ខេត្តបន្ទាយមានជ័យ ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ គេកត់សម្គាល់ឃើញថា មានការដឹកជញ្ជូនដើមដំឡូងមីស្រស់ៗពីប្រទេសថៃ យកមកចែកចាយដល់កសិករខ្មែរដែលដាំដំឡូងមី ដោយសារតែកម្ពុជាធ្លាប់ជួបប្រទះបញ្ហាជំងឺក្រាស៊ី ទើបខ្វះខាតពូជល្អៗសម្រាប់ការដាំដុះក្នុងឆ្នាំ២០១៨ នេះ ។
ពេលសាកសួរថា តើមូលហេតុអ្វីបានជាម្ចាស់ចម្ការកម្ពុជា នាំគ្នាទិញដើមដំឡូងពីថៃ មកដាំ ? អ្នកស្រុកលើកឡើងក្នុងហេតុផលខុសៗគ្នា ខ្លះថា មកពីឆ្នាំ២០១៧កន្លងទៅ គឺដើមដំឡូងមីរបស់កសិករខ្មែរ កើតជំងឺក្រាស៊ី ដើមមិនសូវល្អ មិនអាចយកធ្វើពូជដាំដុះ ខ្លាចមិនបានមើមដំឡូងល្អ ហើយមើមដំឡូងមីស្រស់ និងស្ងួតលក់ក្នុងឆ្នាំ២០១៨នេះ គឺបានតម្លៃថ្លៃជាងមុន ទើបពលរដ្ឋនាំគ្នាសម្រុកដាំដំឡូងមីច្រើន ទើបខ្វះពូជ ត្រូវទិញដើមបន្តពីប្រទេសថៃយ៉ាងដូច្នេះ ។ ហេតុដូច្នេះហើយគេកត់សម្គាល់ឃើញមានការដឹកដើមដំឡូងមីស្រស់ៗលក់តាមរថយន្តនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ យ៉ាងច្រើនកុះករ ។
សាកសួរផ្ទាល់មាត់នៅចំណុចជិតព្រំដែន អ្នកបើកបរជនជាតិថៃខ្លះបានប្រាប់ឲ្យដឹងថា ដើមដំឡូងមីស្រស់ៗនោះ គឺត្រូវបានដឹកមកពីខេត្តស្រះកែវ ជាខេត្តជាប់ព្រំដែនខ្មែរ ហើយមួយភាគធំក៏ដឹកមកពីខេត្តឆ្ងាយៗដូចជា ខេត្តនគរាជសីម៉ា ប្រទេសថៃ ជាដើម ដែលត្រូវប្រើរយៈពេលជិត១ថ្ងៃ ទើបមកដល់ព្រំដែនខ្មែរ ។
ក្រុមកម្មករខ្មែរដែលស៊ីឈ្នួលលើកដាក់ដើមដំឡូងពីរថយន្តថៃ និយាយថា ដើមដំឡូងស្រស់ទាំងនេះក្រោយទិញពីថៃ គឺយកទៅដាំនៅខេត្តឧត្តរមានជ័យ, សៀមរាប និងកំពង់ធំ។ល។
ពលរដ្ឋនិយាយថា ដើមដំឡូងមីស្រស់ទិញពីថៃ ក្នុង១បាច់ ស្មើនឹង២០ដើម មានតម្លៃ៤០ ទៅ៤២បាត (ប្រាក់ថៃ) ឬគិតជាប្រាក់ខ្មែរ ស្មើនឹង៥.០០០ទៅ៥.២០០រៀល ។ ដូច្នេះ ក្នុង១រ៉ៃ (៤០ម៉ែត្រx៤០ម៉ែត្រ) ត្រូវដាំអស់៤០បាច់ ស្មើនឹង៨០០ដើម ។
លោក ប៉ាង វណ្ណសេដ្ឋ ប្រធានមន្ទីរកសិកម្ម និងរុក្ខាប្រមាញ់ខេត្ត បានប្រាប់តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១២ ឧសភា ថា ដំណាំកសិ-ឧស្សាហកម្មដំឡូងមី និងពោត នៅឆ្នាំ២០១៧ គឺមានទីផ្សារល្អជាងឆ្នាំមុនៗ ។ ករណីពលរដ្ឋសម្រុកទិញដើមដំឡូងមីពីជនជាតិថៃនេះ ដោយសារដំឡូងដាំយូរពេក នាំឲ្យដើមអន់ ហេតុនេះ ពលរដ្ឋមួយចំនួនក៏សម្រេចចិត្តប្រមូលដុតចោល ទើបត្រូវការនាំចូលដើមដំឡូងមីពីប្រទេសថៃ មកដាំ ។ ម្យ៉ាងទៀត ដោយសារឆ្នាំនេះ ដំឡូងមីមានទីផ្សារល្អ ពលរដ្ឋកាន់តែពង្រីកផ្ទៃដីដាំដុះបន្ថែមទៀត ទើបខ្វះខាតដើមដំឡូងមីល្អធ្វើពូជ ហើយក៏តម្រូវឲ្យទិញពីប្រទេសជិតខាងតែម្តង ។
លោកបន្តថា នៅឆ្នាំ២០១៧ ពលរដ្ឋដាំដំណាំកសិ-ឧស្សាហកម្មទូទាំងខេត្ត គឺនៅលើផ្ទៃដីចំនួន៨៥.០០០ហិកតា ខណៈឆ្នាំ២០១៨នេះ ពលរដ្ឋទើបតែដាំបាន៤ម៉ឺនហិកតា ប៉ុន្តែកំពុងដាំដុះបន្ត ព្រោះពេលនេះ ជារដូវដើមដៃ។ លោកថា ៖« នៅឆ្នាំនេះ ពលរដ្ឋអាចដាំដុះដំណាំដំឡូងមីច្រើនជាងឆ្នាំមុនៗ ព្រោះតែឆ្នាំនេះ ដំឡូងមីមានទីផ្សារល្អ » ។
ពាក់ព័ន្ធនឹងផលដំណាំកសិ-ឧស្សាហកម្ម លោកប្រធានមន្ទីរប្រាប់ថា ឆ្នាំនេះ ការដាំដុះពោតរបស់កសិករនឹងថយចុះ ព្រោះដំណាំពោតពិបាកថែ ហើយមិនសូវមានទីផ្សារល្អដូចដំឡូងមីឡើយ ។ លោកបញ្ជាក់ថា កាលពីឆ្នាំ២០១៧ ពលរដ្ឋដាំពោតបាន១ម៉ឺន៣ពាន់ហិកតា ដោយឡែក នៅឆ្នាំ២០១៨នេះ ពលរដ្ឋទើបតែដាំពោតបានជាង១.០០០ហិកតាប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ