ខេត្តកំពង់ឆ្នាំង ៖ ប្រារព្ឋពិធីបុណ្យចូលឆ្នាំខ្មែររបស់វត្តភ្នំទស្សពិត ស្ថិតក្នុងភូមិធ្លកវៀន ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ បានធ្វើឡើងក្រោយបុណ្យចូលឆ្នាំប្រពៃណីខ្មែររយៈពេល១ខែជារៀងរាល់ឆ្នាំ ។ វត្តភ្នំទស្សពិត មានចម្ងាយប្រមាណជាង៥០គីឡូម៉ែត្រពីទីរួមខេត្តកំពង់ឆ្នាំង ។ ពិធីបុណ្យយ៉ាងចម្លែកនេះ បានក្លាយជាទំនៀមទម្លាប់របស់អ្នកស្រុកជាង១៥ឆ្នាំមកហើយ ដោយមានប្រជាពលរដ្ឋមកចូលរួមយ៉ាងច្រើនកុះករ ។ សម្រាប់ឆ្នាំ២០១៨នេះ គណៈកម្មការវត្ត និងចៅអធិការបានរៀបចំធ្វើពិធីបុណ្យចូលឆ្នាំថ្មីនេះចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែឧសភា គឺចំថ្ងៃចំរើនព្រះជន្មព្រះមហាក្សត្រ នៃព្រះរាជណាចក្រកម្ពុជា ។
កាលពីព្រឹកថ្ងៃទី១៤ ខែឧសភានេះ ព្រះគ្រូចៅអធិការវរត្តភ្នំទស្សពិត ព្រះនាម ឆេង ឆុំ បានមានថេរដីកាឱ្យដឹងថា ការប្រារពធ្វើបុណ្យចូលឆ្នាំខ្មែរចំនួន៣យប់៤ថ្ងៃ គឺក្រោយពិធីបុណ្យចូលឆ្នាំខ្មែរពិតប្រាកដរយៈពេល១ខែ ។ ទំនៀមទម្លាប់ចូលឆ្នាំខ្មែរតបែបរបស់គណៈកម្មការវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្តបែបនេះមានរយៈពេលជាង១៥ឆ្នាំហើយ ប៉ុន្តែចៅអធិការវត្តមុនៗ ធ្វើត្រឹមតែរយៈពេល១យប់១ថ្ងៃប៉ុណ្ណោះ ប៉ុន្តែចាប់តាំងពីព្រះអង្គឡើងជាចៅអធិការបានធ្វើរយៈពេល៣យប់៣ថ្ងៃ ខុសតែឆ្នាំនេះ គឺធ្វើ៣យប់៤ថ្ងៃ ។ គោល បំណងនៃការប្រារព្ឋពិធីបុណ្យចូលឆ្នាំ ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធិផលនានានៅក្នុងវត្ត និងនៅក្នុងភូមិស្រុក ។ ព្រះគ្រូចៅអធិការវត្តបានមានថេរដីកាបន្តថា បើយើងធ្វើបុណ្យចូលឆ្នាំដូចគេដូចឯង ក្នុងខែមេសានោះ គឺពុំសូវមានពុទ្ធរិស័ទមកធ្វើបុណ្យទេ ដោយសារតែវត្តភ្នំទស្សពិតនៅឆ្ងាយពីភូមិស្រុក និងម្យ៉ាងពុទ្ធបរិស័ទភាគច្រើនទៅធ្វើបុណ្យតាមស្រុកកំណើតរបស់គេរៀងៗខ្លួន ។ ប៉ុន្តែនៅពេលយើងធ្វើបុណ្យចូលឆ្នាំក្រោយគេបែបនេះ គឺមានពុទ្ធបរិស័ទមកចូលរួមច្រើន ដោយមកពីខេត្តនានាគឺរាប់ម៉ឺននាក់ ចំណែកបច្ច័យកសាងវត្តក៏បានច្រើនផងដែរ ហើយបុណ្យនេះដែរ គឺធ្វើទៅតាមប្រពៃណីខ្មែរដូចវត្តនានាធ្វើបុណ្យក្នុងពេលចូលឆ្នាំខ្មែរយ៉ាងដូច្នោះដែរ ។
លោកអនុសេនីយ៍ឯក ប៉ាន់ សុវណ្ណ អធិការរងនគរបាលស្រុកសាមគ្គីមាជ័យ ដែលបានដឹកនាំកម្លាំងនគរបាលជួយការពារពិធីបុណ្យចូលឆ្នាំក្រោយគេនៅក្នុងវត្តនេះបាននិយាយអោយដឹថា កម្លាំងការពារសរុបក្នុងបុណ្យនេះមានចំនួន១០២នាក់ ក្នុងនោះមាននគរបាលស្រុក៤៥នាក់ កម្លាំងអាវុធហត្ថស្រុក៥នាក់ កម្លាំងយោធាស្រុក៥នាក់ កម្លាំងយោធាកងពលតូចលេខ១ចំនួន២៦នាក់ និងកម្លាំងប្រជាការពារភូមិ-ឃុំ៣២នាក់។ នៅក្នុងរយៈពេលបុណ្យ៣យប់៤ថ្ងៃនេះ កម្លាំងទាំងអស់បានសហការគ្នាការពារសណ្តាប់ធ្នាប់ និងសន្តិសុខបានល្អ ដោយមិនមានហេតុការណ៍អ្វីកើតឡើងរំខានដល់ការធ្វើបុណ្យទៀននេះឡើយ។
លោកអធិការរងបានបញ្ជាក់អោយដឹងទៀតថា ចំពោះប្រជាពលរដ្ឋដែលមកចូលរួមក្នុងពិធីបុណ្យនេះគឺមកពីគ្រប់ទិសទី ដែលក្នុង១ថ្ងៃៗមានប្រមាណជាង១ម៉ឺននាក់ ពិសេសមានច្រើននៅពេលរសៀល និងពេលយប់ ព្រោះតែបុណ្យនេះមានជួលល្ខោនបាសាក់មកសម្តែង និងក៏មានធុងប៉ាស់រាំលេងកំសាន្តផងដែរ ។
សូមបញ្ជាក់ដែរថា ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ខុសទំនៀមទម្លាប់នេះ គេសង្កេតឃើញមានអ្នកលក់ដូរយ៉ាងច្រើន លក់គ្រឿងបរិភោគ លក់សម្លៀកបំពាក់ និងរបស់របរប្រើប្រាស់ផ្សេងៗ ប្រៀបដូចទីផ្សារធំមួយផងដែរ ។ ក្រៅពីនោះគេឃើញមានអ្នកសុំទានជាច្រើននាក់ នៅតាមកាំជណ្តើរ សាលាឆាន់ និងនៅកាំជណ្តើរឡើងលើកំពូលភ្នំ (មានព្រះវិហាបុរាណ) ។ ភ្ញៀវដែលទៅទីនោះ មួយចំនួនទៅធ្វើបុណ្យ មួយចំនួនទៅជាលក្ខណៈទេសចរណ៍កំសាន្ត ដែលមកពីគ្រប់ទិសទី និងខេត្តឆ្ងាយៗ ហើយតាមការសង្កេត ឆ្នាំនេះ វត្តភ្នំទស្សពិត មានមនុស្សច្រើនជាងឆ្នាំមុនៗ ៕
ចែករំលែកព័តមាននេះ