រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ដឹកកូនស្រីមកពីកន្លែងតារាងបាល់ទាត់យកអីឲ្យឪពុកវិញ ត្រូវជនសង្ស័យ២នាក់ឆក់កាបូបស្ពាយពីកូនស្រីបានសម្រេច បណ្តាលឲ្យដួលរងរបួសបែកមុខបែកមាត់កូនស្រី ចំណែកម្តាយមិនមានរងរបួសទេ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ នៅចំណុចប្រមាណជា១០០ម៉ែត្រ ពីផែថ្ម ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ជនរងគ្រោះមានឈ្មោះឡា រ៉ានី ភេទស្រី អាយុ១៣ឆ្នាំ មុខរបរជាសិស្ស ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ ។
ប្រភពព័ត៌មានពីជនរងគ្រោះជាម្តាយបានឲ្យដឹងថា មុនពេលកើតហេតុគាត់ជាមួយនឹងកូនស្រីបានជិះម៉ូតូមួយគ្រឿងប្រភេទកូទាម៉ាកជីណូ ពណ៌កាហ្វេ គោលបំណងយកអីយកទៅឲ្យប្តីរបស់គាត់នៅតារាងបាល់ទាត់នៅម្តុំឬស្សីកែវ ខណៈពេលដែលជិះត្រឡប់ចេញមកវិញ បានធ្វើដំណើរមកតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិក្នុងទិសដៅពីត្បូងទៅជើងមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមស៊េរី២០១៨ ពណ៌ខ្មៅ មិនចាំស្លាកលេខ ជិះមកពីក្រោយ ហើយធ្វើសកម្មភាពឆក់ទាញកាបូបកូនស្រីរបស់គាត់បានសម្រេច បណ្តាលឲ្យដួលម៉ូតូរងរបួសកូនស្រីបែកមុខបែកមាត់ ចំណែកម្តាយមិនមានរងរបួសទេ ដោយឡែកជនសង្ស័យវិញរត់គេចខ្លួនបាត់ស្រមោល ។
ភ្លាមៗនោះដែលសមត្ថកិច្ចប៉ុស្តិ៍ស្រះចកដឹកជនរងគ្រោះយកទៅព្យាបាលនៅគ្លីនិកជិតកន្លែងកើតហេតុ ។ នៅក្នុងកាបូបរបស់ជនរងគ្រោះដែលជនសង្ស័យឆក់យកទៅបាត់ ក្នុងនោះមានតែទូរស័ព្ទដៃម៉ាកiPhone 6មួយគ្រឿង ។
ក្រោយពេលកើតហេតុជនរងគ្រោះទៅព្យាបាលរួចមិនបានដាក់ពាក្យបណ្តឹងនោះទេ ក៏ជិះត្រឡប់ទៅផ្ទះវិញ ៕
ចែករំលែកព័តមាននេះ