ទីភ្នាក់ងារAFP ពីក្រុងតូក្យូប្រទេសជប៉ុនកាលពីពេលថ្មីៗកន្លងមកផ្សាយថា ភ្នំភ្លើង «ហ្វូជី» ជាភ្នំមានកំពស់ខ្ពស់បំផុតរបស់ជប៉ុន នៅឆ្ងាយពីក្រុងតូក្យូទៅភាគខាងលិចប្រហែល១០០ គីឡូម៉ែត្រ និងជាភ្នំភ្លើងនៅមានថាមពលខ្ពស់ ។
តាមការស្រាវជ្រាវរបស់រដ្ឋាភិបាលជប៉ុនបានបញ្ជាក់ថាភ្នំភ្លើង«ហ្វូជី»បានផ្ទុះចុងក្រោយនៅឆ្នាំ១៧០៧ និងគ្មានសញ្ញាអ្វីមួយបង្ហាញថាវានឹងផ្ទុះជាថ្មីក្នុងរយៈពេលជាច្រើនឆ្នាំនេះ ។ តាមការស្រាវជ្រាវជាថ្មីបានរកឃើញថា ប្រសិនបើផេះគ្របដណ្ដប់នៅលើទីក្រុងតូក្យូមានកំពស់ត្រឹមតែ០,៥សង្ទីម៉ែត្រ អាចបង្កើតបញ្ហាដល់ម៉ាសុីនយានយន្ត និងជាង១សង្ទីម៉ែត្រនឹងដាច់ចរន្តអគ្គិសនីក្នុងទ្រង់ទ្រាយធំ រួមទាំងប្រព័ន្ធចម្រស់ទឹកបានទទួលការខូចខាត ។
លោកណូរីកូ អ៊ូរ៉ាតា មន្ត្រីស្រាវជ្រាវពីគ្រោះមហន្តរាយបានគូសបញ្ជាក់ថារដ្ឋាភិបាលជប៉ុនកំពុងធ្វើការប៉ាន់ប្រមាណលើផលប៉ះពាល់ពីការផ្ទុះភ្នំភ្លើង«ហ៊្វូជី» ប្រសិនជាកើតមានមែននឹងធ្វើការទប់ទល់ ប៉ុន្តែមិនអាចបញ្ជាក់ពីព័ត៌មានលំអិតបាន ។ កាលពីអតីតកាលរដ្ឋាភិបាលបានធ្វើការប៉ាន់ប្រមាណការខូចខាតពីការផ្ទុះគឺមានតំលៃជាង២,៥លានលានយេន ឬប្រហែល២៣.០០០លានដុល្លារ ។ ចំណែកនាយកមជ្ឈមណ្ឌលស្រាវជ្រាវលើការរញ្ជួយដីពីមហាវិទ្យាល័យតូកៃថ្លែងថា ប្រសិនបើបូករួមលើផលប៉ះពាល់ដល់ការហោះហើរ និងការដឹកជញ្ជូនផ្សេងទៀត រួមទាំងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានាឃើញថាតួលេខអាចកើនខ្ពស់ ។ លើសពីនេះក៏បញ្ជាក់ទៀតថា«ហ៊្វូជី»ជាប្រភេទភ្នំភ្លើងនៅខ្ចី អាចកើតការផ្ទុះធ្ងន់ធ្ងរបាននៅគ្រប់ពេលដ៏ខ្លីខាងមុខ ៕
ចែករំលែកព័តមាននេះ