ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចេញ​បន្លែ​-​ផ្លែ​ឈើ​វៀតណាម​នឹង​កើន​ដល់​4​ប៊ី​លាន​ដុល្លារ

5 ឆ្នាំ មុន

ទីក្រុង​ហាណូយ ៖ យោង​តាម​ក្រសួងកសិកម្ម និង​អភិវឌ្ឍន៍ជនបទ​បាន​ឲ្យ​ដឹង​ថា ការ​នាំ​ចេញ​បន្លែ និង​ផ្លែ​ឈើ​វៀតណាម បាន​កើនឡើង​ដល់​១,៣២​ប៊ី​លាន​ដុល្លារ​ក្នុង​រយៈពេល​៤​ខែ​ដំបូង​ឆ្នាំ​នេះ ឬ​ខ្ពស់​ជាង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​មុន ដល់​ទៅ​៣០%​ឯណោះ ។…

ទីក្រុង​ហាណូយ ៖ យោង​តាម​ក្រសួងកសិកម្ម និង​អភិវឌ្ឍន៍ជនបទ​បាន​ឲ្យ​ដឹង​ថា ការ​នាំ​ចេញ​បន្លែ និង​ផ្លែ​ឈើ​វៀតណាម បាន​កើនឡើង​ដល់​១,៣២​ប៊ី​លាន​ដុល្លារ​ក្នុង​រយៈពេល​៤​ខែ​ដំបូង​ឆ្នាំ​នេះ ឬ​ខ្ពស់​ជាង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​មុន ដល់​ទៅ​៣០%​ឯណោះ ។

វា​ជា​លើក​ទី​១​ហើយ​ដែល​ការ​នាំ​ចេញ​បន្លែ និង​ផ្លែ​ឈើ ខ្ពស់​ជាង​ការ​នាំ​ចេញ​ប្រេង ។ គេ​គិត​ថា នៅ​ឆ្នាំ​នេះ ប្រទេស​វៀតណាម​អាច​សម្រេច​គោលដៅ​នាំ​ចេញ​បន្លែ​-​ផ្លែ​ឈើ ស្មើ​ប្រមាណ​៤​ប៊ី​លាន​ដុល្លារ ។

នា​ពេល​ថ្មី​ៗ​នេះ ប្រទេស​វៀតណាម​ត្រូវ​បាន​អនុញ្ញាត​ជា​ផ្លូវការ​ឲ្យ​នាំ​ចេញ​ផ្លែ​សាវម៉ាវ​ទៅ​កាន់​ប្រទេស​នូ​វែ​ល​សេ​ឡង់ បន្ទាប់​ពី​ចរចា​អស់​រយៈពេល​៧​ឆ្នាំ ។ វា​បាន​បើកឱកាស​សម្រាប់​បន្លែ និង​ផ្លែ​ឈើ​វៀតណាម​អាច​ចូល​ទៅ​ក្នុង​ទីផ្សារ​តឹងរ៉ឹង​ដទៃ​ទៀត​នៅ​លើ​ពិភពលោក​ផង​ដែរ ។

រដ្ឋមន្ត្រី​កសិកម្ម និង​អភិវឌ្ឍន៍ជនបទ លោក Nguyen Xuan Cuong បាន​ថ្លែង​ថា ៖« ការ​ធ្វើ​ពាណិជ្ជកម្ម​បន្លែ និង​ផ្លែ​ឈើ​ក្នុង​ពិភពលោក ស្មើនឹង​២៣០​ប៊ី​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ ហើយ​នឹង​លូតលាស់​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​បាន​ប្រមាណ​ពី​៣​ទៅ​៥% ។ ប៉ុន្តែ​ប្រទេស​វៀត​ណាម​នៅ​មាន​ចន្លោះ​ច្រើន ដែល​អាច​ជួយ​ជំរុញ​ដល់​ការ​នាំ​ចេញ​បន្លែ និង​ផ្លែ​ឈើ » ។

លោក​បន្ត​ថា ៖« ក្រៅពី​សាងសង់​កន្លែង កែ​ច្នៃ​ទំនើប​ៗ​បន្ថែម​ហើយ វិស័យ​នេះ​ត្រូវ​តែ​សាងសង់​កន្លែង​សម្រាប់​វត្ថុធាតុដើម ដែល​មានគុណ​សម្បត្តិ​គ្រប់គ្រាន់​សម្រាប់​ការ​នាំ​ចេញ​ទៅ​ក្រៅប្រទេស​ទើប វៀតណាម​អាច​ទាញ​យក​អត្ថប្រយោជន៍​ពី​ឱកាស​នេះ
បាន » ។

អ្នកជំនាញ​ឲ្យ​ដឹង​ដែរ​ថា បើ​ទោះជា​លទ្ធផល​ការ​នាំ​ចេញ​មាន​ភាពរឹងមាំ​ក្តី ប៉ុន្តែ​វិស័យ​នេះ​នៅ​តែ​ជួប​ប្រទះ​នឹង​ហានិភ័យ ព្រោះ​ប្រទេស​វៀតណាម​ពឹងផ្អែក​លើ​ទីផ្សារ​ប្រទេស​ចិន​ខ្លាំង​ពេក ។

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ ប្រទេស​ចិន គឺជា​ទីផ្សារ​បន្លែ និង​ផ្លែ​ឈើ​ធំ​ជាងគេ​របស់​វៀត​ណាម ហើយ​ក្នុង​រយៈពេល​៤​ឆ្នាំ​នេះ ការ​នាំ​ចេញ​បន្លែ និង​ផ្លែ​ឈើ​ពី​វៀតណាម​ទៅ​កាន់​ប្រទេស​ចិន គឺ​ស្មើ​រហូត​ដល់​៧៧%​ឯណោះ​នៃ​ការ​នាំ​ចេញ​សរុប ខណៈ​ការ​នាំ​ចេញ​ទៅ​កាន់​សហរដ្ឋអាមេរិក​ស្មើ​តែ​២,៨% និង​ទៅ​ជប៉ុន​ស្មើ​២,៧% ប៉ុណ្ណោះ ។

យោង​តាម​សមាគម​បន្លែ និង​ផ្លែ​ឈើ​ឲ្យ​ដឹង​ថា ការ​នាំ​ចេញ​បន្លែ​-​ផ្លែ​ឈើ​នេះ​ជួប​ប្រទះ​នឹង​ការ​លំបាក​ផ្នែក​បង់ប្រាក់ និង​ឧបសគ្គ​ផ្នែក​បច្ចេកទេស​ជា​ច្រើន​ទៀត ។ បើ​ទោះជា​មានការ​ធ្វើ​សមាហរណកម្ម​ជុំវិញ​ពិភពលោក​ក្តី ប៉ុន្តែ​ឧបសគ្គ​បច្ចេកទេស​តែងតែ​កើតឡើង​នៅ​ពេល​ពន្ធ​ធា្ល​ក់​ចុះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ