ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែក​ធ្លាយ​លិខិត​លោកសួន សេរីរ​ដ្ឋា ស្នើ​សូម​អន្តរាគមន៍​ពី​សម្តេច​តេ​ជោ​ហ៊ុន សែន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លិខិត​មួយ​ច្បាប់​របស់​អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ លោក សួន សេរីរ​ដ្ឋា​ដែល​បាន​សរសេរ​គោរព​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ដើម្បី​ស្នើ​សុំ​អន្តរាគមន៍​ពី​សម្តេច​តេ​ជោ…

រាជធានី​ភ្នំពេញ ៖ លិខិត​មួយ​ច្បាប់​របស់​អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ លោក សួន សេរីរ​ដ្ឋា​ដែល​បាន​សរសេរ​គោរព​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ដើម្បី​ស្នើ​សុំ​អន្តរាគមន៍​ពី​សម្តេច​តេ​ជោ ស្នើ​លើកលែងទោស​ឲ្យ​រូប​លោក​ជា​លើក​ទី​២​នោះ​ត្រូវ​បាន​គេ​ចែកចាយ​យ៉ាង​ព្រោងព្រាត ខណៈ​ដែល​លិខិត​នោះ​បាន​ធ្វើ​ឡើង​តាំងពី​ថ្ងៃ​ទី​៣០ ខែមេសា​មក​ម្លេះ​។

យ៉ាងណាមិញ​ក្នុង​លិខិត​នោះ​ផង​ដែរ​លោក សួន សេរីរ​ដ្ឋា​ក៏​បាន​សរសេរ​បញ្ជាក់​ថា លោក​សូម​អភ័យទោស​សម្តេច​តេ​ជោ និង​កងទ័ព​ទាំងអស់ «​ដោយ​សុទ្ធចិត្ត​» ដែល​លោក​បាន​ប្រើ​ពាក្យ​មិន​គប្បី​វាយប្រហារ និង​រិះគន់​យ៉ាង​ចាស់ដៃ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ផ្ទាល់ កាលពី​ខែសីហា ឆ្នាំ​២០១៧ ។ ក្នុង​លិខិត ដដែល​នោះ​លោក សួន សេរីរ​ដ្ឋា​បាន​សម្តែង​ការ​សោកស្តាយ​ដែល​លោក​បាន​សរសេរ​នូវ​សារ​នយោបាយ​ផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​កន្លង​មក ដោយ​មិន​មានការ​ពិចារណា​ឲ្យ​បាន​ដិត​ដល់​ដែល​លោក​ថា បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កិត្តិយស​សម្តេច​តេ​ជោ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ និង​នាយ​ឧត្តមសេនីយ៍ ព្រមទាំង​ឧត្តមសេនីយ៍ ជា​អគ្គបញ្ជាការ​កងទ័ព​ជាតិ​របស់​យើង ។

លោក សួន សេរីរ​ដ្ឋា ក៏​បាន​ប្រកាស​ថា ៖ «​ខ្ញុំបាទ​សូម​សន្យា​ថា ចាប់ពី​ថ្ងៃនេះ​ទៅ ខ្ញុំបាទ​មិន​សរសេរ​មិន​និយាយ​អ្វី​ដោយ​គ្មាន​ការ​ពិចារណា​បែប​នេះ​ឡើយ ។ ខ្ញុំបាទ​គោរព​ច្បាប់រដ្ឋធម្មនុញ្ញ និង​ច្បាប់​នានា​ព្រមទាំង​ចូលរួម​ការពារ​នូវ​សន្តិភាព​ដែល​សម្តេច​តេ​ជោ ខិតខំ​សាង​បាន​យ៉ាង​លំបាក​មួយ​នេះ​ឲ្យ​គង់វង្ស​ជា​និច្ច​និរន្ត ដើម្បី​អភិវឌ្ឍន៍​ប្រទេស​» ។ លោក​សួន សេរីរ​ដ្ឋា​បាន​លើក​ឡើង​បន្ត​ថា ៖ «​សូម​សម្តេច​តេ​ជោ នាយ​ឧត្តមសេនីយ៍​ផុត​លេខ មេត្តា​ជួយ​អន្តរាគមន៍ ស្នើ​លើកលែងទោស​ឲ្យ​ខ្ញុំ​បាន​បាន​រួច​ផុត​ពី​ទោស​មាន​សេរីភាព ដើម្បី​វិល​ទៅ​ជួប​គ្រួសារ ថែរក្សា​ម្តាយ​ចាស់ជរា ថែរក្សា​កូន​តូច​ៗ ធ្វើ​ជា​កូន​ល្អ ជា​ឪពុក​ល្អ និង​ជា​ស្វាមី​ល្អ ព្រមទាំង​ជា​ពលរដ្ឋ​ល្អ ដោយ​ក្តី​អនុគ្រោះ​»​។

បើ​ទោះបីជា​លិខិត​សួន សេរីរ​ដ្ឋា បាន​ចុះ​តាំងពី​ថ្ងៃ​ទី​៣០ មេ​សា​ក៏​ដោយ​តែ​មក​ដល់​រសៀល​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០១៨ មិន​ទាន់​ឃើញ​ការ​ឆ្លើយ​តប​បែប​ណា​ពី​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​នៅឡើយ​ទេ ។
សូម​រម្លឹក​ថា អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០១៧ ក្រោយ​ពេល​លោក​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​ក​រិះគន់​ប្រមាថ​លើ​កងទ័ព​កម្ពុជា ពាក់ព័ន្ធ​នឹង​ជម្លោះព្រំដែន នៅ​តំបន់​អូរ​អាឡៃ និង​អូរ​តា​ង៉ាវ ក្នុងស្រុក​សៀម​ប៉ា​ង ខេត្តស្ទឹងត្រែង ដែល​កងទ័ព​ឡាវ បាន​ចូល​ឈ្លានពាន ។

ព្រះរាជអាជ្ញា​រង​នៃ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក​សៀង សុខ នៅ​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០១៧​ចោទប្រកាន់​លោក​សួន សេរីរ​ដ្ឋា​ចំនួន​៣​បទល្មើស ដែល​មាន​ដូច​ជា ៖ ទី​១- គឺ​បទ​ញុះញង់​កុំ​ឲ្យ​យោធិន​ស្តាប់បង្គាប់ តាម​មាត្រា ៤៧១​នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា ទី​២-​បទល្មើស​ធ្វើ​ឲ្យ​ខួច​ទឹកចិត្ត​កងទ័ព តាម​មាត្រា​៤៧២ និង​ទី​៣- គឺ​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ តាម​មាត្រា ៤៩៤ និង​មាត្រា​៤៩៥​នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា ។
ក្រោយមក​លោក​ក៏​ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៥​ឆ្នាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ