ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​កំពុង​ជំរុញ​វិស័យ​SME​ទៅ​រក​ការ​ប្រើប្រាស់​បច្ចេកវិទ្យា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា បាន​និង​កំពុង​ផ្ដោត​ការ​យកចិត្តទុកដាក់​លើក​ស្ទួយ​សហគ្រាស​ធុន​តូច និង​មធ្យម ដើម្បី​ឆ្ពោះទៅ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ក្នុង​ការ​អភិវឌ្ឍ​អាជីវកម្ម​ឲ្យ​កាន់តែ​មាន​ភាព​ប្រកួតប្រជែង ដោយសារ​វិស័យ​មួយ​នេះ គឺជា​កម្លាំង​ច​លករ​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​ដល់​កំណើនសេដ្ឋកិច្ច និង​ការ​បង្កើត​ការងារ ក៏​ដូច​ជា​ចូលរួម​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា បាន​និង​កំពុង​ផ្ដោត​ការ​យកចិត្តទុកដាក់​លើក​ស្ទួយ​សហគ្រាស​ធុន​តូច និង​មធ្យម ដើម្បី​ឆ្ពោះទៅ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ក្នុង​ការ​អភិវឌ្ឍ​អាជីវកម្ម​ឲ្យ​កាន់តែ​មាន​ភាព​ប្រកួតប្រជែង ដោយសារ​វិស័យ​មួយ​នេះ គឺជា​កម្លាំង​ច​លករ​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​ដល់​កំណើនសេដ្ឋកិច្ច និង​ការ​បង្កើត​ការងារ ក៏​ដូច​ជា​ចូលរួម​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា ។

ថ្លែង​ក្នុង​វេទិកា ស្តី​ពី សហគ្រាស​ធុន​តូច​និង​មធ្យម និង​ក្រុមហ៊ុន​ចាប់ផ្តើម​ធុរកិច្ច​ថ្មី លើ​វិស័យ​បច្ចេកវិទ្យា គមនាគមន៍ និង​ព័ត៌មាន (Tech Startup) នៅ​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី កាលពី​ថ្ងៃ​ទី​៧ ឧសភា លោក អៀង ស៊ុន​លី អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ កា​រវិ​វត្ត​នៃ​បច្ចេកវិទ្យា​មាន​សន្ទុះ​យ៉ាង​ខ្លាំង ប្រៀប​ដូច​រថភ្លើង​ល្បឿន​លឿន​ដែល​ពុំ​មាន​ស្ថានីយ​ឈប់​។ ដូច្នេះ ក្នុង​ដំណើរ​វិវត្តន៍​នៃ​បច្ចេកវិទ្យា​នេះ ក៏​ទាមទារ​ឲ្យ​មានការ​ផ្លាស់​ប្ដូរ​ទាំង​របៀប​នៃ​ការ​រស់នៅ និង​ផ្លាស់​ប្ដូរ​ទាំង​របៀប​នៃ​ការ​ធ្វើ​អាជីវកម្ម​ផង​ដែរ ។

លោក​អនុរដ្ឋលេខាធិការ​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា ៖« នៅ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ប្រសិនបើ​យើង​រត់​មិន​ទាន់​បច្ចេកវិទ្យា​ទេ យើង​នឹង​ត្រូវ​ឃ្លាតឆ្ងាយ​ពី​សង្គម យើង​នឹង​ត្រូវ​រស់នៅ​ដូច​កង្កែប​ក្នុង​អណ្ដូង ដែល​អត់​ដឹង​ថា ពិភព​ខាងក្រៅ​គេ​ធ្វើ​អ្វី​ឡើយ ។ ចំណែក​នៅ​ក្នុង​របៀប​នៃ​ការ​ធ្វើ​អាជីវកម្ម​វិញ ប្រសិនបើ​យើង​រត់​មិន​ទាន់​បច្ចេកវិទ្យា​ទេ យើង​នឹង​ត្រូវ​ឃ្លាតឆ្ងាយ​ដូច​គ្នា ប៉ុន្ដែ​ឃ្លាតឆ្ងាយ​នៅ​ក្នុង​ជំនួញ មាន​ន័យ​ថា ស្លាប់ លែង​មាន​អតិថិជន លែង​មាន​ទីផ្សារ គ្មាន​ប្រាក់​ចំណេញ នោះ​យើង​នឹង​ស្លាប់​ដោយ​ឯកឯង » ។

លោក​បន្ដ​ថា ៖« យើង​ដឹង​ហើយ ឮ​ហើយ នៅ​កន្លែង​ណា​ក៏​ប្រើ​ពាក្យ​«​ឌី​ជី​ថ​ល​» នៅ​កន្លែង​ណា​ក៏​ទាមទារ​ឲ្យ​មាន​អុ​ី​ន​ធើ​រ​ណេ​ត មាន​ឧបករណ៍​ភ្ជាប់​អុ​ី​ន​ធើ​រ​ណេ​ត (Smart Device) មាន​បណ្ដាញ​ត​ភ្ជាប់​អុ​ី​ន​ធើ​រ​ណេ​ត​ដែរ ដែល​លេច​ចេញ​ឡើងជា​មួយ​បច្ចេកវិទ្យា​ថ្មី​នេះ ។ ចំណែក​នៅ​ក្នុង​របៀប​នៃ​ការ​ធ្វើ​អាជីវកម្ម ក៏​វា​នឹង​លេច​ចេញ​នូវ​ទម្រង់​ថ្មី​នៃ​ការ​ស្វែងរក​អតិថិជន​, ការ​ធ្វើ​ទីផ្សារ និង​ការ​ប្រកួតប្រជែង ព្រមទាំង​លេច​ចេញ​នូវ​បញ្ហា​ប្រឈម​ថ្មី​ៗ​ផង​ដែរ ។ ដូច្នេះ ទាំង​ផ្នែក​វិស័យ​ឯកជន និង​វិស័យ​សាធារណៈ ចាំបាច់​ត្រូវ​សម្របសម្រួល​គ្នា ហើយ​ដើរ​ទន្ទឹម​គ្នា​ទៅ​រក​ចំណុចរួម​មួយ ដើម្បី​យើង​ទាំងអស់​គ្នា​ដើរ​ឆ្ពោះទៅ​រក​សេដ្ឋកិច្ច​ឌី​ជី​ថ​ល » ។

លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​ថ្លែង​នា​ឱកាស​នោះ​ថា សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​កំពុង​ជម្នះ​ឧបសគ្គ​យ៉ាងច្រើន ពិសេស​ការ​ប្រឈម​នឹង​បច្ចេកវិទ្យា​ថ្មី​ៗ ខណៈ​ពួក​គេ​ភាគច្រើន​ខ្វះ​សមត្ថភាព​ក្នុង​ការ​ទាញ​យក​ប្រយោជន៍​ពី​បច្ចេកវិទ្យា ។
យ៉ាងនេះ​ក្ដី ដើម្បី​ជំរុញ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​ឆ្ពោះទៅ​កាន់​ឌី​ជី​ថ​ល លោក​ទេស​រដ្ឋមន្ត្រី​បញ្ជាក់​ថា ៖« ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​បាន​ជំរុញ​លើ​បញ្ហា​គន្លឹះ​៣​រួម​មាន ៖ ទី​១-​ការ​បង្កើត​ប្រព័ន្ធ​អេកូ​សម្រាប់​ភ្ជាប់​សហគ្រាស​ធុន​តូច​និង​មធ្យម និង​ក្រុមហ៊ុន​ចាប់ផ្តើម​ធុរកិច្ច​ថ្មី ICT ។ ទី​២-​គោលនយោបាយ​នានា​ដែល​មាន​លក្ខណៈ​នវានុវត្តន៍ គឺជា​ការ​កសាង​គោលនយោបាយ​មួយ​មានការ​ចូលរួម​ដោយ​សមាសភាព​ពាក់ព័ន្ធ ដែល​នឹង​ទទួលផល​ពី​គោលនយោបាយ និង​ប្រមូល​ធាតុ​ចូល​ពីក្រោម​មក​លើ ជា​ជាង​ការ​កសាង​គោលនយោបាយ​ក្នុង​លក្ខណៈ​ប្រពៃណី និង​ទី​៣-​ការ​កៀរគរ​ទុន​វិនិយោគ​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម ព្រមទាំង​ក្រុមហ៊ុន​ចាប់ផ្តើម​ធុរកិច្ច​ថ្មី ICT » ។

ជាមួយ​គ្នា​នេះ លោក​ទេស​រដ្ឋមន្ត្រី​ក៏​បាន​អំពាវនាវ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​ទាំងអស់​ត្រូវ​ចុះបញ្ជី​ឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​រាជរដ្ឋាភិបាល​ក្នុង​ការ​ជួយ​តម្រង់​ទិស ចែករំលែក​នូវ​ចំណេះដឹង និង​ទទួល​បានការ​លើកទឹកចិត្ត​ជា​ច្រើន​ទៀត ។ ផ្ទុយ​មក​វិញ ក្រសួង​ពាក់ព័ន្ធ​នឹង​ពិបាក​ក្នុង​ការ​ផ្ដល់​ការ​គាំទ្រ ប្រសិនបើ​សហគ្រាស​ទាំងនោះ មិន​បាន​ចុះបញ្ជី ។

លោក​ទេស​រដ្ឋមន្ត្រី​ថ្លែង​ថា ៖« យើង​មាន​សហគ្រាស​ធុន​តូច ធុន​មធ្យម និង​សិប្បកម្ម​ជាង​៥​សែន ក៏​ប៉ុន្ដែ​ស្ទើរតែ​ជាង​៩៥%​នៅ​មិន​ទាន់​បាន​ចុះបញ្ជី​នៅឡើយ​ទេ ។ អីចឹង បើ​យើង​ចង់​ជួយ​គាត់ ក៏​ពិបាក ដោយសារ​គាត់​មិន​ទាន់​ស្របច្បាប់ ហើយ​វិធីសាស្ត្រ​របស់​យើង​ពេល​នេះ គឺ​ធ្វើ​ម៉េច​ឲ្យ​គាត់​ចុះបញ្ជី​សិន ទើប​យើង​អាច​តម្រែតម្រង់​គាត់ ហើយ​បើ​គាត់​មិន​ចុះបញ្ជី​ទេ គាត់​កើតមក​ហើយ​ស្លាប់​ទៅ​វិញ ក៏​យើង​មិនដឹង​ដែរ ដោយសារ​គាត់​នៅ​ក្រៅ​ក្របខ័ណ្ឌ​ច្បាប់ » ។

រដ្ឋលេខាធិការ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក​បណ្ឌិត កាន ច័ន្ទ​មេត្តា បាន​មាន​ប្រសាសន៍​ថា ដើម្បី​ជួយ​ជ្រោមជ្រែង​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ កំពុង​រៀបចំ​បង្កើត​ក្រុម​អ្នក​ប្រឹក្សា​យោបល់​(Mentorship) កម្មវិធី Incubator និង Accelerator ក៏​ដូច​ជា​មូលនិធិ​សម្រាប់​ក្រុមហ៊ុន​ចាប់ផ្តើម​ធុរកិច្ច​ថ្មី ស្នើ​សុំ​ដើម្បី​បង្កើត​ដំណោះស្រាយ ឬ​កម្មវិធី​អាជីវកម្ម​លើ​អុ​ី​ន​ធើ​រ​ណេ​ត ដូច​ជា e-Commerce សម្រាប់​គាំទ្រ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា ឆ្ពោះទៅ​កាន់​ឌី​ជី​ថ​ល ឲ្យ​ទទួល​បាន​កម្រិត​ជោគជ័យ​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ