ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យ៉ាងណាម្តាយនិងកូន​សម្រាល​ដោយ​​សុវត្ថិ​ភាព​​ គ្រាន់​ហួស​ចិត្ត​រឿងទារ​លុយ​បន្តិច

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ស្ត្រី​ម្នាក់​ខណៈ​ឈឺពោះ​ឆ្លងទន្លេ​ បាន​ត្រូវ​ប្ដី​ដឹក​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​បរិបូណ៌ ប៉ុន្តែ​នៅ​ពេល​ទៅ​ដល់​ ក្រុម​គ្រូពេទ្យប្រាប់​ថា កូន​ក្នុង​ផ្ទៃ​អាច​កើតមក​លំបាក​ ដូច្នេះ​ត្រូវ​តែ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។ ប៉ុន្តែ​អ្វី​ដែល​ជា​ការ​កត់សម្គាល់​នោះ…

ខេត្តកំពង់ឆ្នាំង ៖ ស្ត្រី​ម្នាក់​ខណៈ​ឈឺពោះ​ឆ្លងទន្លេ​ បាន​ត្រូវ​ប្ដី​ដឹក​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​បរិបូណ៌ ប៉ុន្តែ​នៅ​ពេល​ទៅ​ដល់​ ក្រុម​គ្រូពេទ្យប្រាប់​ថា កូន​ក្នុង​ផ្ទៃ​អាច​កើតមក​លំបាក​ ដូច្នេះ​ត្រូវ​តែ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។ ប៉ុន្តែ​អ្វី​ដែល​ជា​ការ​កត់សម្គាល់​នោះ គឺ​ក្រុម​គ្រូពេទ្យ​បង្ខំ​ទារប្រាក់​ចំនួន​១០​ម៉ឺន​រៀល ទើប​ឱ្យ​រថយន្ត​របស់​មន្ទីរពេទ្យ​បង្អែក​ស្រុក​បរិបូណ៌​ ដឹក​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត បើ​គ្មាន​ប្រាក់​ប៉ុណ្ណឹង​ទេ​ រក​រ៉ឺ​ម៉ក​ម៉ូតូ​ជិះ​
ទៅ ។

ហេតុការណ៍​មិន​ប្រក្រតី​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​១៤ ឧសភា ។ បុរស​ឈ្មោះ ម៉ក់ រាក់ អាយុ​២៦​ឆ្នាំ ជា​ប្តី​ស្ត្រី​ឈឺពោះ​ឆ្លងទន្លេនិយាយ​ថា គាត់​មាន​ទីលំនៅ​ក្នុងភូមិ​កោះ​មនោ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិ​បូណ៌ ។ ប្រពន្ធ​គាត់​ឈ្មោះ ហឹ​ម គិ​ម​ឈី អាយុ​២២​ឆ្នាំ បាន​ឈឺពោះ​ឆ្លងទន្លេ គាត់​ក៏​ដឹក​ទៅ​សម្រាល​កូន នៅ​​មន្ទីរពេទ្យ​បង្អែក​ស្រុក​បរិបូណ៌ ។ ប៉ុន្តែ​ពេល​ទៅ​ដល់​គ្រូពេទ្យ​ប្រាប់​ថា ប្រពន្ធ​គាត់​មាន​សភាព​ខុស​ប្រក្រតី ត្រូវ​តែ​ទៅ​កើត​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត តែ​ត្រូវ​បង់​សេវា​១០​ម៉ឺន​រៀល​សិន ​ទើប​ឱ្យ​រថយន្ត​ដឹក​ទៅ បើ​គ្មាន​ទេ​ ដឹក​តាម​រ៉ឺ​ម៉កម៉ូតូ​ទៅ ។

បុរស​ជា​ប្តី​និយាយ​ទៀត​ថា ដោយ​គ្មាន​ជម្រើស គាត់​បាន​ជួល​រ៉ឺ​ម៉ក​ម៉ូតូ​ក្នុង​តម្លៃ​៤​ម៉ឺន​រៀល ​ដឹក​ទៅមន្ទីរ​ពេទ្យ​បង្អែក​ខេត្ត ប៉ុន្តែ​ពេល​ដឹក​ដល់​ស្ពាន​អង្កាម ​ដែល​មាន​ចម្ងាយ​ជាង​១០​គីឡូម៉ែត្រ ​ពី​មន្ទីរពេទ្យ​បង្អែក​ស្រុក​បរិបូណ៌ ស្រាប់តែ​ឃើញ​រថយន្ត​របស់​មន្ទីរពេទ្យ​នេះ​មក​តាម​ក្រោយ រួចក៏​ដឹក​ប្រពន្ធ​គាត់​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ ដើម្បី​សម្រាលកូន ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ឃួ​ន សៅ​រុំ អភិបាលស្រុក​បរិបូណ៌​បានឱ្យ​ដឹង​ថា លោក​បានទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រាយការណ៍​ថា មាន​ស្ត្រី​ឈឺពោះ​ឆ្លងទន្លេ​ទៅ​សម្រាលកូន​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក តែ​ត្រូវ​ក្រុម​គ្រូពេទ្យ​ទារ​១០ម៉ឺន​រៀល​ ថ្លៃ​សេវា​រថយន្ត​ដឹក​ទៅ​មន្ទីរពេទ្យ​បង្អែកខេត្ត ។ ពេល​នោះ ​លោក​ក៏​​បញ្ជាឱ្យ​​ក្រុម​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​យក​រថយន្ត​ទៅ​តាម​ដឹក​ស្ត្រី​ ដែល​ឈឺពោះ​ឆ្លងទន្លេ​រូប​នេះ ​ទៅ​កាន់​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ជា​បន្ទាន់ ។

លោក ឈុ​ន ប៊ុ​ន​ថា ប្រធាន​មន្ទីរពេទ្យ​បង្អែកស្រុក​បរិបូណ៌ មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ​ជុំវិញ​ករណី​ខាងលើ​នេះ ហើយ​លោក ស​រិ​ន្ទី រ៉ា​វុ​ទ្ឍី ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ក៏​មិន​អាច​ធ្វើ​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​បាន​ដែរ ។ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី រឿង​នេះ​ជា​រឿង​ពិត ​ហើយ​ការ​ដែលប្រធាន​មន្ទីរពេទ្យ​បង្អែក​ស្រុក​បរិបូណ៌​សុខចិត្តយក​រថយន្ត​ទៅ​ដឹក​ស្ត្រី​ឈឺពោះ​ឆ្លងទន្លេ​នៅ​ពាក់កណ្ដាល​ផ្លូវ​នោះ បន្ទាប់​ពី​មានការ​ស្ដីបន្ទោស​ពី​អាជ្ញាធរ​ស្រុក​ផង​ដែរ ។ សូម​បញ្ជាក់​ថា ស្ត្រី​ខាងលើ​បាន​សម្រាលកូន​ដោយ​សុវត្ថិភាព​ហើយ ក្រោម​ការ​យកចិត្ត​ទុកដាក់​ពី​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។


អត្ថបទសរសេរ ដោយ