ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា កាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី៤ ឧសភា ២០១៨នេះ មានករណីធ្វើអត្តឃាតចងកសម្លាប់ខ្លួន២ករណីផ្សេងគ្នា ១.ករណីកើតឡើងនៅផ្ទះសំណាក់យីហោ ត្បូងពេជ្រ ស្ថិតក្នុងភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។ សពជនរងគ្រោះឈ្មោះ ឯក ចាន់ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាបុគ្គលិកផ្ទះសំណាក់ បានយកខ្សែនីឡុងចងក សម្លាប់ខ្លួនភ្ជាប់នឹងដែកដំបូលបន្ទប់របស់ខ្លួន ដោយមូលហេតុមានវិបត្តិក្នុងគ្រួសារ។ សាកសពត្រូវបានកម្លាំងជំនាញធ្វើការពិនិត្យឃើញថា ពិតជាស្លាប់ដោយចងកសម្លាប់ខ្លួនប្រាកដមែន ហើយក៏បានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី។
ករណីទី២.នៅថ្ងៃទី០៤ ឧសភា ដដែលនេះ វេលាម៉ោង៧ និង ៣០នាទីព្រឹក កម្លាំងជំនាញបានទទួលព័ត៌មានថា នៅភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ មានករណីចងកសម្លាប់ខ្លួនមួយកើតឡើងដែរ។ សាកសពឈ្មោះ យ៉ាង ពៅ ភេទស្រី អាយុ៥២ឆ្នាំ បានយកខ្សែនីឡុងពណ៌សចងសម្លាប់ខ្លួនភ្ជាប់នឹងសសរផ្ទះរបស់ខ្លួន (ជាន់ទី២) ដោយពុំទាន់ដឹងមូលហេតុ។ សាកសពត្រូវបានកម្លាំងជំនាញធ្វើការពិនិត្យ ឃើញថា ពិតជាចងកសម្លាប់ខ្លួនប្រាកដមែន រួចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសាររៀបចំ ធ្វើបុណ្យតាមប្រៃណី ៕
ចែករំលែកព័តមាននេះ