ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹកខ្សាច់អើយ អាណិតផ្លូវ​ខ្លះផង​ (មាន​វីដេអូ)

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋ​នៅ​តំបន់​អ្នក​លឿង ក្នុងស្រុក​ពាម​រក៍ បាន​ស្នើ​សុំ​អោយ​អាជ្ញាធរ មាន​វិធានការ​ទប់ស្កាត់ ចំពោះ​ក្រុម​រថយន្ត​ដឹក​ខ្សាច់​ធំ​ៗ ដែល​កំពុង​ធ្វើ​សកម្មភាព​បំផ្លាញ​ផ្លូវ ក្នុង​ឃុំ​ព្រែក​ខ្សាយ (…

ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋ​នៅ​តំបន់​អ្នក​លឿង ក្នុងស្រុក​ពាម​រក៍ បាន​ស្នើ​សុំ​អោយ​អាជ្ញាធរ មាន​វិធានការ​ទប់ស្កាត់ ចំពោះ​ក្រុម​រថយន្ត​ដឹក​ខ្សាច់​ធំ​ៗ ដែល​កំពុង​ធ្វើ​សកម្មភាព​បំផ្លាញ​ផ្លូវ ក្នុង​ឃុំ​ព្រែក​ខ្សាយ ( ខ )​។
ប្រជាពលរដ្ឋ បានអោយ​ដឹង​ថា ក្រុម​រថយន្ត​ដឹក​ខ្សាច់​ទាំងនោះ​មាន​គ្រប់​ខ្នាត​ទាំងអស់ តាំងពី​ខ្នាត​តូច​រហូត​ដល់​ធំ ប៉ុន្តែ​ប្រភេទ​ភ្លៅ​៥​កង់​១០ និង​ប្រភេទ​យី​ឌុ​ប មាន​ច្រើន​ជាងគេ​គឺ​ចាប់ពី​២០​ទៅ​៣០​គ្រឿង ហើយ​សកម្មភាព​នៃ​ការ​ដឹក​ជញ្ជូន​ខ្សាច់​នេះ ចាប់ផ្តើម​ដឹក​តាំងពី​ម៉ោង​៤​ព្រឹក រហូត​ដល់​ម៉ោង​៨​យប់​ជា​រៀងរាល់ថ្ងៃ​។

ប្រភព​ដដែល​នេះ​បាន​បញ្ជាក់​ប្រាប់​ថា ការ​សំរុក​ដឹក​ជញ្ជូន​ខ្សាច់​របស់​ក្រុម​ឈ្មួញ ឆ្លងកាត់​ឃុំ​ព្រែក​ខ្សាយ ( ខ ) ក្នុងស្រុក​ពាម​រក៍​នេះ កើត​មាន​ច្រើន​ខែ​មក​ហើយ ប៉ុន្តែ​កាលពីមុន​ដោយសារ​ជា​រដូវប្រាំង​មិន​មាន​ភ្លៀង ទើប​ផ្លូវ​មិនសូវ​ខូច គ្រាន់តែ​ហុយ តែ​ក៏​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ដែរ ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃ​មកនេះ ដោយសារ​តែ​មេឃ​ធ្លាក់​ភ្លៀង​ញឹកញាប់ ធ្វើ​អោយ​ទឹក​ដក់​លើ​ផ្លូវ ហើយ​ពេល​រថយន្ត​ដឹក​ខ្សាច់​ធំ​ៗ​ទាំងនោះ បើក​ឆ្លងកាត់ ក៏​ធ្វើ​អោយ​ផ្លូវបែក​ភក់ល្បាប់ និង​ផុង​ស្រុត​ទៅ​ជា​ជង្ហុក​ធំ​ៗ បង្ក​ការ​លំបាក​យ៉ាង​ខ្លាំង​ដល់​ការ​ធ្វើ​ដំណើរ របស់​បងប្អូន​ប្រជាពលរដ្ឋ ហើយ​បញ្ហា​នេះ​គេ​មិន​ដែល​ឃើញ​ខាង​អាជ្ញាធរ​មូលដ្ឋាន ចេញ​មាន​វិធានការ​ទប់ស្កាត់​នោះ​ទេ​។

ប្រជាពលរដ្ឋ​បាន​អះអាង​ថា ចំពោះ​ក្រុម​រថយន្ត​ដឹក​ខ្សាច់​ទាំងនោះ បើ​នៅ​តែ​បណ្តែតបណ្តោយ​បែប​នេះ​តទៅ​ទៀត ផ្លូវ​ក្នុង​ឃុំ​ព្រែក​ខ្សាយ ( ខ ) ឃុំ​អ្នក​លឿង ស្រុក​ពាម​រក៍ និង​ឃុំ​ព្រែក​ក្របៅ ស្រុក​ពាម​ជរ ច្បាស់​ជា​ខូច​ខ្ទេច​អស់​មិន​ខាន ដូច្នេះ​ហើយ​ទើប​ពួក​គាត់​សំណូមពរ​អោយ​អាជ្ញាធរ​ជួយ​មាន​វិធានការ​ទប់ស្កាត់​ផង​។

ឆ្លើយ​តប​ចំពោះ​បញ្ហា​នេះ ត្រូវ​បាន​លោកស្រី សេង ទៀង អភិបាលស្រុក​ពាម​រក៍ បញ្ជាក់​អោយ​ដឹង​កាលពី​ព្រឹក​មិ​ញ​នេះ​ថា បញ្ហា​នេះ​ខាង​អាជ្ញាធរ​ឃុំ​និង​ស្រុក​បានដឹង​ហើយ ។ លោកស្រី​បាន​ចាត់​អោយ​លោក​មេឃុំ ទាក់ទង​ហៅ​ខាង​ក្រុម​រថយន្ត​ទាំងនោះ ព្រមទាំង​ម្ចាស់​ដេប៉ូ​លក់​ខ្សាច់​ទាំងអស់ អោយធ្វើ​កិច្ចសន្យា បញ្ឈប់​ការ​ដឹក​ជញ្ជូន​ខុស​លក្ខណៈ​បច្ចេកទេស ក៏​ដូច​ជា​ការ​ដឹក​លើស​ទំងន់​ផង​ដែរ​។ ជាមួយ​គ្នា​នេះ ក៏​បាន​ស្នើ​សុំ​អោយ​ក្រុម​រថយន្ត​ទាំងនោះ ជួយ​ជួសជុល​ផ្លូវ​ដែល​ខូច ដោយ​ការ​ចាក់​ដី​កាយ​បង្ហាប់​អោយ​បាន​ស្មើ​ល្អ​ឡើង​វិញ ដើម្បី​កុំអោយ​ប៉ះពាល់ និង​បង្ក​ការ​លំបាក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​តទៅ​ទៀត ប៉ុន្តែ​ដោយសារ​ប៉ុន្មាន​ថ្ងៃនេះ​មានការ​ងរ​រវល់​ច្រើន ទើប​ចំណាត់ការ​នេះ​មិន​ទាន់​បាន​អនុវត្ត តែ​លោកស្រី​អះអាង​ថា លោកស្រី​និង​ជំរុញ​ការងារ​នេះ​អោយ​បាន​លឿន​បំផុត ក្នុង​រយៈពេល​២-៣​ថ្ងៃនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ