ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចម្រៀង និង​ភាពយន្ត​យក​គ្រឿង​ស្រវឹងដោះស្រាយ​បញ្ហា នឹង​បាត់​ឱកាស​ចាក់​ផ្សាយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ផលិត និង​ចាក់​ផ្សាយ​បទ​ចម្រៀង​ខារ៉ាអូខេ ភាពយន្ត វី​ដេ​អូ ដែល​យក​គ្រឿង​ស្រវឹង​ធ្វើ​ជា​គុណសម្បត្តិ​ក្នុង​ការ​ដោះស្រាយ​វិបត្តិ បំភ្លេច​ទុក្ខ​កង្វល់ ធ្វើ​ឱ្យ​ប៉ះ​ពាល់​​ដល់​កិត្តិយស សេចក្តី​ថ្លៃថ្នូរ…

រាជធានី​ភ្នំពេញ ៖ ការ​ផលិត និង​ចាក់​ផ្សាយ​បទ​ចម្រៀង​ខារ៉ាអូខេ ភាពយន្ត វី​ដេ​អូ ដែល​យក​គ្រឿង​ស្រវឹង​ធ្វើ​ជា​គុណសម្បត្តិ​ក្នុង​ការ​ដោះស្រាយ​វិបត្តិ បំភ្លេច​ទុក្ខ​កង្វល់ ធ្វើ​ឱ្យ​ប៉ះ​ពាល់​​ដល់​កិត្តិយស សេចក្តី​ថ្លៃថ្នូរ និង​អាកប្បកិរិយា​យុវជន និង​សង្គម ។ ដូច្នេះ​ហើយ​កាលពី​ថ្ងៃ​ទី​៧ ឧសភា ឆ្នាំ​២០១៨ លោក​ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ចេញ​​សេចក្តីណែនាំ​មួយ​ដល់​អ្នក​ពាក់ព័ន្ធ​កុំឱ្យ​ផលិត​ក្នុង​រូបភាព​បែប​នោះ ។

សេចក្តីណែនាំ​របស់​ក្រសួង​ព័ត៌មាន​លើក​ឡើង​ស​ម្តៅ​ម្ចាស់​ស្ថានីយ​វិទ្យុ ទូរទស្សន៍ និង​ម្ចាស់​ក្រុមហ៊ុន​ផលិតកម្ម​ភាពយន្ត វី​ដេ​អូ​ទាំងអស់​ថា កន្លង​មក​ក្រសួង​ព័ត៌មាន​បាន​សង្កេត​​ឃើញ​ម្ចាស់​ស្ថានីយ​វិទ្យុ ទូរទស្សន៍​មួយ​ចំនួន​ចាក់​ផ្សាយ​បទ​ចម្រៀង​ខារ៉ាអូខេ ភាពយន្ត វី​ដេ​អូ ដែល​បង្ហាញ​ពី​តួអង្គ​មាន​វិបត្តិ​ផ្លូវចិត្ត ជា​ពិសេស​ក្នុង​ស្រទាប់​យុវវ័យ​ដែល​មាន​វិបត្តិ​ស្នេហា បាន​ជ្រើសរើស​យក​មធ្យោបាយ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ធ្វើ​ជា​គុណ​សម្បត្តិ ដើម្បី​ដោះស្រាយ​បញ្ហា​បំភ្លេច​ទុក្ខសោក ។

ការ​បង្ហាញ​រូបភាព​បែប​នេះ បាន​ជះ​ឥទ្ធិពល​អាក្រក់​ដល់​សង្គម​ខ្មែរ ជា​ពិសេស​ក្នុង​ស្រទាប់​​​យុវជន​ដែល​ពុំ​ទាន់​មាន​មូលដ្ឋាន​ក្នុង​ការ​ពិចារណា មានការ​ភាន់ច្រឡំ នៅ​ពេល​ដែល​ពួក​គេ​ជួប​ប្រទះ​វិបត្តិ​បាន​សម្រេចចិត្ត​ប្រើប្រាស់​គ្រឿង​ស្រវឹង​ធ្វើ​ជា​មធ្យោបាយ​ដោះស្រាយ​បញ្ហា​បំភ្លេច​ទុក្ខ​កង្វល់​រហូត​បាត់បង់​សតិ​ឈាន​ទៅ​រក​ការ​ប្រើប្រាស់​គ្រឿង​ញៀន ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស សេចក្តី​ថ្លៃថ្នូរ និង​សណ្តាប់​ធ្នាប់​សង្គម ។

ដើម្បី​ចៀសវាង​ផល​អវិជ្ជមាន​បែប​នោះ ក្រសួង​ព័ត៌មាន​បាន​ណែនាំ​ដល់​ម្ចាស់​ស្ថានីយ​វិទ្យុ ទូរទស្សន៍ និង​ម្ចាស់​ផលិតកម្ម​ភាពយន្ត វី​ដេ​អូ ដែល​តែងតែ​និពន្ធ​បទ​ចម្រៀង ឬ​ភាពយន្ត វី​ដេ​អូ សាច់​រឿង​តួអង្គ​មាន​វិបត្តិ​ផ្លូវចិត្ត ត្រូវ​បង្ហាញ​វិធី​ដោះស្រាយ​សម​ស្រប ឬ​ការ​អប់រំ​ផ្លូវចិត្ត ឬ​ការ​តាំងសមាធិ​ធ្វើ​ជា​មធ្យោបាយ​ដោះស្រាយ​បញ្ហា ប្រសើរ​ជាង​ការ​បង្ហាញ​រូបភាព​ប្រើប្រាស់​គ្រឿង​ស្រវឹង ដើម្បី​ដោះស្រាយ​បញ្ហា​បំបាត់​ទុក្ខសោក​របស់​តួអង្គ ។

ក្នុង​ករណី​ម្ចាស់​ស្ថានីយ​វិទ្យុ ទូរទស្សន៍ ឬ​ម្ចាស់​ផលិតកម្ម​ណា​មិន​អនុវត្ត​តាម​សេច​ក្តី​ជូនដំណឹង ក្រសួង​ព័ត៌មាន​នឹង​មិន​អនុញ្ញាត​ឱ្យ​ចាក់​ផ្សាយ​បទ​ចម្រៀង ឬ​សាច់​រឿង​បែប​នេះ​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ