ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្យាធ្វើផ្លូវសងវិញជាង៣ឆ្នាំហើយ តែសូន្យ​ឈឹង

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ផ្លូវ​ក្រាល​កៅស៊ូ​ក្នុង​ខេត្ត១​ខ្សែ ដែល​រង​ការ​ខូចខាត​ដោយសារ​រថយន្ត​ធុន​ធំ​ដឹក​ថ្ម​បំផ្លាញ​អស់​រយៈពេល​ជាង​៣​ឆ្នាំ​មក​ហើយ​នោះ នៅ​មិន​ទាន់​ត្រូវ​បាន​ជួសជុល​ឱ្យ​ដូចដើម​វិញ​នៅឡើយ​ទេ បើ​ទោះ​ជា​ខាង​រដ្ឋបាលសាលាខេត្ត​ ធ្លាប់​បាន​ចាប់​ឃាត់​ក្រុម​រថយន្ត​ដែល​ដឹក​បំផ្លាញ​ផ្លូវ​នេះ​យ៉ាងណា​ក្តី ។ កាល​នោះ​ខាង​សាលាខេត្ត​ផ្តល់​ដំណឹង​ថា ក្រុមហ៊ុន​បាន​ធ្វើ​កិច្ចសន្យា​ជួសជុល​ផ្លូវ​នោះ​វិញ…

ខេត្តកំពង់ឆ្នាំង ៖ ផ្លូវ​ក្រាល​កៅស៊ូ​ក្នុង​ខេត្ត១​ខ្សែ ដែល​រង​ការ​ខូចខាត​ដោយសារ​រថយន្ត​ធុន​ធំ​ដឹក​ថ្ម​បំផ្លាញ​អស់​រយៈពេល​ជាង​៣​ឆ្នាំ​មក​ហើយ​នោះ នៅ​មិន​ទាន់​ត្រូវ​បាន​ជួសជុល​ឱ្យ​ដូចដើម​វិញ​នៅឡើយ​ទេ បើ​ទោះ​ជា​ខាង​រដ្ឋបាលសាលាខេត្ត​ ធ្លាប់​បាន​ចាប់​ឃាត់​ក្រុម​រថយន្ត​ដែល​ដឹក​បំផ្លាញ​ផ្លូវ​នេះ​យ៉ាងណា​ក្តី ។ កាល​នោះ​ខាង​សាលាខេត្ត​ផ្តល់​ដំណឹង​ថា ក្រុមហ៊ុន​បាន​ធ្វើ​កិច្ចសន្យា​ជួសជុល​ផ្លូវ​នោះ​វិញ ប៉ុន្តែរហូត​មក​ដល់​ពេល​នេះ​ផ្លូវ​នៅ​មិន​ទាន់​បាន​ជួសជុល​វិញ​នៅឡើយ​ទេ ធ្វើ​ឱ្យ​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ខាងលើ អ្នក​ណា​ក៏​ត្អូញត្អែរ​ពី​ការ​លំបាក​ដែរ ពិសេស​អ្នក​រស់នៅ​តាម​ដងផ្លូវ​នេះ​តែ​ម្តង ។

សូម​រំឭក​ថា ផ្លូវ​ក្រាល​កៅស៊ូ​១​ខ្សែ​បែកចេញពី​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត​ថ្មី​ចូល​ទៅ​ភូមិ​ធម្មយុត្ត រួច​ចេញ​ទៅ​ក្រោយ​របង​ស៊ី​ម៉ាក់ ឆ្លង​កាត់មុខ​សាលារៀន​កា​ណា​ន បត់​ឡើង​ទៅ​ផ្លូវ លេខ ៥៣ ដែល​មាន​ប្រវែង​ជាង​៣​គីឡូម៉ែត្រ ត្រូវ​បាន​អាជ្ញាធរ​ខេត្តជំនាន់​លោក ទូច ម៉ា​រី​ម ជា​អភិ បាល ខេត្ត កសាង​ដោយ​ក្រាល​កៅស៊ូ​យ៉ាង​ស្អាត ប្រជា​ពលរដ្ឋ​រីករាយ​សប្បាយចិត្ត​គ្រប់​គ្នា ពិសេស​អ្នក​រស់នៅ​តាម​ដងផ្លូវ​ដែល​ធ្លាប់តែ​ជា​ដីក្រហម ពេល​មក​បាន​ផ្លូវ​ក្រាល​កៅស៊ូ​យ៉ាង​ស្អាត​បែប​នេះ ។ប៉ុន្តែ​មិន​ទាន់​បាន​ប៉ុន្មាន​ផង ស្រាប់តែ​មាន​ក្រុមហ៊ុន​ដឹក​ថ្ម​មួយ ដែល​មាន​រថយន្ត​ចំណុះ​ចាប់ពី​៦០​តោន​ទៅ​៧០​តោន ដឹក​ថ្ម​ពី​ភ្នំ​ក្នុង​ឃុំ​ពង្រ ឡើង​តាម​ផ្លូវ​លេខ​៥៣ រួច​ដឹក​តាម​ផ្លូវ​កៅស៊ូ​ដែលស្ថាបនា​ដោយ​អាជ្ញាធរ​ខេត្ត ដើម្បី​ដឹក​ចេញ​មក​ផ្លូវជាតិ​លេខ​៥ រួច​បន្ត​ចុះ​ទៅ​មាត់ទន្លេ​ចំណុច​ភូមិ​ព្រែក​សាលា ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ដើម្បី​ដាក់​ចូល​សា​ឡង់​ដឹក​បន្ត​ទៅ​រាជធានី​ភ្នំពេញ ។

ពេល​ធ្វើ​សកម្មភាព​ដែល​បំផ្លាញ​ផ្លូវ​ដោយ​ក្រុមហ៊ុន​ដឹក​ថ្ម​ខាងលើ ក៏​មានការ​ចុះ​ផ្សាយ​តាម​ប្រព័ន្ធផ្សព្វផ្សាយ​នានា បន្ទាប់​មក​ក៏​ឃើញ​សមត្ថកិច្ច​ចម្រុះ​មាន ថ្នាក់​ខេត្ត និង​ថ្នាក់​ក្រសួង​ចាប់ឃាត់​រថយន្ត​ខាងលើ​១​លើក​ជា​២​លើក​ដែរ ដើម្បី​ឱ្យ​សង​ផ្លូវ​ដែល​រង​ការ​ខូចខាត ។ កាល​ណោះ​ចាប់​បាន​១​ថ្ងៃ​ឬ​២​ថ្ងៃ ក៏​ឃើញ​ដោះ​លែង​ទៅ​វិញ ហើយ​ឮ​ថា​ភាគី​ក្រុមហ៊ុន​បាន​ធ្វើ​កិច្ចសន្យា​ជួសជុល​សង​ផ្លូវ​នោះ​វិញ ។ ប៉ុន្តែ​មក​ដល់​ពេល​នេះ ផ្លូវ​ដែល​កសាង​អស់​រាប់​លាន​ដុល្លារ ហើយ​ត្រូវ​បំ​ផា្ល​ញ​ដោយ​ក្រុមហ៊ុន​ដឹក​ថ្ម​នៅមិន​ទាន់​ឃើញ​បាន​សង​សំណង ឬ​ជួសជុល​យ៉ាងណា​នោះ​ទេ ហើយ​ផ្លូវ​កន្លែង​ខ្លះ​បាន​ក្លាយជា​ត្រពាំង ថ្លុក​អស់​ទៅ​ហើយ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ត្អូញត្អែ​រ​ពី​ការ​លំបាក​នេះ​គ្រប់​ៗ​គ្នា ។

ពាក់ព័ន្ធ​នឹង​ការ​ខូចខាត​ផ្លូវ​ក្រាល​កៅស៊ូ​ក្នុង​ខេត្ត​អស់​តម្លៃ​សន្ធឹកសន្ធាប់ មិន​ទាន់​មានការ​ជួសជុល​សង​បែប​នេះ លោក កែវ ពៅ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្ត បាន​បញ្ជាក់ថា ផ្លូវ​មួយ​ខ្យែ​ខាងលើ​នេះ​កសាង​ដោយ​អាជ្ញាធរ​ខេត្ត ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន ឈ​ន សា​រ៉ា​ណេ កាលពី​ជំនាន់​លោក ទូច ម៉ា​រី​ម ជាអភិបាលខេត្ត ។ ក្រោយ​ពី​ផ្លូវ​នេះ​ខូចខាត ឃើញ​ខាង​អាជ្ញាធរ​ខេត្ត​គិតគូរ​ពី​ការ​ជួសជុល​ឡើង​វិញ​ដែរ ដោយ​កំពុង​ទាក់ទង​ជាមួយ​ក្រុម ឈ​ន សា​រ៉ា​ណេ ជួសជុល​ឡើង​វិញ ។ ប៉ុន្តែ​ដោយ​ខេត្តកំពង់ឆ្នាំង កំពុង​មមាញឹក​អភិវឌ្ឍន៍​ច្រាំង​ទន្លេ​ផ្សារ​ក្រោម ទើប​បំបែរ​ការងារ​នេះ​មក​សម្រុក​ធ្វើ​ច្រាំង​ទន្លេ​សិន ហេតុនេះ​ការ​ជួសជុល​ផ្លូវ​នោះ​ឡើង​វិញ​មានការ​យឺតយ៉ាវ​អាច​នៅ​ឆ្នាំ​ក្រោយ​ៗ​ទៀត ។

លោក​ប្រធាន​មន្ទីរ​បញ្ជាក់​ថា ផ្លូវ​ក្នុង​ខេត្ត -​ក្រុង​ទាំងអស់ ខាង​ខេត្ត​-​ក្រុង​ជា​អ្នក​កសាង​និងថែទាំ ដោយ​ខេត្ត​ម្ចាស់​ការ​ចង់រក​ដៃគូ​កសាង ឬ​ដេញថ្លៃ​យ៉ាងណា ជា​រឿង​របស់​ខេត្ត ។ ចំណែកខាង​មន្ទីរ​សាធារណការ ជា​អ្នក​ជួសជុល កសាង​តែ​ផ្លូវជាតិ និង​ផ្លូវ​មាន​លេខ​ប៉ុណ្ណោះ ។ ទោះជា​យ៉ាងនេះ​ក្តី មាន​មតិ​លើក​ឡើង​ថាពេល​ក្រុមហ៊ុន​ដឹក​ថ្ម​កំពុង​បំផ្លាញ​ផ្លូវ មាន​ក្រុមចម្រុះ​ចុះ​ចាប់​ញឹកញាប់​ណាស់ ហើយ​បានឮ​ត្រឹមតែ​សន្យា​ជួសជុល កសាង​ឡើង​វិញ​ប៉ុណ្ណោះ ។ប៉ុន្តែ​មក​ដល់​ពេល​នេះ ផ្លូវ​បាន​កា្ល​យ​ជា​ថ្លុក ត្រពាំងអស់​ទៅ​ហើយ មិន​ទាន់​ឃើញ​ក្រុមហ៊ុន​ជួសជុល​សង​ឡើយ​ហើយ​ក៏​ស្ងាត់ឈឹង​ ៕​​

អត្ថបទសរសេរ ដោយ