ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ទេសផ្លោក​ឆ្នាំ​នេះ​ទទួល​បាន​ទិន្នផល​ខ្ពស់ តែ​តម្លៃ​ធ្លាក់​ចុះ​ខ្លាំង

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ កសិករ​ដាំ​ម្ទេសផ្លោក​នៅ​ឃុំ​ប្រឡាយ​មាស ស្រុក​កំពង់លែង បាន​ឲ្យ​ដឹង​ថា ឆ្នាំ​នេះ ដំណាំ​ម្ទេស​របស់​ពួក​គាត់​ទទួល​បាន​ទិន្នផល​គួរ​ជាទី​គាប់ចិត្ត តែ​បាន​ត្អូញត្អែរ​ពី​តម្លៃ​ចុះថោក​យ៉ាង​ខ្លាំង ធ្វើ​ឲ្យ​ពួក​គាត់​ខាតបង់ និង​កំពុង​ប្រឈម​នឹង​បញ្ហា​សេដ្ឋកិច្ច…

ខេត្តកំពង់ឆ្នាំង ៖ កសិករ​ដាំ​ម្ទេសផ្លោក​នៅ​ឃុំ​ប្រឡាយ​មាស ស្រុក​កំពង់លែង បាន​ឲ្យ​ដឹង​ថា ឆ្នាំ​នេះ ដំណាំ​ម្ទេស​របស់​ពួក​គាត់​ទទួល​បាន​ទិន្នផល​គួរ​ជាទី​គាប់ចិត្ត តែ​បាន​ត្អូញត្អែរ​ពី​តម្លៃ​ចុះថោក​យ៉ាង​ខ្លាំង ធ្វើ​ឲ្យ​ពួក​គាត់​ខាតបង់ និង​កំពុង​ប្រឈម​នឹង​បញ្ហា​សេដ្ឋកិច្ច ។

កសិករ​ឈ្មោះ ឌុ​ច រស់នៅ​ភូមិ​កោះ​ឫស្សី ឃុំ​ប្រឡាយ​មាស បាន​ឲ្យ​ដឹង​ថា លោក​បាន​ចំណាយ​ទុន​អស់​ជាង​៣,៥​លាន​រៀល​ទៅ​លើ​ការ​ដាំ​ដំណាំ​ម្ទេសផ្លោក ។ ដោយសារ​តែ​ឆ្នាំ​នេះ តម្លៃ​ធ្លាក់​ចុះ​ខ្លាំង លោក​កំពុង​ប្រឈម​នឹង​ការ​ខាតបង់ ខណៈ​ទិន្នផល​ទទួល​បាន​ខ្ពស់​ជាង​ឆ្នាំ​មុន​ៗ ។

លោក​ថា ៖« ឆ្នាំ​នេះ ម្ទេស​ទទួល​បាន​ផល​ខ្ពស់ តែ​តម្លៃ​ចុះថោក​ជា​ខ្លាំង ហើយ​បើ​ឡើងថ្លៃ​បាន​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ គឺ​នៅ​ពេល​អត់​ម្ទេស​។ បើ​នៅ​តែ​ថោក​ម្លឹ​ង​ៗ ខ្ញុំ​មិនដឹង​ថា​អាច​រួច​ថ្លៃ​ចំណាយ​ដែរ​ឬ​អត់​ទេ ! » ។
លើក​ឡើង​ស្រ​ដៀង​គ្នា​នេះ​ដែរ កសិករ​ឈ្មោះ ហៃ ដែល​បាន​ដឹក​ម្ទេស​ទៅ​លក់​នៅ​កំពង់​ផែ​ផ្សារ​ក្រោម បាន​ឲ្យ​ដឹង​ថា លោក​បាន​ប្រកប​របរ​ដាំ​ផ្លែ​ម្ទេស​ជាង​១០​ឆ្នាំ​ហើយ ។ ឆ្នាំ​នេះ ម្ទេស​ពិតជា​ទទួល​បាន​ផល​ច្រើន​គួរសម ប៉ុន្តែ​គួរ​ឲ្យ​សោកស្តាយ តម្លៃ​បាន​ចុះថោក​ជាង​ឆ្នាំ​មុន​ៗ ។

លោក​ហៃ និយាយ​ថា ៖« ឆ្នាំ​នេះ ម្ទេសផ្លោក​បាន​ត្រឹមតែ​១​ពាន់ ទៅ​១.១០០​រៀល​ប៉ុណ្ណោះ​ក្នុង​១​គីឡូក្រាម ។ តម្លៃ​នេះ​គឺ​ថោក​ណាស់ មិន​អាច​ទប់ទល់​នឹង​ការ​ចំណាយ​បាន​ទេ ហើយ​បើ​នៅ​តែ​ថោក​បែប​នេះ ខ្ញុំ​មិន​អាច​បន្ត​ដាំ​ម្ទេស​បាន​ទៀត​ទេ ព្រោះ​ការ​ចំណាយ​ច្រើន បើ​គិត​ទាំង​ថ្លៃ​ពលកម្ម ថ្លៃ​ស្រោច​ទឹក និង​ថ្លៃ​ថ្នាំ ជី ជាដើម​នោះ គឺ​មិន​អាច​រួចខ្លួន​ទេ » ។

ចំណែក​អ្នកស្រី សន ច​ន្ថា ឈ្មួញ​ទិញ​ម្ទេសផ្លោក​វិញ​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ប្រជា​កសិករ​ឆ្នាំ​នេះ​ដាំ​ម្ទេស​បាន​ច្រើន​ណាស់ ជា​មធ្យម អ្នកស្រី​ទិញ​បាន​ក្នុង​១​ថ្ងៃ ជាង​៥​តោន​ឯណោះ ប៉ុន្តែ​គួរ​ឲ្យ​ស្តាយ និង​អាណិត​កសិករ​ដែរ ព្រោះ​ឆ្នាំ​នេះ តម្លៃ​ម្ទេស​នៅ​លើ​ទីផ្សារ​ចុះថោក​ខ្លាំង​ពេក ហើយ​អ្នកស្រី​ក៏​ទិញ​តាម​ហាងឆេង​ទីផ្សារ​ដែរ ។
អ្នកស្រី​បាន​បន្ដ​ថា ៖« ឆ្នាំ​នេះ បងប្អូន​កសិករ​ផលិត​ម្ទេស​បាន​ច្រើន​លើស​តម្រូវការ ។ សូ​ម្បី​តែ​ខ្ញុំ​ទទួល​ទិញ​ម្ទេស​ក៏​សល់​ច្រើន​ដែរ លក់​មិន​ទាន់​អស់​ផង ពេល​ខ្លះ​ត្រូវ​បង្ខំ​លក់ ព្រោះ​ម្ទេស​ស្រស់​បែប​ហ្នឹង ក៏​ឆាប់​ខូច​ដែរ » ។
អ្នកស្រី​បញ្ជាក់​ថា ៖« ឆ្លងកាត់​បទ​ពិសោធន៍​ទទួល​ទិញ​កសិផល​ពី​កសិករ​ជាង​១០​ឆ្នាំ​មក នេះ ខ្ញុំ​ដឹង​ច្បាស់​ណាស់​ពី​ទីផ្សារ មិន​ថា​ត ែ​ម្ទេស​ទេ កសិផល​អី​ក៏​ដោយ ឲ្យ​តែ​ប្រជា​ពលរដ្ឋ​ដាំ​បាន​ច្រើន គឺ​តម្លៃ​ទីផ្សារ​ចុះថោក​ជា
មិន​ខាន » ។

ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង បាន​និយាយ​ថា នេះ​ជា​សេដ្ឋកិច្ច​ទីផ្សារ នៅ​ពេល​ការ​ផ្គត់ផ្គង់​លើស​តម្រូវការ​នោះ​ធ្វើ​ឲ្យ​តម្លៃ​ចុះថោក​។ តួយ៉ាង ឆ្នាំ​នេះ បងប្អូន​ផលិត​ម្ទេស​បាន​ច្រើន បែរជា​តម្លៃ​ចុះថោក​ខ្លាំង ប៉ុន្តែ​ក៏​មាន​ឆ្នាំ​ខ្លះ ប្រជា​កសិករ​ដាំ​ដំណាំ​ណា​ដែល​មិនសូវ​សម្បូរ​លើ​ទីផ្សារ ក៏​លក់​បាន​ថ្លៃ​ច្រើន​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ