ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិន្នផល​ម្រេច​វៀតណាម​កើនឡើង​ខ្លាំង

5 ឆ្នាំ មុន

ទីក្រុង​ហាណូយ ៖ យោង​តាម​សមាគម​ម្រេច​វៀតណាម (VPA) បាន​ឲ្យ​ដឹង​ថា ទិន្នផល និង​ការ​នាំ​ចេញ​ម្រេច​របស់​វៀតណាម​បាន​កើនឡើង​យ៉ាង​ខ្លាំង​កាលពី​ឆ្នាំ​មុន ប៉ុន្តែ​តម្លៃ និង​ប្រាក់​ចំណូល​ពី​ការ​នាំ​ចេញ​បាន​ធ្លាក់​ចុះ​ទៅ​វិញ ។…

ទីក្រុង​ហាណូយ ៖ យោង​តាម​សមាគម​ម្រេច​វៀតណាម (VPA) បាន​ឲ្យ​ដឹង​ថា ទិន្នផល និង​ការ​នាំ​ចេញ​ម្រេច​របស់​វៀតណាម​បាន​កើនឡើង​យ៉ាង​ខ្លាំង​កាលពី​ឆ្នាំ​មុន ប៉ុន្តែ​តម្លៃ និង​ប្រាក់​ចំណូល​ពី​ការ​នាំ​ចេញ​បាន​ធ្លាក់​ចុះ​ទៅ​វិញ ។

ក្រសួងកសិកម្ម និង​ការ​អភិវឌ្ឍ​ជនបទ និង​ការិយាល័យ​ស្ថិតិ​ទូទៅ ឲ្យ​ដឹង​ថា កាលពី​ឆ្នាំ​មុន ប្រទេស​វៀតណាម​ដាំ​ម្រេច​បាន​ចំនួន​១៥​ម៉ឺន​ហិ​កតា ហើយ​ទទួល​បាន​ទិន្នផល​២៤​ម៉ឺន​តោន ឬ​ស្មើនឹង​៤៨% នៃ​ផលិតកម្ម​សរុប​ទូ​ទាំង​ពិភពលោក ។

សមាគម​ម្រេច​វៀតណាម​បាន​បន្ថែម​ថា កាលពី​ឆ្នាំ​មុន ការ​ប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វល្អិត​ក្នុង​ប្រទេស​វៀតណាម​បាន​កាត់​បន្ថយ ពីព្រោះ​បច្ចុប្បន្ន កសិករ​វៀតណាម​យល់​ដឹង​ពី​បច្ចេកទេស​ធ្វើ​កសិកម្ម​ល្អ​ប្រសើរ​ជាង​មុន ។

តម្លៃ​ម្រេចខ្មៅ​បាន​ធ្លាក់​ចុះ​ពី​៥,៨​ដុល្លារ​ក្នុង​១​គីឡូក្រាម​កាលពី​ខែមករា​ឆ្នាំ​មុន មក​ស្មើ​ត្រឹមតែ​៣,២​ដុល្លារ​ប៉ុណ្ណោះ​កាលពី​ខែធ្នូ​ឆ្នាំ​មុន ។

នាយកដ្ឋាន​ពន្ធដារ​វៀតណាម​និយាយ​ថា ប្រទេស​វៀតណាម​នាំ​ចេញ​ម្រេច​បាន​ចំនួន​២១​ម៉ឺន​៥​ពាន់​តោន កើនឡើង​២០% ប៉ុន្តែ​ស្មើនឹង​ទឹកប្រាក់​តែ​១,១​ប៊ី​លាន​ដុល្លារ​ប៉ុណ្ណោះ ធ្លាក់​ចុះ​២២% ។

កត្តា​ដែល​បង្ក​ឲ្យ​តម្លៃ​ម្រេច​ធ្លាក់​ចុះ​នេះ រួម​មាន បម្រែបម្រួល​បរិយាកាស កំណើន​ផ្ទៃដី​ដាំ​ដុះ និង​កសិករ​ខ្វះ​បទ​ពិសោធន៍​ក្នុង​ការ​ដាំ​ដុះ ដែល​បង្ក​ឲ្យ​មាន​កំណើន​ទិន្នផល ប៉ុន្តែ​ខ្វះ​គុណភាព ។

សមាគម​ម្រេច​វៀតណាម​បាន​បន្ថែម​ទៀត​ថា តម្លៃ​ម្រេច​នៅ​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៨​នេះ គឺ​ទាប​ជាង​ឆ្នាំ​មុន ដល់​ទៅ​៣០%​ឯណោះ ។

អគ្គនាយក​របស់​ក្រុមហ៊ុន Nedspice Processing Viet Nam Ltd., ដែល​បាន​សហការ​ក្នុងវិស័យ​នេះ​នៅ​ខេត្ត Binh Phuoc កាលពី​៥​ឆ្នាំ​មុន បាន​និយាយ​ថា នឹង​ត្រួតពិនិត្យ​គុណភាព​ម្រេច​នាំ​ចេញ ព្រមទាំង​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​កសិករ​ផង​ដែរ សម្រាប់​ជា
គន្លឹះ​ដោះស្រាយ​បញ្ហា​នេះ ។

គេ​គិត​ថា ការ​នាំ​ចេញ​ម្រេច​របស់​ប្រទេស​វៀតណាម​នៅ​ក្នុងឆ្នាំនេះ គឺ​ស្មើនឹង​កាលពី​ឆ្នាំ​មុន​ដែរ ពីព្រោះ​វិស័យ​នេះ​នឹង​បន្ត​ជួប​ប្រទះ​ឧបសគ្គ​ជា​ច្រើន​ដូច​ជា បម្រែបម្រួល​បរិយា​កាស និង​ជំងឺ ជាដើម ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ