ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់បានចង.កសម្លាប់ខ្លួនដោយយកអាវដៃវែងពណ៌សទៅចងនឹងចង្រឹងបង្អួចបន្ទប់លេខ០៦៩ ជាន់ទី៤ ក្នុងផ្ទះសំណាក់មួយកន្លែង ហើយត្រូវបាននាងជាសង្សារឃើញស្ទុះទៅជួយ តែអកុសលបុរសនោះបានស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាទៀបភ្លឺថ្ងៃទី១៥ ឧសភា ២០១៨ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត្រ ក្រុងប៉ោយ
ប៉ែត ។
ជនរងគ្រោះឈ្មោះញ៉ាញ់ ពិសិដ្ឋ ជាបុគ្គលិកកាស៊ីណូមួយនៅក្រុងប៉ោយប៉ែត មានទីលំនៅភូមិរូងអំពិល ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។
តាមការរៀបរាប់ពីស្ត្រីឈ្មោះ ឱក សុវណ្ណនី អាយុ៣១ឆ្នាំ ជាបុគ្គលិកកាស៊ីណូធ្វើការជាមួយជនរងគ្រោះ ហើយស្នាក់នៅបន្ទប់ជួលក្បែរគ្នាបានឱ្យដឹងថា ជនរងគ្រោះបានស្រឡាញ់នាងជិត៤ខែហើយ តែនាងគ្រាន់តែរាប់អានជនរងគ្រោះជាបងប្អូន ដឹងអីគេចេះតែតាមសុំស្រឡាញ់នាងរហូត ។
នៅមុនពេលកើតហេតុ នាង និងជនរងគ្រោះ រួមជាមួយមិត្តភក្តិមួយចំនួនទៀតបាននាំគ្នាទៅញ៉ាំអាហារនៅចំណុច(ហាយសូ) លើអគារ១៨ជាន់នៃកាស៊ីណូមួយ បន្ទាប់មកក៏បន្តទៅផឹកស៊ីនៅក្នុងក្លឹបកំសាន្តទៀត ។ ពេលផឹកស៊ីនៅលើអគារ១៨ជាន់ ចំណុចហាយសូ និងនៅក្លឹបកំសាន្តនោះ នាងបានជួបមិត្តភក្តិប្រុសម្នាក់ជាជនជាតិចិន។
នាងបន្តថា ការញ៉ាំអាហារនៅចំណុចហាយសូនោះមិនមានអ្វីកើតឡើងទេ លុះនាងចុះមកផឹកស៊ីបន្តនៅក្លឹបកំសាន្ត ស្រាប់តែជួបមិត្តប្រុសចិននោះម្តងទៀតដោយចៃដន្យ ។ ការជួបជាលើកទី២នេះ មិត្តប្រុសចិនក៏បានទាញនាងរាំលេងកំសាន្ត ស្រាប់តែជនរងគ្រោះរករឿងចង់វាយតប់គ្នាជាមួយមិត្តប្រុសចិននោះ ។ ដោយខ្លាចមានរឿងកើតឡើង នាងក៏លួងលោមជនរងគ្រោះឲ្យមកបន្ទប់ជួលវិញ ដោយនាងជាអ្នកបើកបរម៉ូតូដឹកជនរងគ្រោះ ហើយប្រកែកគ្នាជាមួយនាងរហូតដល់បន្ទប់ជួល ទំនងជាខឹងនឹងមិត្តប្រុសចិនម្នាក់នោះ ។
ពេលដល់បន្ទប់ជួល ជនរងគ្រោះមិនទាន់ចូលគេងទេ បានយំហាក់ខឹងនឹងអ្វីមួយ នាងក៏បានទៅបន្ទប់ដេកនៅជាន់ទី២។ លុះមួយម៉ោងក្រោយមក ដោយមានការសង្ស័យ នាងក៏ឡើងទៅមើល ស្រាប់តែឃើញជនរងគ្រោះចង.ក នាងក៏ស្ទុះទៅត្រកងលើកជនរងគ្រោះដាក់លើការ៉ូ បន្ទាប់មកក៏ហៅមិត្តភក្តិដែលធ្វើការជាមួយគ្នា និងស្នាក់នៅក្នុងផ្ទះសំណាក់តែមួយ នាំគ្នាដឹកជនរងគ្រោះតាមម៉ូតូទៅកាន់គ្លីនិកឯកជន ។ ដោយឃើញអាការៈជនរងគ្រោះធ្ងន់ធ្ងរ គ្លីនិកឯកជននោះមិនហ៊ានទទួលក៏ណែនាំឲ្យដឹកទៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត តែអកុសលពេលទៅដល់ទីនោះ ក្រុមគ្រូពេទ្យធ្វើការពិនិត្យតាមបច្ចេកទេសប្រាប់ថា ជនរងគ្រោះស្លាប់បាត់ទៅហើយ។
នៅព្រឹកថ្ងៃដដែល សមត្ថកិច្ចជំនាញពាក់ព័ន្ធសហការជាមួយគ្រូពេទ្យបានធ្វើការត្រួតពិនិត្យ និងធ្វើកោសល្យ
វិច្ច័យលើរាងកាយសព ។ លទ្ធផលរកឃើញថា ជនរងគ្រោះបានចង.កសម្លាប់ខ្លួនពិតប្រាកដមែន បន្ទាប់មកក៏ប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
ចែករំលែកព័តមាននេះ