រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាអ្នករត់ម៉ូតូឌុបជិះម៉ូតូមួយគ្រឿងម៉ាកសង់កូរ៉េបើកបញ្ច្រាសទិសបានបុករថយន្តកំពុងតែបើកឆ្លងស្តុប បណ្តាលអោយម៉ូតូដួលនៅពីមុខរថយន្ត ហើយរកវាយអ្នកបើករថយន្តទៀត បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣៥នាទីយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវ៦៣កែងផ្លូវព្រះសីហនុ នៅចំណុចស្តុបត្រសក់ផ្អែម ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
សាក្សីដែលឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកកាមរីបាឡែន ពណ៌ស្ករ បើកបរតាមបណ្តោយផ្លូវ៦៣ ក្នុងទិសដៅពីត្បូងទៅជើងគោលបំណងបើកឆ្លងស្តុបទៅត្រង់ ខណៈពេលបើកមកដល់ចំណុចកើតហេតុ ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកសង់កូរ៉េ ពណ៌ឈាមជ្រូក ធ្វើដំណើរតាមបណ្តោយផ្លូវ៦៣ ក្នុងទិសដៅពីជើងទៅត្បូង
(ជិះបញ្ច្រាសទិស) បើកយ៉ាងលឿនបានបុករថយន្តកាមរីបាឡែនចំពីមុខពេញទំហឹងបណ្តាលអោយដួលកៀបជាប់ម៉ូតូនៅពីមុខរថយន្ត ។ ភ្លាមៗនោះអ្នកជិះម៉ូតូចង់បើករត់គេចខ្លួនតែត្រូវម្ចាស់រថយន្តតាមឃាត់យកម៉ូតូមកដាក់កន្លែងកើតហេតុវិញដើម្បីដោះស្រាយ ស្រាប់តែអ្នកបើកម៉ូតូយកមួកសុវត្ថិភាពរកវាយអ្នកបើករថយន្តទៀត ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមកជួយអន្តរាគមន៍ភ្លាមៗ តែអ្នកបើកម៉ូតូបានរត់គេចខ្លួនបាត់ បន្សល់ទុកនៅតែម៉ូតូនៅកន្លែងកើតហេតុ រីឯរថយន្តបាឡែនវិញខូចខាតក្រពិតកាងមុខបន្តិចបន្តួចតែប៉ុណ្ណោះ ។
ក្រោយពេលកើតហេតុរថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕
ចែករំលែកព័តមាននេះ