ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ករណីសង្ស័យពុលទឹក​​គីមីបានកើនយ៉ាង​គំហុក​ពី​៣៤​នាក់ ​ទៅ​៨០​នាក់…

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ អាជ្ញាធរ​បាន​រាយការណ៍​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ក្មេង​ចាស់​ជាង​៨០​នាក់ រស់នៅ​ឃុំ​ស្រែ​ឈូក ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់នៅ​តាម​មន្ទីរពេទ្យ​នានា ក្នុងស្រុក​ស្នួល ខេត្ត ក្រចេះ​ តាំងពី​ល្ងាច​ថ្ងៃ​ទី​៩…

ខេត្តមណ្ឌលគិរី ៖ អាជ្ញាធរ​បាន​រាយការណ៍​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ក្មេង​ចាស់​ជាង​៨០​នាក់ រស់នៅ​ឃុំ​ស្រែ​ឈូក ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់នៅ​តាម​មន្ទីរពេទ្យ​នានា ក្នុងស្រុក​ស្នួល ខេត្ត ក្រចេះ​ តាំងពី​ល្ងាច​ថ្ងៃ​ទី​៩ ឧសភា រហូត​ដល់​រសៀល​ថ្ងៃ​ទី​១០ ឧសភា ២០១៨ ក្រោយ​ពួក​គាត់​មាន​អាការ​ក្អួតចង្អោរ រាករូស វិលមុខ និង​អស់កម្លាំង​ ដែល​សង្ស័យ​បណ្តាល​មក​ពី​ពុលសារធាតុ​គីមី​ក្នុង​ទឹក ។

លោក ស៊ុន ប៊ុ​ន​ធឿ​ន អធិការ​នគរបាល​ស្រុក​កែវ​សីមា​បានឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក ថ្ងៃ​ទី​៩ ឧសភា លោក​បាន​ទទួល​ព័ត៌មាន​ពី​នាយ​ប៉ុស្តិ៍​រដ្ឋបាល​ស្រែ​ឈូក​ថា មាន​អ្នក​ភូមិ​ចំនួន​១៤​នាក់​ មាន​អាការ​ពុល​ថ្នាំ ។ បន្ទាប់​ពី​ដឹង​ព័ត៌មាន​នេះ​ភ្លាម លោក​បាន​ចុះ​ទៅ​ពិនិត្យ​ទីតាំង​កើតហេតុ​ដោយ​ផ្ទាល់ និង​បាន​នាំ​យក​អ្នកជំងឺ​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្នួល ខេត្តក្រចេះ ដែល​នៅ​កៀក​នឹង​ភូមិ​កើត ហេតុ ។ លោក​អធិការ​បានឱ្យ​ដឹង​ទៀត​ថា ចំនួន​អ្នក​រង​គ្រោះ​ដោយ​អាការ​ក្អួតចង្អោរ រាក វិលមុខ និង​អស់ កម្លាំង​នោះ​ បាន​បន្ត​កើនឡើង​រហូត​ដល់​៣៤​នាក់ គិត​ត្រឹម​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១០ ឧសភា ។ ទោះជា​យ៉ាងណា​ ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ធូរស្រាល​វិញ ក្រោយ​ទទួល​បានការ​ព្យាបាល​ពី​សំណាក់​គ្រូពេទ្យ និង​បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​ខ្លះ​ៗ​ហើយ ។

ចំពោះ​សភាពការណ៍​ជាក់ស្តែង ​ក្នុង​ឃុំ​ស្រែ​ព្រះ តាម​ការ​ឱ្យ​ដឹង​ពី​លោក នួន សា​រ៉​ន អភិបាលស្រុក​កែវ​សីមា​បាន​ប្រាប់​ថា គិត​ត្រឹម​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​១០ ឧសភា ស្ថានភាព​អ្នកជំងឺ​ ដែល​មិន​ទាន់​ដឹង​បណ្តាល​មក​ពី​មូលហេតុ​អ្វី​នោះបាន​បន្ត​កើនឡើង​យ៉ាង​គំហុក​ពី​៣៤​នាក់ ទៅ​៨០​នាក់ ដែល​តម្រូវ​ឱ្យ​ក្រុម​គ្រូពេទ្យ​ត្រូវ​យក​រថយន្ត​សង្គ្រោះ​បី​គ្រឿង និង​រថយន្ត​របស់​អ្នក​ភូមិ​ជា​ច្រើន​គ្រឿង​ទៀត​ ដឹក​អ្នកជំងឺ​ទៅ​មន្ទីរពេទ្យ ​ដើម្បី​សង្គ្រោះ ។ ទោះជា​យ៉ាងណា ត្រឹម​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១០ ឧសភា គេ​នៅ​មិន​ទាន់​ទទួល​បានការ​បញ្ជាក់​ពី​អាជ្ញា​ធរ ពិសេស​ពី​មន្ទីរ​សុខាភិបាល​ខេត្តមណ្ឌលគិរី​នៅឡើយ​ទេ ពី​មូលហេតុ​ដែល​បណ្តាល​ឱ្យ​អ្នក​ភូមិ​ជិត​១០០​នាក់ រង​នូវ​អាការ​ជំងឺ​ដូច​ៗ​គ្នា​ខាងលើ​នេះ ។

បើ​តាម​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរ​សុខាភិបាល​​បាន​បញ្ជាក់​​ថា ក្រោយ​ការ​សាកសួរ​ជន​រង​គ្រោះ ពួក​គាត់​ប្រាប់​ស្រ​ដៀង​គ្នា​ថា មុន​ពេល​កើតហេតុ​ គឺ​ពួក​គាត់​បាន​បរិភោគ​ទឹក​ដែល​មាន​ខ្លះ​ជា​ទឹក​អណ្តូង និង​ទឹកអូរ​ តែ​គេ​នៅ​មិន​ទាន់​អាច​សន្និដ្ឋាន​ថា ជា​ករណី​ពុល​ទឹក​នោះ​ទេ ត្រូវ​រង់ចាំ​លទ្ធផល​វិភាគ​របស់​ក្រុម​អ្នកជំនាញ​សិន ។
ប្រភព​នានា​បាន​និយាយ​ថា ករណី​ខាងលើ​អាច​បណ្តាល​មក​ពី​កង្វះ​អនាម័យ​របស់​អ្នក​ភូមិ​ហូប​ទឹក​ឆៅ ឬ​ទឹក​ដែល​មាន​ប្រភព​មិន​ច្បាស់លាស់ ព្រោះ​រដូវ​នេះ​ជា​រដូវភ្លៀង មានការ​ដាំ​ដុះ​ដំណាំ​ និង​ការ​ប្រើប្រាស់​នូវ​ប្រភេទ​ថ្នាំ​គីមី​គ្រប់​ប្រភេទ ដើម្បី​ការពារ​សត្វល្អិត ឬ​ថ្នាំ​បង្កើន​ជីវជាតិ និង​ថ្នាំ​កម្ចាត់​ស្មៅ​ជាដើម ដែល​ផលិតផល​ទាំងនេះ​សុទ្ធ​សឹង​មាន​លាយ​សារធាតុ​គីមី​ក្នុង​កម្រិត​ខ្ពស់ ។

ប្រភព​បន្ត​ថា គេ​តែង​សង្កេត​ឃើញ​ប្រជា​កសិករ​មួយ​ចំនួន​ធំ ក្រោយ​ពី​បាញ់ថ្នាំ​គីមី​ទាំងនោះ​លើ​ដំណាំ​រួច ភាគច្រើន​ពួក​គាត់​មិនសូវ​យកចិត្តទុកដាក់ ឬ​វេច​ខ្ចប់​សំបក​ដប​ថ្នាំ​ឱ្យ​បាន​ត្រឹមត្រូវ​ទេ ពោល​គឺ​គាត់​បោះ​ចោល​​ពាស​វាល​ពាស​កាល ស្រប​ពេល​រដូវភ្លៀង​ធ្លាក់​ចូល​មក​ដល់​អាច​មាន​សំបក​ដប​ខ្លះ​ពុក​ផុយ លេច​ធ្លាយ​សារធាតុ​គីមី​លាយឡំ​ជាមួយ​ទឹកភ្លៀង​ហូរ​ចូល​ទៅ​ក្នុង​ប្រភព​ទឹក​ដែល​អ្នក​ភូមិ​ប្រើប្រាស់​ក៏​បណ្តាល​ឱ្យ​មាន​អាការ​ជំងឺ​ដូច​គ្នា​រាប់​សិប​នាក់​បែប​នេះ ។ យ៉ាងណា​ក៏​ដោយ​ការ​លើក​ឡើង​បែប​នេះ​គ្រាន់តែ​ជា​ការ​សន្និដ្ឋាន​ក្រៅផ្លូវការ​មួយ​ប៉ុណ្ណោះ គឺ​មាន​តែ​រង់ចាំ​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​ស្រាវជ្រាវ​ស៊ើបអង្កេត​ជាក់ស្តែង​ទើប​ដឹង​ការ​ពិត ។ លោក ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី​នៅ​ល្ងាច​ថ្ងៃ​ទី​១០ បាន​ដឹកនាំ​ក្រុម​គ្រូពេទ្យ​បន្ថែម​ចុះ​ទៅ​តំបន់​​កើតហេតុ ដើម្បី​ពិនិត្យ​និង​ជួយ​សង្គ្រោះ​ដល់​អ្នក​ភូមិ​ដែល​កំពុង​ជួប​បញ្ហា​សុខភាព​ទាំងនោះ ។

សូម​បញ្ជាក់​ថា តំបន់​ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ដែល​កំពុង​ផ្ទុះ​នូវ​ស្ថានភាព​ពុល​នេះ​ មាន​ចម្ងាយ​ពី​ទីរួម​ខេត្ត​មណ្ឌលគិរី​ប្រមាណ​១៦០​គីឡូម៉ែត្រ ស្ថិត​ក្នុង​ដែន​ជម្រក​ការពារ​សត្វព្រៃ​កែវ​សីមា ដោយ​ត្រូវធ្វើ​ដំណើរ​វាង​តាម​ផ្លូវ​ស្រុក​ស្នួល ខេត្តក្រចេះ ទើប​អាច​ចូល​ទៅ​ដល់​ឃុំ​ស្រែ​ឈូក ហើយ​នៅ​រដូវវស្សា​បែប​នេះ ​ផ្លូវ​ធ្វើ​ដំណើរ​ចូល​ទៅ​តំបន់​នោះ​​ពិបាក​ខ្លាំង​ណាស់ ។ បច្ចុប្បន្ន ​ឃុំ​មួយ​នេះ​​នៅ​មិន​ទាន់​មានទឹក​ស្អាត​ប្រើប្រាស់​នៅឡើយ ដោយ​អ្នក​ភូមិ​អាស្រ័យ​លើ​ទឹក​អណ្តូងស្នប់ អណ្តូង​ជីក និង​ទឹកអូរ ឬ​ព្រែក​ដែល​ហូរ​កាត់​ភូមិ​ប៉ុណ្ណោះ ។

អត្ថបទសរសេរ ដោយ