ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគមន៍​ព្រៃឈើ​ចំបក់​ហោះ​ភ្នំ​ដែក​កន្លែង​កម្សាន្ត​ធម្មជាតិ

5 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ សហគមន៍​ព្រៃឈើ​ភ្នំ​ដែក​ចំបក់​ហោះ ពី​មុន​ពុំ​សូវ​មាន​អ្នក​ស្គាល់ និង​ចាប់អារម្មណ៍​ទៅ​លេង​កម្សាន្ត​ទេ ។ តំបន់​នេះ​មិន​ត្រឹមតែ​សម្បូរ​ទៅ​ដោយ​ព្រៃឈើ សត្វព្រៃ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​តំបន់​អេកូ​ទេសចរណ៍ធម្មជាតិ​ដ៏​ស្រស់​ស្អាត​ថែម​ទៀត ។…

ខេត្តព្រះវិហារ ៖ សហគមន៍​ព្រៃឈើ​ភ្នំ​ដែក​ចំបក់​ហោះ ពី​មុន​ពុំ​សូវ​មាន​អ្នក​ស្គាល់ និង​ចាប់អារម្មណ៍​ទៅ​លេង​កម្សាន្ត​ទេ ។ តំបន់​នេះ​មិន​ត្រឹមតែ​សម្បូរ​ទៅ​ដោយ​ព្រៃឈើ សត្វព្រៃ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​តំបន់​អេកូ​ទេសចរណ៍ធម្មជាតិ​ដ៏​ស្រស់​ស្អាត​ថែម​ទៀត ។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ តំបន់​អេកូ​ទេសចរណ៍ធម្មជាតិ ភ្នំ​ដែក​ចំបក់​ហោះ​នេះ កំពុង​ទាក់ទាញ​ការ​ចាប់អារម្មណ៍​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​លេង​កម្សាន្ត ។

តំបន់​អេកូ​ទេសចរណ៍ធម្មជាតិ​ចំបក់​ហោះ​ភ្នំ​ដែក​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​ភ្នំ​ដែក ឃុំ​រមណីយ៍ ស្រុក​រវៀង ខេត្តព្រះវិហារ ។ ភ្ញៀវ​ទេសចរ​អាច​ទៅ​លេង​កម្សាន្ត បាន​ងាយស្រួល នៅ​ចន្លោះ​ខែធ្នូ ដល់​មីនា ។ ភ្ញៀវ​ទេសចរ​ភាគច្រើន ជា​ភ្ញៀវ​ជាតិ ដោយឡែក​ភ្ញៀវ​អន្តរជាតិ នៅ​មាន​តិចតួច​នៅឡើយ ។

លោក​ឃា សុខ​ជា ប្រធាន​សហគមន៍​ព្រៃឈើ​ភ្នំ​ដែក​ចំបក់​ហោះ និង​ជា​បណ្តាញ​សហគមន៍​ព្រៃឈើ​ខេត្តព្រះវិហារ​ឲ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា តំបន់​ទេសចរណ៍ធម្មជាតិ​មួយ​នេះ​បង្កើត​ឡើង​តាំងពី​ឆ្នាំ​២០០០​មក​ម្ល៉េះ គ្រប់គ្រង​ការពារ ថែរក្សា ដោយ​សហគមន៍​ព្រៃឈើ​ភ្នំ​ដែក​ចំបក់​ហោះ ទទួលស្គាល់​ដោយ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ។ ភាព​ទាក់ទាញ​នៅ​ក្នុង​តំបន់​ទេសចរណ៍ធម្មជាតិ​នេះ​សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​ចូល​ទៅ​លេង​កម្សាន្ត​មាន​ដូច​ជា ទេសភាព​ព្រៃឈើ​ធម្មជាតិ​បៃតង សត្វព្រៃ​ជា​ច្រើន​ប្រភេទ រួម​ទាំង​កន្លែង​កម្សាន្ត ជិះ​ខ្សែ​រ៉ក យោលទោង ឡើងដើមឈើ ដើរ​លើ​ស្ពាន​អាកាស ឡើង​លើ​ភ្នំ និង​កន្លែង​កម្សាន្ត​ជា​ច្រើន នៅ​លើ​ផ្ទៃដី​ប្រមាណ​ជាង​២៥​ហិតា ។

ជា​ទូទៅ​ភ្ញៀវ​ដែល​ចូល​ទៅ​លេង​កម្សាន្ត​នៅ​ទីនោះ​លក្ខណៈ​ជា​ក្រុម ដោយ​ស្នាក់​នៅ​ទីនោះ​ផ្ទាល់​តែ​ម្តង ។ ក្រុម​ខ្លះ​ស្នាក់​នៅ​២​ថ្ងៃ ឬ​៧​ថ្ងៃ​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ។ ចំពោះ​តម្លៃ​សមរម្យ​ទៅ​តាម​សេវាកម្ម​ដែល​ភ្ញៀវ​ចង់បាន ។ សម្រាប់​អ្នក​រស់នៅ​ក្បែរ​តំបន់​នោះ​អាច​ចូល​លេង​បានជា​រៀងរាល់ថ្ងៃ ។
នៅ​ពេល​ខាង​មុខ​សហគមន៍​ព្រៃឈើ​ភ្នំ​ដែក​ចំបក់​ហោះ នឹង​រៀបចំ​លក់​សំបុត្រ ក្នុង​តម្លៃ​សមរម្យ សម្រាប់​ភ្ញៀវ​ទេសចរ​ចូល​ទស្សនា​កម្សាន្ត តំបន់​អេកូ​ទេសចរណ៍ធម្មជាតិ​មួយ​នេះ ដើម្បី​បាន​ចំណូល​ការពារ និង​អភិរក្ស ព្រៃឈើ​បន្ត ។

លោក​ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តព្រះវិហារ បាន​លើក ឡើង​ថា ក្រៅពី​ការងារ​ថែទាំ ការពារ អភិរក្ស​ព្រៃឈើ​នេះ ដើម្បី​ឲ្យ​សហគមន៍​ព្រៃឈើ ក៏​ដូច​ជា សមាជិក​សហគមន៍​ព្រៃឈើ​មាន​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ មន្ត្រី​ជំនាញ​នឹង​សិក្សា​តំបន់​សហគមន៍ ព្រៃឈើ​បន្ថែម​ទៀត​សម្រាប់​បង្កើត​ឲ្យ​ទៅ​ជា​តំបន់​អេកូ​ទេសចរណ៍ធម្មជាតិ នៅ​ក្នុង​សហគមន៍​ព្រៃឈើ ដែល​មាន​សក្តានុពល ដើម្បី​ទាក់ទាញ ឲ្យ​ភ្ញៀវ​ទៅ​កម្សាន្ត ហើយ​បាន​ប្រាក់​ចំណូល​ពី​ការ​ផ្តល់​សេវា ផ្សេង​ៗ​ជូន​ភ្ញៀវ​ទេសចរ​នៅ​ទីនោះ​។​

លោក​ឆាយ ប៊ុ​ណ្ណា ជា​ភ្ញៀវ​ទេសចរ​ពី​រាជធានី​ភ្នំពេញ ដែល​ទៅ​លេង​កម្សាន្ត​នៅ​ទីនោះ​បាន​សម្តែង​អារម្មណ៍​រំភើប​រីករាយ​យ៉ាង​ខ្លាំង ខណៈ​ដែល​លោក​ដឹកនាំ​ក្រុមការងារ​របស់​លោក​ទៅ​ទស្សនកិច្ច​នៅ​តំបន់​អេកូ​ទេសចរណ៍​សហគមន៍​ព្រៃឈើ​ភ្នំ​ដែក​ចំបក់​ហោះ នៃ​ខេត្តព្រះវិហារ ។ លោក​សរសើរ​ទេសភាព​ធម្មជាតិ​មាន​ភាព​ស្រស់បំព្រង បូក​រួម​ទាំង​ខ្យល់អាកាស​ធម្មជាតិ ពិត​ៗ ជា​ពិសេស​នោះ ភ្ញៀវ​ទេសចរ​អាច​មើលឃើញ​សត្វព្រៃ​មួយ​ចំនួន​នៅ​ក្នុង​តំបន់​នោះ​ដោយ​ផ្ទាល់​ភ្នែក ។ ចំពោះ​សេវាកម្ម​របស់​សហគមន៍​ព្រៃឈើ​នៅ​ទីនោះ ក៏​អាច​ទទួលយក​បាន​ទាំង​ការ​ស្នាក់​នៅ ការ​ហូប​ចុក និង​តម្លៃ​សមរម្យ​អាច​ទទួលយក​បាន ។

យោង​តាម​តួលេខ​របស់​សហគមន៍​ព្រៃឈើ​ចំបក់​ហោះ​ភ្នំ​ដែក ក្នុង​ឆ្នាំ​២០១៧​បង្ហាញ​ថា ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​ទៅ​លេង​កម្សាន្ត​នៅ​សហគមន៍​ព្រៃឈើ មាន​ចំនួន​ជិត​១៤០០​នាក់ ក្នុង​នោះ​ភ្ញៀវ​អន្តរជាតិ មាន​ប្រមាណ​៤០០​នាក់ ។ តួលេខ​នេះ​មានការ​កើនឡើង បន្តិច​ម្តង​ៗ ពី​១​ឆ្នាំទៅ​១​ឆ្នាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ