ​គ្នា​គេចខ្លួន​ជា​បន្ទាប់​រហូត​ដល់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​។

សមត្ថកិច្ច​អាវុធហត្ថ​បន្ត​ថា លុះ​នៅ​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០១៨ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកណ្តាល និង​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ម៉ៅ វិទូ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ នៅ​ចំណុច​ផ្លូវ​៦០​ម៉ែត្រ ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ព្រមទាំង​ដកហូត​ទូរស័ព្ទ​១​គ្រឿង​។ រួច​បន្ត​ចុះ​ឆែកឆេរ​បន្ទប់​ជួល​របស់​ជនសង្ស័យ​ឈ្មោះ គី ប៊ុ​ន​អេ​ង ចំនួន​២​បន្ទប់ នៅ​ចំណុច​ភូមិ​លេខ​១ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ រក​ឃើញ​វត្ថុ​តាង​រួម​មាន ៖ ទូរ​សព្ទ័​ដៃ​ចំនួន​៤៤​គ្រឿង ម៉ាក IPhone​ចំនួន​២​គ្រឿង ម៉ាក Samsung ចំនួន​១​គ្រឿង ម៉ាក Huawei ចំនួន​១៥​គ្រឿង ម៉ាក Hiya ចំនួន​៥ គ្រឿង ម៉ាក Moto ចំនួន​៣​គ្រឿង ម៉ាក Camfone ចំនួន​៤​គ្រឿង ម៉ាក Nokia អ៊ិ​ន​ចុច​ពិល ចំនួន ៦ គ្រឿង Nokei ថា​ច់​២​គ្រឿង ម៉ាក Meizu ចំនួន​៥​គ្រឿង និង​ម៉ាក Telego ១ គ្រឿង​។

លុះ​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០១៨ កម្លាំង​ជំនាញ​ខេត្តកណ្តាល ស្រុក​អង្គស្នួល និង​អាជ្ញាធរ​ដែនដី បាន​ធ្វើការ​ឃាត់ខ្លួន​ជន​ស​ង្ស​យ័​ពីរ​នាក់​បន្ថែម​ទៀត ១/​ឈ្មោះ ស្រី ចាន់​រ៉ា ភេទ​ស្រី អាយុ​៣៤​ឆ្នាំ មុខរបរ​មេផ្ទះ (​អតីត​ប្រពន្ធ​ជនសង្ស័យ គី ប៊ុ​ន​អេ​ង​) ពី​បទ​ទទួលផល​ចោរកម្ម ២/​ឈ្មោះ ចំរើន រតនា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​កម្មករ (​ប្តី​ចុង​) ករណី​រក្សា​ទុក និង​ប្រើប្រាស់​គ្រឿងញៀន ជាក់ស្តែង នៅ​ចំណុច​ផ្ទះ​ជួល បន្ទប់​លេខ​BO 04 ភូមិ​ថ្នល់ទទឹង​ឃុំ ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

គួរ​រំលឹក​ថា​កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​យប់ ថ្ងៃ​ព្រហស្បតិ៍​១១​រោច ខែ​ពិសាខ ឆ្នាំច សំរឹទ្ធិ​ស​ក័ ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៨ ចំណុច​ភូមិ​ថ្មី សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល នៅផ្ទះ​ជន​រង​គ្រោះ​ឈ្មោះ ចេ​ប ចាន់​រី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​លក់​ទូរស័ព្ទ ត្រូវ​បាន​ចោរ​គាស់​ផ្ទះ​ចូល​លួច​យក​ទូរស័ព្ទ​ដៃ​ប្រហែល​៩០​គ្រឿង គិត​ជា​ទឹកប្រាក់​ប្រហែល ១៣.០០០​ដុល្លារ បាត់បង់​ប្រាក់​រៀល​១​លាន​៥០​ម៉ឺន​រៀល ប្រាក់​ដុល្លារ​ប្រហែល​៧០​ដុល្លារ សរុប​ជា​ទឹកប្រាក់​ប្រមាណ ១៣.៥០០​ដុល្លារ​។ មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ចាក់សោ​ផ្ទះ​ចោល រួច​នាំ​គ្នា​ទាំង​គ្រួសារ​ទៅ​ចូលរួម​មង្គលការ​បងប្រុស​របស់​ខ្លួន​នៅ​ភូមិ​ស្ទឹង​ជ្រៅ សង្កាត់​ព្រែក​ឫស្សី ក្រុង​តា​ខ្មៅ​។ លុះដល់​វេលា​ម៉ោង​ប្រហែល ១១ និង​១០​នាទី​ថ្ងៃ​ដដែល ជន​រង​គ្រោះ​បាន​ត្រឡប់​មក​ផ្ទះ​វិញ ឃើញ​សភាព​រាយ​ប៉ាយ​ក្នុងផ្ទះ ទើប​ដឹង​ថា មាន​ចោរ​ចូល​លួច​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ ទើប​គាត់​រាយការណ៍​មក​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ក្រុង​តា​ខ្មៅ​តែ​ម្តង​៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ