ខេត្តព្រះវិហារ ៖ អាជីវករលក់ដូរនៅក្នុងផ្សារច្រកអានសេះ ព្រំដែនកម្ពុជា-ថៃកំពុងត្រូវប៉ាន់ក្នុងការនាំយកផ្សិតប៉ក់ទៅលក់ឲ្យប្រជាជនថៃ ក្នុងមួយថ្ងៃប្រមាណជាង១០តោន និងអាចរកចំណូលបានច្រើនគួរសមពីការលក់ផ្សិតនេះ ។
អ្នកស្រី ចាន់ ណា ជាអាជីវករលក់ដូរនៅផ្សារអានសេះ ព្រំដែនកម្ពុជា-ថៃបាននិយាយថា ក្នុងមួយថ្ងៃអាជីវករម្នាក់អាចលក់ផ្សិតប៉ក់ទៅឲ្យប្រជាជនថៃ ឬថៅកែថៃ ដែលចូលមកទិញផ្ទាល់ដល់ក្នុងផ្សារ ចាប់ពី២០០គីឡូ ទៅ៣០០គីឡូ ដោយក្នុងតម្លៃចន្លោះពី៨០បាតទៅ២៥០បាត ។ អាជីវករដដែលបន្ថែមថា ផ្សិតប៉ក់នេះចាប់ផ្តើមមានពីចន្លោះដើមខែឧសភា ដល់ខែមិថុនា ហើយមានតម្លៃថ្លៃរហូតដល់មួយគីឡូក្រាមតម្លៃ៥០០បាតឯណោះនៅពេលដែលរដូវកាលផ្សិតប៉ក់នេះមានដំបូង ។
ដោយឡែក អ្នកស្រី ថន ស្រីមុំ ជាអាជីវករលក់ដូរនៅលើផ្សារច្រកអានសេះបាននិយាយថា ចំនួនផ្សិតប៉ក់ដែលនាំចេញទៅកាន់ប្រទេសថៃ តាមច្រកអានសេះនេះក្នុងមួយថ្ងៃប្រមាណជាង១០តោនឯណោះ រីឯតម្លៃទទួលបានចន្លោះពី៨០បាត ទៅ២០០បាតក្នុងមួយគីឡូក្រាម ព្រោះឆ្នាំនេះផ្សិតប៉ក់មានច្រើនជាងឆ្នាំមុន ។
អ្នកស្រីបន្ថែមថា គាត់បានចុះប្រមូលទិញពីអ្នកស្រុកភូមិ ដែលរស់នៅតាមជើងភ្នំដងរែក នឹងអាចលក់ឲ្យថៃបានក្នុង១ថ្ងៃប្រមាណ៤០០ទៅ៥០០គីឡូក្រាមដែរ ម្យ៉ាងវិញទៀត ការនាំចូលផ្សិតប៉ក់ទៅប្រទេសថៃ តាមច្រកអានសេះមួយនេះ ក៏មិនមានការរឹតត្បិតហាមឃាត់ពីភាគីថៃដូចកាលពីមុនឡើយ ។ អ្នកស្រីបន្តថា ប្រភេទផ្សិតប៉ក់នេះជាអាហារពេញនិយមបំផុតរបស់ប្រជាជនថៃ សម្រាប់យកទៅធ្វើជាម្ហូបបានជាច្រើនមុខ ហើយនៅប្រទេសថៃពុំមានផ្សិតនេះឡើយ ដោយសារតែផ្សិតនេះពិបាករកណាស់ ។
សូមបញ្ជាក់ថា នៅរដូវវស្សានេះនៅច្រកអានសេះ ព្រំដែនកម្ពុជា-ថៃ ក្រៅពីការនាំចេញផ្សិតប៉ក់ នៅមានបន្លែព្រៃជាច្រើនមុខផ្សេងទៀតដែលពេញនិយមបរិភោគបំផុតសម្រាប់ប្រជាជនថៃមានដូចជា ស្លឹកព្រិច ចុងផ្តៅ និងបន្លែព្រៃជាច្រើនមុខផ្សេងទៀតផង៕
ចែករំលែកព័តមាននេះ