ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទពិសោធន៍​ដាំ​ប៉េងប៉ោះ​ដោយប្រើ​ជីធម្មជាតិ

13 ឆ្នាំ មុន

លោកយាយ​ប៉ែន អន អាយុ​​៥៧​ឆ្នាំ ជា​កសិករ​​រស់នៅ​ភូមិជ្រេស ឃុំក្រាំង​ល្វា ស្រុក​​សាមគ្គី​មាន​ជ័យ ខេត្ត​​កំពង់ឆ្នាំង ។ គាត់​មាន​​បទ​ពិសោធន៍​នេះ ដោយ​គាត់បាន​ចេះ​​​​​ត​ពី​ឪពុក​ម្តាយ​របស់​គាត់​មក ព្រមទាំង​តាម​​​រយៈ​​​ទស្សនាវដ្តី​កសិករ​​របស់​អង្គការ​​សេដាក ។ នៅលើ​ផ្ទៃ​​​ដី​​២៣០​ម៉ែត្រការ៉េ គាត់​ទទួល​​បាន​ចំណូល​​៤៥០.០០០​រៀល ក្នុង​​រយៈ​ពេល​​​៣ខែ ។ បទ​ពិសោធន៍​​ល្អៗ ក្នុងការ​ដាំ​ប៉េងប៉ោះ​មាន

លោកយាយ​ប៉ែន អន អាយុ​​៥៧​ឆ្នាំ ជា​កសិករ​​រស់នៅ​ភូមិជ្រេស ឃុំក្រាំង​ល្វា ស្រុក​​សាមគ្គី​មាន​ជ័យ ខេត្ត​​កំពង់ឆ្នាំង ។ គាត់​មាន​​បទ​ពិសោធន៍​នេះ ដោយ​គាត់បាន​ចេះ​​​​​ត​ពី​ឪពុក​ម្តាយ​របស់​គាត់​មក ព្រមទាំង​តាម​​​រយៈ​​​ទស្សនាវដ្តី​កសិករ​​របស់​អង្គការ​​សេដាក ។ នៅលើ​ផ្ទៃ​​​ដី​​២៣០​ម៉ែត្រការ៉េ គាត់​ទទួល​​បាន​ចំណូល​​៤៥០.០០០​រៀល ក្នុង​​រយៈ​ពេល​​​៣ខែ ។ បទ​ពិសោធន៍​​ល្អៗ ក្នុងការ​ដាំ​ប៉េងប៉ោះ​មាន ៖
១-​ការរៀបចំធ្វើ​សួន និងការបណ្តុះកូន
គាត់​បាន​រៀប​ចំ​​កន្លែង​ដាំ​នៅ​ក្បែរ​ផ្ទះ ស្រឡះ​មាន​ពន្លឺ​ថ្ងៃគ្រប់គ្រាន់ និងមាន​ទំហំបណ្តោយ​២៣​ម៉ែត្រ ទទឹង​​១០​​ម៉ែត្រ និង​ធ្វើ​របង​ព័ទ្ធ​​ជុំ​វិញ ដោយ​មាន​បាំង​ស្លឹក​​ដូង​កំពស់​​១ម៉ែត្រ ។​
ការ​សាប​កូន គាត់បានយកគ្រាប់ប៉េ​ងប៉ោះ​ទៅ​សាប​​នៅលើ​ថ្នាល ​ដែល​មាន​ទំហំ​​បណ្តោយ​​១ម៉ែត្រ ទទឹង​​០,៧ម៉ែត្រ ។ នៅលើ​រង​ថ្នាល​ មាន​លាយ​ជី​ធម្មជាតិ​​ ដូច​ជា ជី​អង្កាម​ដុត លាមក​គោ ច្របល់​ឱ្យ​សព្វ​នៅ​លើ​ថ្នាល បន្ទាប់់​មក​​​យក​គ្រាប់​​ទៅសាប​​ពីលើ និង​យក​ជីធម្មជាតិ​​រោយ​ពីលើ​ស្តើងៗ រួច​​ស្រោច​ទឹក​ឱ្យជោគ​នៅ​លើ​ថ្នាល ។
២-​ការ​រៀបចំ​ដី​សំរាប់​ដាំ
ក្នុងការ​​រៀបចំដី គាត់បាន​កាប់​រង​ជា​​ចង្អូរ​​ជំរៅ​​១តឹក បណ្តោយ​​៣ម៉ែត្រ ​ទទឹង​​៣តឹក ​គំលាត​ពីរង​មួយ ទៅ​រង​មួយ​​០,៥ម៉ែត្រ ​ហើយ​នៅ​តាម​រង​នីមួយៗ​គាត់បាន​ដាក់​​ជីលាមក​គោ​​​ចំនួន​​២-៣​បង្គី និង​ដុត​អង្កាម​​លាយ​ផង​ដែរ ។ បន្ទាប់​មក គាត់បាន​យក​ចបជីក​​ខួង​ជា​រណ្តៅ​​តូច​នៅ​ក្នុង​ចង្អូររងនោះ​​សំរាប់ដាំ​កូន​ប៉េងប៉ោះ ដែល​មាន​គំលាត​ពី​រណ្តៅ​​មួយ​ទៅ​​មួយ​​០,៧ម៉ែត្រ ។
៣-​ការថែទាំ
ក្រោយ​ពី​ដាំហើយ គាត់​ស្រោច​ទឹក​​ឱ្យ​ជោក​​ល្ម​មមួយ​ថ្ងៃ​​២ដង (ព្រឹក និងល្ងាច) រហូត​ដល់​ ប៉េង​ប៉ោះ​ចេញ​ផ្កា ។ នៅពេល​​ប៉េង​ប៉ោះ​​ចាប់​ផ្តើម​​​បែកមែក និង​ចេញ​ផ្កា គាត់បាន​​ដោត​ឈើ ដើម្បី​​ទប់ដើម​កុំ​ឱ្យ​បាក់​​នៅពេលមាន​ផ្លែ ។​ គាត់​ឧស្សាហ៍ជ្រោយ​​ដី ដាក់ជី​ធម្មជាតិ ដើម្បីជួយ​ឱ្យ​ប៉េង​ប៉ោះ​​លូតលាស់​បាន​ល្អ ។ ប្រភេទ​ជីធម្ម​ជាតិ ដែលគាត​់​បាន​ដាក់​បំប៉ន​មានដូចជា លាមក​សត្វ ​អង្កាម​ដុត ។​
៤-​ការ​ប្រមូល​ផល​
ក្រោយពី​​​ដាំ​បាន​រយៈ​ពេល​៣ខែ គាត់​ចាប់​ផ្តើម​​ប្រមូល​ផល ដោយបេះ​យក​ផ្លែ​ទុំ​​ស្រគាល​​យក​ទៅ​​លក់ និង​​បរិភោគ ។ នៅលើផ្ទៃ​ដី​តូច​ល្មម​នេះ គាត់អាច​ប្រមូល​​ផល​ម្តង​​ពី​​១៥​​ទៅ​​២០​​គីឡូក្រាម ដែលទទួលបាន​ប្រាក់​ចំណូល​សរុប​ស្មើ​នឹង​៤៥០.០០០​រៀល ។​
៥-ចំណាប់អារម្មណ៍
លោក​យាយ​មាន​ចំណាប់អារម្មណ៍​ថា នៅ​ពេល​​គាត់​​បាន​ដាំ​ដំណាំ​ប៉េ​ងប៉ោះ​នេះ ធ្វើ​ឱ្យ​​​មាន​​​បន្លែ​សំរាប់បរិភោគ​​ក្នុងគ្រួសារ​​ អាច​រក​ប្រាក់​​ចំណូលបានខ្លះ ដោយមិន​ចំណាយប្រាក់​​ ងាយ​ស្រួល​​​ថែទាំ ។ មិនតែប៉ុណ្ណោះ គាត់គិត​ថា គាត់​នឹង​​ដាំ​​​បន្លែ​​ទាំង​នេះ​ទៀត ​ព្រោះ​វា​អាច​ធ្វើ​ឱ្យ​​​គ្រួសារ​គាត់​ទទួលបាន​​ប្រាក់​ចំណូល​បន្ថែម​​ក្រៅ​ពី​​ការ​ងារ​ធ្វើស្រែ ​ហើយ​​សូម​ឱ្យ​​គ្រួសារ​​កសិករ​​ដទៃទៀត បើមិន​ទាន់ធ្វើការ​ដាំ​ដុះ​ដំណាំទេ គួរ​ចាប់​​ផ្តើម​​ដាំ​ដុះ ដើម្បី​ចូល​​រួម​ចំណែក​​ជួយ​បង្កើន​​សេដ្ឋ​កិច្ច​​គ្រួសារ ​ដូច​គ្រួសារ​​គាត់ដែល​​កំពុងអនុ​វត្ត​​ផងដែរ ។​
សរុប​មក បច្ចេក​ទេស​​​សំខាន់​ក្នុង​​ការ​ដាំ​ប៉េង​ប៉ោះ​​មាន ៖
-រៀបចំ​​ថ្នាល​សាប ដោយ​មាន​​លាយ​​លាមក​គោ​​ពុក​ផុយ អង្កាម​​ដុត ដើម្បី​​ឱ្យ​ដី​​ធូរ​ងាយ​ស្រួល​ដក​កូន
-​សាប​គ្រាប់ស្តើង​ៗ (​កុំ​ឱ្យញឹក) ដើម្បី​ឱ្យ​កូន​លូតលាស់​​​ល្អ
-រៀបចំ​​រណ្តៅ​ដាំ ដោយ​ដាក់​​លាមក​សត្វ​ និង​អង្កាម​​ដុត
-ថែ​​ទាំស្រោច​ទឹក និង​ដោត​ឈើ​​ទប់​ដើម​កុំ​ឱ្យ​​ដើម​​ដួលពេលមាន​ផ្លែ ៕​ (ដកស្រង់ចេញពីទស្សនាវដ្តីកសិករ)