រាជធានីភ្នំពេញ ៖ ក្នុងឱកាសប្រារព្ធទិវាពិភពលោកកាកបាទក្រហមអឌ្ឍចន្ទក្រហម ៨ឧសភា លើកទី
១៥៥ កាកបាទក្រហមកម្ពុជា ទទួលថវិកាសប្បុរសធម៌ពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេសបានចំនួន១៨.0២៨.៦៦៨ដុល្លារអាមេរិក ដែលចំនួនទឹកប្រាក់នេះ មានការកើនឡើងជាងបណ្តាឆ្នាំកន្លងៗទៅ ។ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា លើកទី១៥៥ ក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល» បានប្រារព្ធធ្វើនៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនបានសម្តែងនូវអំណរគុណចំពោះការចូលរួមចំណែកពីសំណាក់សប្បុរសជនជាតិ-អន្តរជាតិ ជាពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគាំទ្រដល់បេសកកម្មរបស់កាកបាទក្រហមកម្ពុជាជាបន្តបន្ទាប់ ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបញ្ជាក់ថា ការគាំទ្រយ៉ាងពេញទំហឹង ទាំងស្មារតី សម្ភារ និងថវិកានេះ បានបង្កលក្ខណៈឱ្យសមាគមជាតិមួយនេះបំពេញបានយ៉ាងស័ក្តិសមនូវតួនាទីជាជំនួយឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ ឈានទៅសម្រេចបានទស្សនវិស័យពន្លឿនការកាត់បន្ថយភាពក្រីក្រ ភាពងាយរងគ្រោះ ដើម្បីការពារសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងការការពារតម្លៃមនុស្សធម៌របស់ជនរងគ្រោះ និងជនងាយរងគ្រោះបំផុត ។
ជាក់ស្តែង ក្នុងឆ្នាំ២០១៧ និងមកដល់ខែមេសា ឆ្នាំ២០១៨ កាកបាទក្រហមកម្ពុជា បាននិងកំពុងបន្តអនុវត្តយុទ្ធសាស្ត្រ២០១១-២០២០ របស់ខ្លួន ផ្តោតលើវិស័យស្នូលទាំង៤គឺ គ្រប់គ្រងគ្រោះមហន្តរាយ អប់រំ ថែទាំសុខភាពតាមសហគមន៍ លើកកម្ពស់តម្លៃមនុស្សធម៌ និងអភិវឌ្ឍស្ថាប័ន ហើយដែលសមិទ្ធផលសំខាន់ៗសម្រេចបានរួមមាន ៖
-ប្រជាពលរដ្ឋតាមជនបទដាច់ស្រយាលជាង១ម៉ឺនគ្រួសារ ទទួលបានអណ្តូងទឹកស្អាតចំនួន៤៣៣ និងស្រះទឹកសហគមន៍ចំនួន៧ ។
-ប្រជាពលរដ្ឋងាយរងគ្រោះបំផុត គឺចាស់ឥតទីពឹង កុមារកំព្រា កុមារខ្សោយសតិបញ្ញា ស្ត្រីមេម៉ាយ អ្នកពិការ អ្នករស់នៅជាមួយមេរោគអេដស៍ អ្នកមានជំងឺរ៉ាំរ៉ៃជាង១០ម៉ឺនគ្រួសារ ទទួលបានការជួយឧបត្ថម្ភជាស្បៀង សម្ភារ និងថវិកា។
-បុគ្គលិកក្នុងវិស័យឯកជនចំនួន១០.៣២៩នាក់ និងអ្នកស្ម័គ្រចិត្ត៥១៦នាក់ ទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈសង្គ្រោះបឋម និងបានផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋរាប់ពាន់នាក់ ។សិស្ស និស្សិត មន្ត្រីរាជការ ប្រជាពលរដ្ឋប្រមាណ៧ម៉ឺននាក់ បានទទួលចំណេះដឹងស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ។
-យុវជនកាកបាទក្រហមជាង២ម៉ឺននាក់ទូទាំងប្រទេស តែងតែចូលរួមក្នុងសកម្មភាពមិត្តអប់រំមិត្ត សម្អាតបរិស្ថាន ដាំដើមឈើ និងបរិច្ចាគឈាម ជាដើម ។
-ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែនជាង១ម៉ឺនគ្រួសារ បានទទួលសារគន្លឹះអប់រំពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ក្នុងពេលដែលប្រជាពលរដ្ឋ២៩៤គ្រួសារទទួលបានប្រាក់កម្ចីឥតការប្រាក់ ធ្វើជាដើមទុនប្រកបមុខរបរមានជីវភាពប្រសើរឡើង ។
-បងប្អូនជនជាតិ តែងតែបានទទួលនូវសារថែទាំអប់រំសុខភាព ក្នុងឱកាសទិវាជាតិដើម្បីសុខភាពមាតានិងទារក ២១កុម្ភៈ ក្នុងឱកាសទិវាឆ្មបជាតិ៥ឧសភា និងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ។
ក្រៅពីសមិទ្ធផលសំខាន់ៗខាងលើនេះ កាកបាទក្រហមកម្ពុជា បានឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផាចាប់ពីឆ្នាំ២០១២មក ដោយក្នុងមួយឆ្នាំៗចំនួន១លានដុល្លារអាមេរិក និងបានជួយសាងសង់ និងជួសជុលលំនៅឋានបានរាប់រយខ្នង ធ្វើបង្គន់អនាម័យរាប់ពាន់បន្ទប់ ផ្តល់ស៊ីទែនទឹក និងធុងចម្រោះទឹក ជូនដល់ប្រជាពលរដ្ឋនៅតាមខេត្តនានា និងបានជួយស្វែងរកគ្រួសារដែលបែកគ្នាជាង៤០ឆ្នាំឱ្យបានជួបគ្នាឡើងវិញ ។ បានជួយសាងសង់អគារសិក្សា អគារស្នាក់នៅតាមអង្គការ សមាគម និងមណ្ឌលកុមារកំព្រាមួយចំនួន ។
ថ្លែងក្នុងឱកាសនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្តែងនូវក្តីរីករាយនិងអបអរសាទរចំពោះទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម និងអរគុណសប្បុរសជនទាំងអស់ ដែលបានចូលរួមយ៉ាងច្រើនកុះករនៅពេលនេះ ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍រំឭកពីគុណូបការៈរបស់សម្តេចព្រះ នរោត្តម សីហនុ និងសម្តេចម៉ែ ដែលកន្លងមកព្រះអង្គបានចូលរួមចំណែកយ៉ាងធំធេងក្នុងសកម្មភាពកាកបាទក្រហមកម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់កាកបាទក្រហមកម្ពុជា ដែលបានធ្វើសកម្មភាពមនុស្សធម៌កន្លងមកក្នុងការជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះបំផុត ។ សកម្មភាពទាំងអស់នេះ គឺបានឆ្លើយតបទាន់ពេលវេលាសម្រាប់ការជួយសង្គ្រោះពួកគាត់ឱ្យទទួលបានភាពល្អប្រសើរ ។ សម្តេចតេជោ ក៏បានស្នើឱ្យសប្បុរសជននានាទាំងក្នុងស្រុកនិងក្រៅស្រុក បន្តការជួយជ្រោមជ្រែងដល់សកម្មភាពកាកបាទក្រហមកម្ពុជា ដើម្បីឱ្យសមាគមមួយនេះមានលទ្ធភាពចុះជួយប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះនៅទូទាំងប្រទេសឱ្យបានទាន់ពេលវេលា ៕
ចែករំលែកព័តមាននេះ