ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋចំនួន៤៩៤គ្រួសារនៅក្នុងភូមិពោធិ៍មង្គលបានធ្វើបុណ្យភូមិហៅថា បុណ្យដាបាតលាន ជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសកុសលជូនដល់ម្ចាស់ទឹកម្ចាស់ដី និងបុព្វបុរសដែលបានពលីជីវិតការពារមាតុភូមិ និងសុំសេចក្តីសុខចំរើន ហើយសូមឲ្យភោគផលដំណាំកសិកម្មផ្សេងៗកើនឡើងជាងឆ្នាំមុនៗ។ ពិធីបុណ្យនេះធ្វើឡើងកាលពីថ្ងៃទី១៤ និង១៥ ខែឧសភា ឆ្នាំ២០១៨ នៅភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។
លោកតាទឹម ហូន អាយុ៦៨ឆ្នាំ ជាចាស់ព្រឹទ្ធាចារ្យក្នុងភូមិបានឲ្យដឹងថា ក្នុងពិធីបុណ្យដាភូមិនេះធ្វើឡើងដើម្បីឧទ្ទិស៥យ៉ាងគឺទី១-រំលឹកដល់បុព្វជនដែលកកើតភូមិទុកឲ្យកូនចៅជំនាន់ក្រោយ។ ទី២-ឧទ្ទិសថ្វាយដល់ពពួកទេវតា និងម្ចាស់ទឹកម្ចាស់ដីដែលថែរក្សាភូមិ ដើម្បីសុំសេចក្តីសុខសេចក្តីចំរើនកុំឲ្យមានជំងឺដង្កាត់មកបៀតបៀនដល់កូនចៅដែលរស់នៅក្នុងភូមិ។ ទី៣-សូមឲ្យភោគផលកសិកម្មដូចជាដំណាំស្រូវ សណ្តែក ឈូក ពោត ល្ង បានកើនឡើងជាងឆ្នាំមុនៗ។ ទី៤-សូមឲ្យអ្នកតាម្ចាស់ទឹកម្ចាស់ដីជួយរារាំង និងកម្ចាត់សត្វល្អិតទាំងឡាយទាំងពួងដែលប៉ុនប៉ងបំផ្លិចបំផ្លាញភោគផលកសិកម្មឆ្នាំខាងមុខៗ និងទី៥-ដើម្បីឧទ្ទិសកុសលជូនដល់អ្នកមានគុណ និងឧទ្ទិសកុសលជូនដល់បុព្វបុរសដែលពលីជីវិតដើម្បីមាតុភូមិ។
លោកតាបន្តឲ្យដឹងថា ជារៀងរាល់ឆ្នាំពួកគាត់តែងតែធ្វើពិធីបុណ្យនេះមិនដែលខកខានទេ ទោះជាប្រពលរដ្ឋនៅក្នុងភូមិមានការខ្វះខាតយ៉ាងណាក៏ដោយ ក៏ពួកគាត់ដើររៃអង្គៀសគ្នាបន្តិចបន្តួចមកធ្វើកម្មវិធីបុណ្យជានិច្ចមិនឲ្យខកខានមួយឆ្នាំណាឡើយ។ លោកតាបានបន្តទៀតថា ក្នុងពិធីបុណ្យថ្ងៃចុងក្រោយមានការហែរសន្ធឹកបណ្តែតនៅក្នុងដៃទន្លេសាប ។ នៅក្នុងសន្ធឹកនោះផងដែរ គេមានដាក់ស្រូវ អង្ករ សណ្តែក ពោត ល្ង អំបិល ប្រហុក ស្ករ ប៊ីចេង និងបង្អែមផ្លែឈើជាច្រើនមុខ ដើម្បីឧទ្ទិសថ្វាយដល់ទេវតា អ្នកតាម្ចាស់ទឹកម្ចាស់ដី ហើយក្នុងពិធីនោះដែរក៏មានកម្មវិធីលេងល្បែងប្រជាប្រិយ រត់ប្រណាំង និងប្រគំតន្ត្រីសម័យរាំរែកកំសាន្តសប្បាយផងដែរ ៕
ចែករំលែកព័តមាននេះ