ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពាន​វ័យ​ចំណាស់​បាន​បាក់​ហើយ ពលរដ្ឋ​កំពុង​ភ័យ​ព្រួយ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ស្ពាន​យ៉ាង​ចំណាស់​ដែល​មាន​សភាព​ទ្រុឌទ្រោម​យូរ​ឆ្នាំ​ណាស់​មក ហើយ​នោះ បាន​បាក់​កាត់​ផ្តាច់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ ១១​ភូមិ ក្នុង​ឃុំ​អំពិលទឹក ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក៏​ដូច​កាត់​ផ្តាច់​សរសៃឈាម​សេដ្ឋកិច្ច​ក្នុង​តំបន់​នោះ…

ខេត្តកំពង់ឆ្នាំង ៖ ស្ពាន​យ៉ាង​ចំណាស់​ដែល​មាន​សភាព​ទ្រុឌទ្រោម​យូរ​ឆ្នាំ​ណាស់​មក ហើយ​នោះ បាន​បាក់​កាត់​ផ្តាច់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ ១១​ភូមិ ក្នុង​ឃុំ​អំពិលទឹក ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក៏​ដូច​កាត់​ផ្តាច់​សរសៃឈាម​សេដ្ឋកិច្ច​ក្នុង​តំបន់​នោះ រួម​មាន​ខេត្តកំពង់ចាម និង​ខេត្តកណ្តាល​ផង​ដែរ​។ នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ខែឧសភា ឆ្នាំ​២០១៨ ប្រជាពលរដ្ឋ និង​អាជ្ញាធរ ភូមិ ឃុំ បាន​សំណូមពរ​យ៉ាង​ទទូច​ស្នើ​សុំ​ដល់​អាជ្ញាធរ​ខេត្ត និង​មន្ទីរ​ពាក់ព័ន្ធ ពិសេស​ប្រមុខ​រាជរដ្ឋាភិបាល សូម​មេត្តា​ជួយ​កសាង​ស្ពាន​ឆ្លង​ព្រែក​តា​កំ នៅ​ក្នុងភូមិ​ខ្លា​គ្រហឹម​ឡើង​វិញ​ជា​បន្ទាប់​ផង ព្រោះ​សល់​តែ​ប្រមាណ​១​ខែ​ទៀត ប្រជាពលរដ្ឋ​មិន​អាច​ធ្វើ​តាម​ផ្លូវ​វាង​ទៀត​បាន​ឡើយ​ពេល​ទឹកទន្លេ​ឡើង​។ លោក មិន លន់ ជា​ចាស់ព្រឹទ្ធាចារ្យ​ក្នុងភូមិ​ខ្លា​គ្រហឹម ឃុំ​អំពិលទឹក បាន​ប្រាប់​ឲ្យ​ដឹង​ថា​៖ ស្ពានឈើ​នេះ​បាន កសាង​ឡើង​នៅ​ក្នុង​សម័យ​សង្គមរាស្ត្រនិយម ដែល​មាន​អាយុកាល​ជាង​៥០​ឆ្នាំ មក​ហើយ​។

ក្រោយ​ឆ្នាំ​១៩៧៩ អាជ្ញាធរ​បាន​ធ្វើការ​ជួសជុល​ប្រើ​រហូត​មក ដែល​មក​ដល់​ពេល​នេះ​មានការ​ទ្រុឌទ្រោម​ណាស់​ទៅ​ហើយ និង​បាន​បាក់ កាលពី​រសៀល​ថ្ងៃ​ទី​៥ ខែឧសភា​នេះ មិន​អាច​ធ្វើ​ដំណើរ​ឆ្លងកាត់​បាន​ឡើយ ហើយ​អាជ្ញាធរ​ឃុំ និង​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ធ្វើ​ផ្លូវ​វាង ជា​បណ្តោះអាសន្ន តែ​មិន​អាច​ប្រើប្រាស់​បាន​យូ​ទេ យ៉ាង​យូរ​ត្រឹម​១​ខែ​ទៀត​ពេល​ទឹក​ឡើង​តែ​ប៉ុណ្ណោះ​។ ចំណែក​លោក ហេង ចំរើន មេឃុំ​អំពិល​ទឹកបាន​ឲ្យ​ដឹង​ថា​៖ ស្ពានឈើ​នេះ​មាន​ប្រវែង ២៥​ម៉ែត្រ និង​មាន​ប្រយោជន៍​សំខាន់​ណាស់ សម្រាប់​ប្រជាពលរដ្ឋ​ចំនួន​១១​ភូមិ ដែល​មាន​រាប់​ពាន់​គ្រួសារ មាន​ទាំង​សិស្សសាលា និង​កម្មករ​ជាង​៣០០​នាក់ នៅ​ក្នុង​ឃុំ​អំពិលទឹក​នេះ​អាស្រ័យ​ផល និង​ប្រើប្រាស់ ក្រៅពី​នេះ​ក៏​មាន​ប្រជាពលរដ្ឋ​មួយ ចំនួន​ធំ​ទៀត ដែល​រស់នៅ​ក្នុង​ខេត្តកំពង់ចាម និង​ខេត្តកណ្តាល មាន​ព្រំប្រទល់​ជាប់ ឃុំ​អំពិលទឹក ក៏​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់ និង​ដឹក​ជញ្ជូន​កសិផល​ពី​ស្រែ​ចម្ការ ឆ្លងកាត់​ស្ពាន​មួយ​នេះ​ទៅ​កាន់​មូលដ្ឋាន និង​ទីផ្សារ​ផង​ដែរ​។

ដោយឡែក លោកស្រី សំ សា​រ៉េ​ត សមាជិក​ក្រុមប្រឹក្សា​ឃុំ​អំពិលទឹក បាន​ឲ្យ​ដឹង​ថា​៖ ឆ្នាំ​មុន​ឃើញ ខាង​មន្ទីរ​សាធារណៈការ​ខេត្ត បាន​ដឹក​ស្ពានដែក​បេ​ឡេ​មួយ​ចំនួន មក​បម្រុង​កសាង​ស្ពាន​នេះ​ដែរ តែ​មិនដឹង​ជា​យ៉ាងម៉េច​មិនឃើញ​ធ្វើ​ទេ ហើយ​ក៏​ស្ងាត់ឈឹង​ទៅ​វិញ​។ ពេល​នេះ​ស្ពាន​ដ៏​ចំណាស់​នេះ​បាន​បាក់​ទៅ​ហើយ ក្នុង​នាម​លោកស្រី ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ អំពិលទឹក ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ទាំង​១១​ភូមិ សូម​គោរព​ស្នើ​សុំ​អាជ្ញាធរ​ខេត្ត និង​មន្ទីរ​សាធារណៈការ​ខេត្ត ពិសេស សម្តេច​តេ​ជោ ហ៊ុន សែន សូម​មេត្តា​ជួយ​កសាង​ស្ពាន​នេះ​ឲ្យ​បាន​ឆាប់​ៗ​វិញ​ផង ព្រោះ​បើ​មិន​ដូច្នេះ​ទេ ប្រជាពលរដ្ឋ ពិតជា​គ្មាន​ស្ពាន​ឆ្លង​ឡើយ ក្នុង​ពេល​យ៉ាង​ខ្លី​ខាង​មុខ​នេះ គឺ​ពេល​ខែ​ទឹក​ឡើង ។ ទាក់ទង​នឹង​ស្ពាន​នេះ​ដែរ លោក កែវ ពៅ ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន ខេត្តកំពង់ឆ្នាំង បាន​ប្រាប់​តាម​ទូរ​សព្ទ័​ថា​៖ នៅ​ចំណុច​ខាងលើ​នេះ​ខេត្ត​មាន​គម្រោង​កសាង ស្ពាន​បេ​ឡេ ប៉ុន្តែ​ពេល​ដឹក​ដែក​ទៅ​ធ្វើ​ឃើញ​នៅ​ខ្វះ​ដែក​ប្រហែល​១​ភាគ​៣​នៃ​ប្រវែង​ស្ពាន រួម​នឹង​កង្វះ​ថវិកា​ផង ទើប​ដំណើរការ​កសាង​បាន​ស្ទះ​។

 ប៉ុន្តែ​មុន​នេះ លោក​បាន​ដាក់ សំណើ​ទៅ​ក្រសួង​ហើយ ដើម្បី​សុំ​ថវិកា​មក​កសាង​ស្ពាន​នេះ​ហើយ ដោយ​ចាក់​ជា​ខឿន​សងខាង និង​សសរ​កណ្តាល រួម​នឹង​ការ​ទិញ​ដែក​ផង បើ​រក​មិន​បាន​។ ហើយ​បញ្ហា​នេះ​នៅ​ស​ប្តា​ហ៍​ក្រោយ​អាច​ផ្នែក​នាយកដ្ឋាន​ជំនាញ​របស់​ក្រសួង​នឹង​ចុះ​មក​ពិនិត្យ និង​សិក្សា​ដើម្បី​ធ្វើការ​កសាង​ស្ពានដែក​បេ​ឡេ​ប្រវែង​២៤​ម៉ែត្រ នៅ​ចំណុច​ស្ពាន​ព្រែក​តា​កំនេះ ជូន​ប្រជា​ល​រដ្ឋ​យើង​ហើយ​។ យ៉ាងនេះ​ក្តី ប្រជាពលរដ្ឋ​ថា បើសិន​១​ខែ​ជាង​ទៀត​មិន​មាន​ស្ពាន​ទេ ពួក​គាត់​ពិតជា​ត្រូវ​លំបាក​ហើយ ព្រោះ​ទឹក​ឡើង​មិន​អាច​វាង​តាម​មាត់ទន្លេ​ទៀត​បាន​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ