ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ភូមិ​ចំនួន​៨៤​នាក់​ដែល​ពុល​ទឹក បានជា​សះស្បើយ​អស់ហើយ

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ លោក ប៊ុ​ន សួរ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹង​ថា អ្នក​ភូមិ​ចំនួន​៨៤​នាក់ រស់នៅ​ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ដែល​កើត​មាន​បញ្ហា​សុខភាព​បង្ករ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី​៩…

ខេត្តមណ្ឌលគិរី ៖ លោក ប៊ុ​ន សួរ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹង​ថា អ្នក​ភូមិ​ចំនួន​៨៤​នាក់ រស់នៅ​ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ដែល​កើត​មាន​បញ្ហា​សុខភាព​បង្ករ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី​៩ រហូត​ដល់​ល្ងាច​ថ្ងៃ​ទី​១០ បាន​ធូរស្រាល​នឹង​ជា​សះស្បើយ​១០០% ហើយ​បាន​វិញ​ត្រឡប់​ទៅ​លំនៅ​ឋាន​រៀង​ៗ​ខ្លួន​វិញ នា​ព្រឹក​ថ្ងៃ​ទី​១១ ឧសភា ២០១៨ ដោយ​គ្មាន​មនុស្ស​ណា​ម្នាក់​បាត់បង់​ជីវិត​ឡើយ​។ ចំណែក​ក្រសួងសុខាភិបាល នៅ​កាលពី​ល្ងាច​ថ្ងៃ​ទី​១០ ឧសភា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ដែល​មាន​ខ្លឹមសារ​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១០ ឧសភា ២០១៨ តាម​រយៈ​នៃ​ការ​អង្កេត​ស្រាវជ្រាវ​ដោយ​ក្រុម​កា​ងារ​ឆ្លើយ​តប​បន្ទាន់ គឺ​មាន​ករណី​អ្នកជំងឺ​មក​ពី​ភូមិ​ខាងលើ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ស្រុក​ស្នួល ខេត្តក្រចេះ ចំនួន​២៦​ករណី​(​ស្រី​១០​នាក់​) ហើយ​ក្នុង​ករណី​ដែល​មក​សម្រាក​ពេទ្យ​ជា​ករណី​សង្ស័យ​ថា​ជំងឺ​ផ្តាសាយធំ និង​មាន​សភាព​ស្រាល​ដែល​ពួក​គាត់​បាន​ចេញ​ត្រឡប់​ទៅ​មូលដ្ឋាន​វិញ ក្រោយ​ពី​ទទួល​បានការ​ព្យាបាល​២​ទៅ​៣​ម៉ោង​។

រហូត​មក​ដល់​ម៉ោង​០៥​ល្ងាច ថ្ងៃ​ទី​១០ ឧសភា ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរ សុខាភិបាល បាន​ចុះ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ដល់​ភូមិ​ខាងលើ​ចំនួន​៥៨​នាក់​(​ស្រី​៣០​នាក់​)​។ ចំនួន​អ្នកជំងឺ​ដែល​មក ពិនិត្យ​ព្យាបាល​សរុប​៨៤​នាក់​(​ស្រី​៤៧​នាក់​) ដែល​ក្នុង​ចំនួន​នេះ​មាន​តែ​ចំនួន​១១​នាក់ (​ស្រី​០៧​នាក់​)​ទេ ដែល​មាន​រោគ សញ្ញា​ជា​ជំងឺ​ផ្តាសាយធំ រីឯ​អ្នកជំងឺ​ចំនួន​៧៣​នាក់ គាត់​មាន​អារម្មណ៍​ខ្លាច​នឹង​ព្រឹត្តិការណ៍​នៅ​ភូមិ​អា​លោ​ច ក្នុង​ខេត្តក្រចេះ ទើប​មាន​ស្ថានភាព​បែប​ជា​ស្រ៊ឺ​ត​(Panic attack)​ផង និង​មាន​បញ្ហា​សុខភាព​ផង ដូច​ជា​ឈឺក្បាល រាគ​តិចតួច ឈឺពោះ ឬ​គ្រាន់តែ​វិលមុខ ឬ​ទន់ ដៃ​ទន់​ជើង​អស់កម្លាំង​ជាដើម​។ ហើយ​អ្នកមាន​រោគ​សញ្ញា​ទាំងនេះ​មិន​មាន រក​ឃើញ​រោគ​សញ្ញា ពុល​ទឹក​នោះ​ឡើយ​។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​ដែរ ក្រសួង​បាន​ណែនាំ​វិធានការ​បង្ការ​កុំ​ឲ្យ​ឆ្លង​ជំងឺឆ្លង​ផង​ដែរ គឺ ១,​អ្នក​ដែល​មាន​ជំងឺ​ផ្តាសាយ​ត្រូវ​ពាក់​ម៉ាស់ ឬ​ក្រមា​ស្អាត​នៅ​មាត់ និង​ឧស្ស​ហ៍​លាងដៃ​នឹង​សាប៊ូ ដើម្បី​ចៀសវាង​ឆ្លង​ទៅ សមាជិកគ្រួសារ ២,​អ្នកជំងឺ​ផ្តាសាយ ពេល​ក្អក ឬ​កណ្តាស់ ត្រូវ​យក​កន្សែង ឬ​ក្រមា​ខ្ទប់មាត់ ហើយ​ហាម​ដាច់ខាត កុំ​ក្អក​ដាក់​បាតដៃ ដែល​អាច​ឆ្លង​ទៅ​អ្នក​ដទៃ​បាន តាម​រយៈ​ការ​ចាប់ដៃ​ជាដើម ៣,​នៅ​ឲ្យ​ឆ្ងាយ​ពី​អ្នកជំងឺ​យ៉ាងតិច​០១​ម៉ែត្រ ៤,​ត្រូវ​លាងដៃ​នឹង​សាប៊ូ​មុន ឬ​ក្រោយ​ពេល​ហូប​បាយ និង​បន្ទោបង់ ៥,​លាង​សម្អាត​បន្លែ​ផ្លែ​ឈើ​មុន​បរិភោគ ៦,​សម្អាត​សម្ភារ​ប្រើប្រាស់​សម្រាប់​ចម្អិន​ម្ហូបអាហារ​ឲ្យ​បាន​ត្រឹមត្រូវ ៧,​ចម្អិន​អាហារ​ឲ្យ​បាន​ឆ្អិន​ល្អ​សាច់ សត្វ​ស្លាប និង​ស៊ុត ៨,​ទុកដាក់​ចំណីអាហារ​ឆ្អិន និង​ឆៅ​ឆ្ងាយ​ដាច់​ពី​គ្នា​ជាដើម ប្រ​សិន​មាន​អាកា​រៈ​ខុស​ប្លែក​ពី​ធម្មតា​សូម​ទៅ​ស្វែងរក​ការ​ព្យាបាល​នៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​ផ្ទះ​បំផុត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ