ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្ញុំពិការមែន តែខ្ញុំមិនដើរសុំទានគេនោះទេ…

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ «​ទោះបី​ខ្ញុំ​ពិការ​ភាព​ពិតមែន ក៏​ប៉ុន្តែ​ខ្ញុំ​មិន​ដាច់​ចិត្ត​ដើរ​សុំទាន​គេ តាម​ទីសាធារណៈ​ឬ​នៅ​តាម​ផ្សារ​នោះ​ទេ​» ។ លោកសោម សំបូរ ជា​ជន​ពិការ​រស់នៅ​ភូមិ​បឹង​លាជ ឃុំសេដ្ឋី…

ខេត្តកំពង់ឆ្នាំង ៖ «​ទោះបី​ខ្ញុំ​ពិការ​ភាព​ពិតមែន ក៏​ប៉ុន្តែ​ខ្ញុំ​មិន​ដាច់​ចិត្ត​ដើរ​សុំទាន​គេ តាម​ទីសាធារណៈ​ឬ​នៅ​តាម​ផ្សារ​នោះ​ទេ​» ។ លោកសោម សំបូរ ជា​ជន​ពិការ​រស់នៅ​ភូមិ​បឹង​លាជ ឃុំសេដ្ឋី ស្រុក​សាមគ្គី​មាន​ជ័យ បាន​និយាយ​ដូច្នេះប្រាប់​ក្រុម​អ្នក​ព័ត៌មាន ខណៈ​ចុះ​ទៅ​សម្ភាសន៍អំពី​ការ​ចិញ្ចឹម​ត្រី និង​កង្កែប​ដល់​លំនៅ​ឋាន​របស់គាត់​កាលពី​ចុង​ស​ប្តា​ហ៍​មុន ។ លោក សំបូរ បាន​បញ្ជាក់​ថា លោក​បាន​រង​របួស​ធ្លាក់ខ្លួន​ពិការ​នៅ​ឆ្នាំ​១៩៩៣ ក្នុង​ពេល​លោក​ជា​ទាហាន​ក្នុង​អង្គភាព​វរៈ​E១៧ កងពល​លេខ​៥ របស់​រដ្ឋាភិបាល ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​សមរភូមិ​ភ្នំ​វល្លិ ខេត្តកំពត ។ ក្នុង​ពេល​ធ្លាក់ខ្លួន​ពិការ លោក​បាន​អស់សង្ឃឹម​ក្នុង​ជីវិតរួច​ទៅ​ហើយ ប៉ុន្តែ​ដោយ​មានការ​លើកទឹកចិត្ត​ពី​ប្រពន្ធ និង​មិត្តភក្តិ​រួមការ​ងារ លោក​ក៏​បាន​តាំងចិត្ត​ឡើង​វិញ ហើយ​បាន​ខិតខំ​រកស៊ី ធ្វើស្រែ​ចំការ​ចិ​ញ្ចឹមប្រ​ព​ន្ធ​​កូន​រហូត​មក ។

សព្វ​ថ្ងៃនេះ លោក​មានកូន​ចំនួន​៦​នាក់ តែ​បែក​ទៅ​មាន​ប្តី​ប្រពន្ធ​អស់​៤​នាក់ សល់​ក្នុង​បន្ទុក២​នាក់ ។ កាលពី​ជាង​២​ឆ្នាំ​មុន ដោយ​មានការ​យកចិត្ត​ទុកដាក់​ជន​ពិការ​ពី​មន្ត្រី​ជលផល​ខេត្ត​កំពង់ឆ្នាំង ដោយ​មានការ​ឧបត្ថម្ភ​ពី​សហគមន៍​អឺ​រុ​ប​បានបង្ហាត់​របៀប​ចិញ្ចឹម​ត្រី​អណ្តែង ក្នុង​ថង់​ប្លា​ស្ទីក និងចិញ្ចឹម​កង្កែប​ផង​ដែរ ។ ក្រោយ​ពី​បង្ហាត់បង្រៀនពី​របៀប​ចិញ្ចឹម ហើយ​មន្ត្រី​ជលផល​បាន​ឧបត្ថម្ភពូជ​ត្រី ពូជ​កង្កែប ឧបត្ថម្ភ​ចំណី និង​សម្ភារ​សម្រាប់ដាក់​ចិញ្ចឹម​មាន​ថង់​ប្លា​ស្ទីក​និង​ស្បៃ​ជាដើម ។ ចំពោះ​លទ្ធផល​នៃ​ការ​ចិញ្ចឹម​ត្រី​និង​ការ​ចិញ្ចឹម​កង្កែប​ក្នុង​៣​ខែ​ចាប់​លក់​ម្ដង​បាន​ប្រាក់​ពី​៤០​ទៅ​៥០​ម៉ឺន​រៀល ដែល​អាច​ជួយ​ឱ្យ​ជីវភាព​របស់​គាត់ បាន​ធូរស្រាល​មួយ​កម្រិត រួម​ផ្សំ​នឹងប្រាក់ខែ​ជន​ពិការ​ផង គាត់​មាន​លទ្ធភាព​ទិញ​ម៉ូតូទិញ​មេគោ​ចិញ្ចឹម​ដើម្បី​បង្កើន​ប្រាក់​ចំណូលបន្ថែម ។ ក្រៅពី​ចិញ្ចឹម​ត្រី ចិញ្ចឹម​កង្កែប​តាម​ជំនាញខាងលើ គាត់​នៅ​បាន​ចិញ្ចឹម​មាន់ និង​ដាំ​ដំណាំ​រួមផ្សំ​ជា​ច្រើន​ទៀត​ផង​ដែរ ។

លោក សំបូរ ជន​ពិការ​រូប​នោះ នៅ​បាន​និយាយក្នុង​មោទនភាព​ថា​៖ «​ខ្ញុំ​មិន​អាច​លើកដៃ​សុំទាន​តាម​ផ្សារ​នោះ​ទេ ខ្ញុំ​ខ្មាស​គេ​ណាស់ ប៉ុន្តែ​ខ្ញុំ​ឃើញអ្នកខ្លះ​មិន​ទាំង​ពិការ​ផង បាន​ធ្វើខ្លួន​ជា​ជន​ពិការញាត់​បត់​ដៃ ញាត់​ជើង​ចូល​ក្នុង​ខោ​ក្នុង​អាវ រំកិលខ្លួន​តាម​ផ្លូវ​កាត់​ភក់ជ្រាំ ដើម្បី​សុំទាន​គេ ខ្ញុំ​ធ្វើ​ទៅមិន​រួច​ទេ​» ។ ជា​ចុង​ក្រោយ​លោក​ក៏​សូម​ថ្លែងអំណរ​គុណ​ចំពោះ​មន្ត្រី​ជលផល និង​សហគមន៍​អឺ​រុ​ប ដែល​បាន​បង្ហាត់បង្រៀន និង​ផ្តល់​ពូជ​ត្រី ពូជ​កង្កែប​ដល់​គ្រួសារ​គាត់​រួច​ផុត​ពី​ភាព​ក្រីក្រ ៕

អត្ថបទសរសេរ ដោយ