ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​ស្ថាបនា​ប្រព័ន្ធ​ធារាសាស្ត្រ​វ៉ៃ​កូ​ជំហាន​ទី​២​សាងសង់​បាន​ជាង​៤៥%​ហើយ

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ប្រព័ន្ធ​ធារាសាស្ត្រ​វ៉ៃ​កូ​ជំហាន​ទី​២ ដែល​សាងសង់​ឡើង​កាត់​ខេត្តព្រៃវែង និង​ស្វាយ​រៀង ដែល​បាន​ចាប់ផ្តើម​ដំណើរការ​សាងសង់ កាលពី​ខែកក្កដា ឆ្នាំ​២០១៧ រហូត​មក​ដល់​ពេល​នេះ សម្រេច​បាន​ប្រមាណ​ជាង​៤៥%​ហើយ​។…

ខេត្តព្រៃវែង ៖ ប្រព័ន្ធ​ធារាសាស្ត្រ​វ៉ៃ​កូ​ជំហាន​ទី​២ ដែល​សាងសង់​ឡើង​កាត់​ខេត្តព្រៃវែង និង​ស្វាយ​រៀង ដែល​បាន​ចាប់ផ្តើម​ដំណើរការ​សាងសង់ កាលពី​ខែកក្កដា ឆ្នាំ​២០១៧ រហូត​មក​ដល់​ពេល​នេះ សម្រេច​បាន​ប្រមាណ​ជាង​៤៥%​ហើយ​។

គម្រោង​សាងសង់​ប្រព័ន្ធ​ធារាសាស្ត្រ​ដ៏​មាន​សក្តានុពល​នេះ​បាន​ចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៧ រហូត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​ជាង​៩​ខែ​មក​ហើយ ហើយ​បើ​តាម​ផែនការ គំរោង​សាងសង់​ប្រ​ព​ន្ធ័​ធារាសាស្ត្រ​វ៉ៃ​កូ​ជំ​ហ៊ាន​ទី​២​នេះ​គ្រោង​នឹង​បញ្ចប់​ការ​សាងសង់​នៅ​ក្នុង​រយៈពេល​ប្រមាណ​ជា​៥២​ខែ​។ ប្រព័ន្ធ​ធារាសាស្ត្រ​វ៉ៃ​កូ​ជំ​ហ៊ាន​២​នេះ ត្រូវ​បាន​សាងសង់​ឡើង​ដោយ​ត​ភ្ជាប់​ពី​ទន្លេតូច​ក្នុងស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ឆ្ពោះ​ចាក់​ទៅ​ដល់​ទន្លេ​វ៉ៃ​កូ ដែល​នៅ​កណ្តាល​ក្រុង​ស្វាយ​រៀង​។

មន្ត្រី​ជំនាញ​នៃ​មន្ទីរ​អភិវឌ្ឍ​ន៌​ជនបទ​ខេត្តព្រៃវែង​បានអោយ​កោះសន្តិភាព​ដឹង​ថា បច្ចុប្បន្ន​នេះ សកម្មភាព​សាងសង់​ប្រព័ន្ធ​ធារាសាស្ត្រ​នេះ កំពុង​មមាញឹក​ខ្លាំង​ណាស់ ដោយ​ក្រុមហ៊ុន​ដែល​ទទួល​ម៉ៅ​ការ​សាងសង់ បាន​ដាក់​គ្រឿងចក្រ​ប្រមាណ​ជាង​៤០០​គ្រឿង ដើម្បី​ព​ន្លឿ​ន​ការ​សាងសង់ ឲ្យ​ឆាប់​រួចរាល់​ទៅ​តាម​ការ​គ្រោង
ទុក​។ ហើយ​បើ​តាម​ការ​រំពឹង​ទុក ប្រព័ន្ធ​ធារាសាស្ត្រ​វ៉ៃ​កូ​ជំហាន​ទី​២​នេះ នឹង​ផ្តល់​ទឹក​ស្រោចស្រព​លើ​ផ្ទៃដី​បង្កបង្កើន​ផល​ស្រូវ​រដូវវស្សា​របស់​ប្រជាពលរដ្ឋ នៅ​ក្នុង​ខេត្តព្រៃវែង និង​ស្វាយ​រៀង បាន​ប្រមាណ​ជិត​១០​ម៉ឺន
ហិ​កតា ព្រមទាំង​ស្រូវប្រាំង​ជិត​២៥០០០​ហិ​កតា​ទៀត​ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា សកម្មភាព​សាងសង់​នៅ​ក្នុង​គំរោង​ទី​២ ដែល​កំពុង​អនុវត្ត​នៅ​ពេល​នេះ រួម​មាន ៖ ជីក​ព្រែក​២​ខ្សែ​សរុប​ប្រវែង​១៤,៦​គីឡូម៉ែត្រ សាងសង់​ប្រឡាយ​មេ​៤​ខ្សែ​សរុប​ប្រវែង​៥៩,៥​គីឡូម៉ែត្រ សាងសង់​ទំនប់​សណ្ត​ប្រវែង​៤១,៥​គីឡូម៉ែត្រ សង់​សំណង់​បង្ហៀរទឹក​១​កន្លែង សំណង់​ស្ទាក់​ទឹក​៦​កន្លែង និង​សំណង់​សម្រួល​ចរន្តទឹក​៨​កន្លែង សាងសង់​ស្ថានីយ​បូមទឹក​ចំនួន​៤​កន្លែង និង​សំណង់​លូ​ទឹក​៣២​កន្លែង អនុវត្ត​គម្រោង​ដោយ​ក្រុមហ៊ុន Guangdong Foreign Construction Co., Ltd នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

ក្រោយ​ពេល​បញ្ចប់​ការ​សាងសង់​ទាំងស្រុង នៅ​ឆ្នាំ​២០២១​ខាង​មុខ ប្រព័ន្ធ​ធារាសាស្ត្រ​ទន្លេ​វ៉ៃ​កូ ទាំង​ពីរ​ជំហាន (​ជំហាន​ទី​១ និង​ជំហាន​ទី​២) មាន​សក្តានុពល​ដែល​អាច​ផ្តល់​ទឹក​ស្រោចស្រព​ស្រូវ​រដូវវស្សា និង​ស្រូវ​រដូវប្រាំង លើ​ផ្ទៃដី​សរុប​ប្រមាណ​ជា​៣០​ម៉ឺន​ហិ​កតា នៅ​ក្នុង​ខេត្តព្រៃវែង ស្វាយ​រៀង កំពង់ចាម និង​មួយ​ភាគ​ទៀត​នៅ​ខេត្ត​ត្បូងឃ្មុំ នេះ​បើ​យោង​តាម លោក ជុំ សុ​ភី ប្រធាន​មន្ទីរ​អភិវឌ្ឍ​ន៌​ជនបទ ខេត្តព្រៃវែង បញ្ជាក់​ឲ្យ​ដឹង​កាលពី​ព្រឹក​មិ​ញ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ