ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ក្រសោប​បាន​ហើយ ក្រុម​ចោរ​គាស់​ផ្ទះ​លួច​យក​ទូរស័ព្ទ​ដៃ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ កងរាជអាវុធហត្ថ​ខេត្តកណ្តាល សហការ​ជាមួយ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បំបែកសំណុំរឿង​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស (​គាស់​ផ្ទះ​លួច​យក​ទូរស័ព្ទ​) ដ៏​ធំ​មួយ​។ បន្ទាប់​ពី​ធ្វើការ​ស៊ើបអង្កេត ស្រាវជ្រាវ…

ខេត្តកណ្ដាល ៖ កងរាជអាវុធហត្ថ​ខេត្តកណ្តាល សហការ​ជាមួយ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បំបែកសំណុំរឿង​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស (​គាស់​ផ្ទះ​លួច​យក​ទូរស័ព្ទ​) ដ៏​ធំ​មួយ​។ បន្ទាប់​ពី​ធ្វើការ​ស៊ើបអង្កេត ស្រាវជ្រាវ អស់​រយៈពេល​បី​ថ្ងៃ អនុវត្ត​នូវ​ភារកិច្ច​ស្នូល​របស់​កងរាជអាវុធហត្ថ បង្ការ​បង្ក្រាប និង​សង្គ្រោះ ពិសេស​ប្រសាសន៍​ដឹកនាំ ព្រមទាំង​ការ​យកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​ពី​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ឯកឧត្តម​បណ្ឌិត ម៉ៅ ភិ​រុណ អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្តកណ្តាល ដែល​លោក​តែងតែ​យកចិត្តទុកដាក់ តាស់​តឿន​ក្រើនរំលឹក​ដល់ មេបញ្ជាការ​គ្រប់​កងឯកភាព ពង្រឹង​ការ​យកចិត្តទុកដាក់​បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម បង្ក្រាប​រាល់​បទល្មើស​គ្រប់​ប្រភេទ ជា​ពិសេស​បទល្មើស​គ្រឿងញៀន បទល្មើស​លួច​ឆក់​ប្លន់ ឃាតកម្ម​ជាដើម​។ ជាក់ស្តែង​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​មួយ​ដែល​កើតឡើង កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី ថ្ងៃ​ព្រហស្បតិ៍​១១​រោច ខែ​ពិសាខ ឆ្នាំច​សំ​រិ​ទ្ធ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៨ មាន​ករណី​លួច (​គាស់​ផ្ទះ​លួច​យក​ទូរស័ព្ទ​) មួយ​កើតឡើង​នៅ​ចំណុច​ភូមិ​ថ្មី សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។

បង្ក​ដោយ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ បាន​ធ្វើ​សកម្មភាព​គាស់ និង​កាត់​សោ​ផ្ទះ របស់​ជន​រង​គ្រោះ​ឈ្មោះ ចេ​ប ចាន់​រី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​លក់​ទូរស័ព្ទ មាន​ទីលំនៅ​ផ្ទះ​កើតហេតុ​ខាងលើ​។ សម្ភារ​ដែល​បាត់បង់​រួម​មាន ៖ ១-​ទូរ​សព្ទ័​ដៃ​ប្រហែល​៩០​គ្រឿង គិត​ជា​ទឹកប្រាក់​ប្រហែល ១៣.០០០​ដុល្លារ​។ ២-​បាត់បង់​ប្រាក់​រៀល ១.៥០០.០០០​រៀល ប្រាក់​ដុល្លារ ប្រហែល ៧០​ដុល្លារ​។ សរុប​ជា​ទឹកប្រាក់​ប្រមាណ ១៣.៥០០​ដុល្លា​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ចាក់សោ​ផ្ទះ​ចោល រួច​នាំ​គ្នា​ទាំង​គ្រួសារ​ទៅ​ចូលរួម​មង្គលការ បងប្រុស​របស់​ខ្លួន​នៅ​ភូមិ​ស្ទឹង​ជ្រៅ សង្កាត់​ព្រែក​ឫស្សី ក្រុង​តា​ខ្មៅ​។ លុះដល់​វេលា​ម៉ោង​ប្រហែល ១១ និង​១០​នាទី​ថ្ងៃ​ដដែល ជន​រង​គ្រោះ​បាន​ត្រឡប់​មក​ផ្ទះ​វិញ ឃើញ​អីវ៉ាន់​មាន​សភាព​រាយ​ប៉ាយ​ក្នុងផ្ទះ ទើប​ដឹង​ថា មាន​ចោរ​ចូល​លួច​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ ទើប​គាត់​រាយការណ៍​មក​សមត្ថកិច្ច កងរាជអាវុធហត្ថ​ក្រុង​តា​ខ្មៅ​តែ​ម្តង​។ ករណី​នេះ​លោក សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកណ្តាល បាន​ដឹកនាំ​បញ្ជា​ផ្ទាល់ ចុះ​អង្កេត​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​បំផុត រហូត​ឈាន​ដល់​ការ​កំណត់​មុខសញ្ញា​ជន​ស​ង្ស​យ័​បាន​មួយ​ចំនួន​។

ក្រោម​បញ្ជា និង​ការ​យកចិត្តទុកដាក់​ខ្ពស់​ពី​លោក​មេបញ្ជាការ កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ ខេត្តកណ្តាល និង​ក្រុង​តា​ខ្មៅ ដឹកនាំ​ចុះ​ប្រតិបត្តិការ​ផ្ទាល់​ដោយ​លោក ទូច អ៊ី​ណា​ន មេបញ្ជាការ​រង ទទួល​ការងារ​ព្រហ្មទណ្ឌ បាន​ពុះពារ​ស្វែងរក​មុខសញ្ញា​ជន​ស​ង្ស​យ័​តាម​បច្ចេកទេស​ជំនាញ រហូត​ដល់​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០១៨ កំណត់​មុខសញ្ញា​បាន និង​មានការ​សម្របសម្រួល កិច្ច​នីតិវិធី​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល រាជធានី​ភ្នំពេញ តាម​ដំណាក់កាល​នីមួយ​ៗ ដើម្បី​ពន្លាត​សមត្ថកិច្ច​ដែនដី ដោយ​មានការ​សហការ​ល្អ រវាង​ជំនាញ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស រាជធានី​ភ្នំពេញ ក្នុង​ការ​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​មុខសញ្ញា​ជនសង្ស័យ ទទួល​បាន​លទ្ធផល​ដូច​ខាងក្រោម ៖ ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០១៨ កម្លាំង​កងរាជអាវុធហត្ថ បាន​ចាប់​ជនសង្ស័យ​ឈ្មោះ គី ប៊ុ​ន​អេ​ង ភេទ​ប្រុស នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ដោយ​ដឹង​ថា មាន​សមត្ថកិច្ច​តាម​ចាប់ខ្លួន​ជនសង្ស័យ​ក៏​បើក​ម៉ូតូ​រត់គេច​ខ្លួន​តែ​ត្រូវ​កម្លាំង​យើង​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ គី ប៊ុ​ន​អេ​ង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ (​ស្នាក់​នៅផ្ទះ​ជួល ភូមិ​១ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​) មុខរបរ​មិន​ពិតប្រាកដ នៅ​ចំណុច​ស្ពានដែក ភូមិ​ឫស្សី សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

វត្ថុ​តាង និង​សម្ភារ​ជាប់​ខ្លួន​ដែល​សមត្ថកិច្ច​ដកហូត​បាន​មាន ម៉ូតូ​ម៉ាក Honda dream C125 ពណ៌​ខ្មៅ ស៊េរី​០១៤ ស្លាក​លេខ ភ្នំពេញ 1CG-1272 និង​ទូរស័ព្ទ​ចំនួន​០៤​គ្រឿង​។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច កងរាជអាវុធហត្ថ ជន​ស​ង្ស​យ័​បាន​ឆ្លើយ​សារភាព​ថា​៖ ឈ្មោះ ម៉ៅ វិទូ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ​មិន​ពិតប្រាកដ ជា​អ្នក​ធ្វើ​សកម្មភាព​ចូល​កាត់​សោ និង​គាស់​ផ្ទះ​នៅ​ចំណុច​ខាងលើ ចូល​យក​ទូរ​សព្ទ័​ប្រមាណ​ជិត​១០០​គ្រឿង យក​មក​ចែក​គ្នា រួច​នាំ​គ្នា​គេចខ្លួន​ជា​បន្ទាប់​រហូត ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​។ បន្ត​មក​ទៀត​នៅ​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០១៨ កម្លាំង​កងរាជអាវុធហត្ថ ខេត្តកណ្តាល រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​ជន​ស​ង្ស​យ័​ម្នាក់​ទៀត​ឈ្មោះ ម៉ៅ វិទូ ភេទ​ប្រុស អាយុ​២៣ នៅ​ចំណុច​ផ្លូវ​៦០​ម៉ែត្រ ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ដកហូត​វត្ថុ​តាង និង​សម្ភារ​ជាប់​ខ្លួន​មាន ទូរស័ព្ទ​ដៃ​ចំនួន​០១​គ្រឿង​។

រួច​បន្ត​ចុះ​ឆែកឆេរ​បន្ទប់​ជួល​របស់​ជនសង្ស័យ​ឈ្មោះ គី ប៊ុ​ន​អេ​ង ចំនួន​០២​បន្ទប់ នៅ​ចំណុច​ភូមិ​លេខ​១ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ រក​ឃើញ និង​ចាប់​យក​វត្ថុ​តាង​រួម​មាន​៖
១.​ទូរ​សព្ទ័​ដៃ​ចំនួន ៤៤ គ្រឿង ម៉ាក Iphone ចំនួន​០២​គ្រឿង​,​ម៉ាក Samsung ចំនួន​០១​គ្រឿង​, ម៉ាក Huawei ចំនួន​១៥​គ្រឿង​,​ម៉ាក Hiya ចំនួន​០៥​គ្រឿង​,​ម៉ាក Moto ចំនួន​០៣​គ្រឿង​,​ម៉ាក Camfone ចំនួន ០៤​គ្រឿង​,​ម៉ាក Nokia អ៊ិ​ន​ចុច​ពិល ចំនួន​០៦​គ្រឿង និង Nokia ថា​ច់​០២​គ្រឿង​,​ម៉ាក Meizu ចំនួន​០៥ គ្រឿង​,​ម៉ាក Telego ០១​គ្រឿង​។ នៅ​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០១៨ កម្លាំង​ជំនាញ​ខេត្តកណ្តាល ស្រុក​អង្គស្នួល និង​អាជ្ញាធរ​ដែនដី បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់ បន្ថែម​ទៀត ១/​ឈ្មោះ ស្រី ចាន់​រ៉ា ភេទ​ស្រី អាយុ​៣៤​ឆ្នាំ មុខរបរ​មេផ្ទះ (​អតីត​ប្រពន្ធ​ជនសង្ស័យ គី ប៊ុ​ន​អេ​ង​) ពី​បទ​ទទួលផល​ចោរកម្ម ២/​ឈ្មោះ ចំរើន រតនា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​កម្មករ (​ប្តី​ចុង​) ករណី​រក្សា​ទុក និង​ប្រើប្រាស់​គ្រឿងញៀន​ជាក់ស្តែង នៅ​ចំណុច​ផ្ទះ​ជួល បន្ទប់​លេខ​BO 04 ភូមិ​ថ្នល់ទទឹង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

ការ​ឃាត់ខ្លួន​នេះ​ដោយ​ដឹង​ថា ពីរ​នាក់​ប្តី​ប្រពន្ធ ជា​មុខសញ្ញា​ចែកចាយ ប្រើប្រាស់​គ្រឿងញៀន និង​ទទួលផល​ចោរកម្ម (​ករណី​ខាងលើ​) កម្លាំង​ជំនាញ​បាន​សុំ​ការ​អនុញ្ញាត​ពី​សាមីខ្លួន​ជា​ម្ចាស់​បន្ទប់ ដោយ​មានការ​ចូលរួម​ពី​ម្ចាស់ផ្ទះ​ជួល និង​អាជ្ញាធរ​ដែនដី​។ ពិសេស​ដោយ​មានការ​យល់ព្រម​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល ធ្វើការ​ឆែកឆេរ​បន្ទប់​ជួល​ជាក់ស្តែង​ឃើញ​ជន​ស​ង្ស​យ័​ឈ្មោះ ចំរើន រតនា កំពុង​ជក់​គ្រឿងញៀន​។ ជា​លទ្ធផល​យើង រក​ឃើញ និង​ចាប់​យក​វត្ថុ​តាង​រួម​មាន​៖ ១/​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​០៤​កញ្ចប់ និង​សម្ភារ​ប្រើប្រាស់​គ្រឿងញៀន ២/​ដាវ​សា​ម៉ូ​រ៉ៃ​ចំនួន​០១​ដើម និង​ស្នាប់ដៃ​ចំនួន​មួយ​។ ដោយឡែក​ទូរ​សព្ទ័​០១​គ្រឿង និង​ipad មី​នី​០១​គ្រឿង ដែល​ប្តី​ដើម​(​គី ប៊ុ​ន​អេ​ង​)​លួច​ពី​ជន​រង​គ្រោះ (​ចេ​ប ចាន់​រី​) យក​មក​ឲ្យ​ខ្លួន​នោះ គឺ​ទូរ​សព្ទ័​យក​ទៅ​លក់​នៅ​ផ្សារ​ឃ្លាំង​រំសេវ រាជធានី​ភ្នំពេញ បាន​ប្រាក់​៣០​ដុល្លារ និង​ipad មី​នី​០១​គ្រឿង ខ្លួន​ឲ្យ​ទៅ​កូនប្រុស​នៅ​រាជធានី​ភ្នំពេញ​ទុក​ប្រើ​។  

នៅ​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៨ កម្លាំង​ជំនាញ​ខេត្តកណ្តាល រាជធានី​ភ្នំពេញ សហការ​គ្នា នាំ​ជន​ស​ង្ស​យ័​ឈ្មោះ គី ប៊ុ​ន​អេ​ង ទៅ​ចង្អុលបង្ហាញ​ម្ចាស់​ទីតាំង​ទទួលផល​ចោរកម្ម​(​ទិញ​ទូរ​សព្ទ័​) នៅ​រាជធានី​មួយ​ចំនួន តែ​ពុំ​បាន​សម្រេច​។ ក្រោយ​ពី​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​ដោយ​ភាព​ទទួលខុសត្រូវ​ខ្ពស់ មិន​គិត​ថ្ងៃ ឬ​យប់ ជា​បន្តបន្ទាប់​រួច​មក កម្លាំង​សមត្ថកិច្ច​ជំនាញ បាន​រក​ឃើញ និង​ចាប់​យក​វត្ថុ​តាង (​ទូរ​សព្ទ័​ដៃ​) ជា​របស់​ជន​រង​គ្រោះ​បាន​ចំនួន​៤៤​គ្រឿង និង​បានការ​ឯកភាព​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត កណ្តាល ប្រគល់​ជូន​ជន​រង​គ្រោះ​វិញ​ទាំងអស់​។ បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុ​តាង​សមត្ថកិច្ច​ជំនាញ​បាន​ឃាត់ខ្លួន និង​កំពុង​បន្ត​នីតិវិធី​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ