ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ឺ…ព្រហ្ម​លិខិត​ដាក់​ទណ្ឌកម្ម​៣​នាក់​បងប្អូន​​ត្រូវ​រង​ទុក្ខ​រហូត​ដល់​ថ្ងៃ​ស្លា.ប់

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ពិតជា​ពិបាក​ភ្នែក​ណាស់​ នៅ​ពេល​ដែល​ឃើញ​ក្មេង​ៗ​ស្រី​-ប្រុស​៣​នាក់​បងប្អូន​បង្កើត ​ចុះ ឡើង​លើ​ផ្ទះ​ម្តង​ៗ និង​ឃើញ​ពី​សកម្មភាព​របស់​ពួក​គេ​ផ្សេង​ៗ​ទៀត ពិតជា​ក្តុកក្តួល​ពេក​ណាស់ គឺ​អាច​និយាយ​បាន​ថា វាសនា​របស់​ក្មេង​ៗ​ទាំង​៣​មិនល្អ…

ខេត្តកំពង់ស្ពឺ ៖ ពិតជា​ពិបាក​ភ្នែក​ណាស់​ នៅ​ពេល​ដែល​ឃើញ​ក្មេង​ៗ​ស្រី​-ប្រុស​៣​នាក់​បងប្អូន​បង្កើត ​ចុះ ឡើង​លើ​ផ្ទះ​ម្តង​ៗ និង​ឃើញ​ពី​សកម្មភាព​របស់​ពួក​គេ​ផ្សេង​ៗ​ទៀត ពិតជា​ក្តុកក្តួល​ពេក​ណាស់ គឺ​អាច​និយាយ​បាន​ថា វាសនា​របស់​ក្មេង​ៗ​ទាំង​៣​មិនល្អ ដែល​ព្រហ្មលិខិត​ដាក់​ទណ្ឌកម្ម​ចំពោះ​ពួក​គេ​ ឱ្យ​រង​ទុក្ខ​បែប​នេះ​រហូត​ដល់​ថ្ងៃ​ស្លាប់ ។ បើ​ទោះបីជា​យ៉ាងណា ក្នុង​នាម​ជា​ម្តាយ ​គឺ​បាន​ក្លាយជា​ទម្លាប់​ទៅ​ហើយ​ចំពោះ​សកម្ម ភាព​របស់​ខ្លួន ក្នុង​នាម​ជា​ម្តាយ ថ្វី​ដ្បិតតែ​កូន​ៗ​ធ្លាក់ខ្លួន​ក្លាយទៅជា​ជន​ពិការ គឺ​រូប​គាត់​មិន​រួញរា​ ក្នុង​ការ​មើលថែ​ពួក​កូន​ៗ​អភ័ព្វ​ទាំង​៣​នេះ​ឡើយ​។ នេះ​បើ​តាម​សម្តី​របស់​ស្ត្រី​ជា​ម្តាយ ​ដែល​បាន​អះអាង​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង តែ​គាត់​ក៏​មិន​អាច​លាក់បាំង​ដង្ហើមធំ​របស់​គាត់​បាន​ដែរ ។ នោះ​គឺ​ការ​មើលទៅ​អនាគត​កូន​ទាំង​៣ តើ​រស់​ដោយ​បែប​ណា ​នៅ​ពេល​អត់​ពី​គាត់ ?

បើ​យើង​ធ្វើ​ដំណើរ​ចេញពី​ផ្លូវបំបែក​ក្រុង​ច្បារមន ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤៤ ទៅ​កាន់​ទីរួមស្រុក​ឱ​រ៉ា​ល់ ហើយ​បន្តដំណើរ​ទៅ​ដល់​បង្គោលគីឡូម៉ែត្រ​លេខ​៧២ នឹង​ដល់​ភូមិ​មួយ គឺ​ភូមិ​ផ្លោ​ច​(​សក់​វែង​) ឃុំ​ត្រពាំង​ជោរ ស្រុក ឱ​រ៉ា​ល់ គឺ​ទីនោះ​ជា​ភូមិឋាន​ ដែល​ក្មេង​ពិការ​ទាំង​៣​នាក់​បងប្អូន​រស់នៅ​ជាមួយ​ម្តាយ ។ ក្មេង​ៗ​ពិការ​ទាំង​៣​នាក់​ត្រូវ​បាន​ម្តាយ​របស់​គេ​ប្រាប់​ថា កូនប្រុស​បង​មានឈ្មោះ វិ​ន សា​វឿ​ន អាយុ​១៥​ឆ្នាំ ។ ចំណែក​កូន​ទី​២ មានឈ្មោះ វិ​ន សា​វី អាយុ​១៣​ឆ្នាំ និង​កូនប្រុស​ពៅ មានឈ្មោះ វិ​ន ជា​វៃ អាយុ​១១​ឆ្នាំ ។ ដោយឡែក​ គាត់​នៅ​មានកូន​ស្រី​ច្បង​ម្នាក់​ទៀត អាយុ​២២​ឆ្នាំ តែ​កូន​ម្នាក់​នេះ​ មាន​កាយសម្បទា​មាំមួន​ធម្មតា​មិន​ដូច​ប្អូន​ៗ​របស់​នាង​ឡើយ ។

ស្ត្រី​ជា​ម្តាយ​ឈ្មោះ ឃិ​ន សុវណ្ណ អាយុ​៥០​ឆ្នាំ ​ហើយ​បាន​រៀបរាប់​បន្ត​ទៀត​ថា គាត់​មាន​ប្តី​ឈ្មោះ ស៊ុំ វិ​ន អាយុ​៥២​ឆ្នាំ ធ្វើ​ជា​យោធា​នៅ​កងពល​លេខ​៥២ ខេត្ត​ប៉ៃលិន​ដែល​ក្នុង​១​ឆ្នាំ ប្តី​របស់​គាត់​មក​លេង​ផ្ទះ​បាន​ចំនួន​២​ដង​ដែរ គឺ​នៅ​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ និង​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​យើង ។ ទោះបីជា​យ៉ាងនេះ​ក្តី​ប្តី​របស់​គាត់​មិន​ដែល​អាក់ខាន ក្នុង​ការ​ផ្តល់​លុយ​មក​ចិញ្ចឹម​កូន​នោះ​ទេ គឺ​ផ្ញើ​មក​ឱ្យ​គាត់​ទំនុកបម្រុង​កូន​ៗ​ជា​រៀង​រាល់​ខែ បើ​ទោះជា​លុយ​នោះ​មិន​ច្រើន​ក្តី ។ រាល់ថ្ងៃ​ ក្នុង​នាម​ជា​ម្តាយ​ពិតជា​មានការ​អាណិតអាសូរ​ដល់​កូន​ៗ​ទាំង​៣​នាក់​ខ្លាំង​ណាស់ គាត់​មិនដឹង​ថា តើ​ហេតុ​អ្វី​បានជា​ព្រហ្ម​លិខិត​ដាក់​ទណ្ឌកម្ម ចំពោះ​កូន​ទាំង​៣​របស់​គាត់​បែប​នេះ ។

គាត់​បាន​រៀបរាប់​ថា កូន​របស់​គាត់ វិ​ន សា​វឿ​ន កើតមក​មាន​កាយសម្បទា​ធម្មតា​ដូច​ក្មេង​ដទៃ​ទៀត​ដែរ ស្រាប់តែ​អាយុ​បាន​៧​ឆ្នាំ កូន​របស់​គាត់​មាន​អាការ​ក្តៅខ្លួន​ពេល​នោះ​គាត់​ក៏​បាន​នាំ​កូន​ទៅ​ពេទ្យ ពេល​ទៅ​ដល់​ពេទ្យ ស្រាប់តែ​កូន​របស់​គាត់​មាន​អាការ​ប្រកាច់ ចាប់តាំងពី​ពេល​នោះ​មក វិ​ន សា​វឿ​ន មិន​បាន​រត់​លេង​ជាមួយ​ក្មេង​ៗ​ដទៃ​នៅ​ក្នុងភូមិ​ទៀត​ទេ ព្រោះ​គេ​បាន​ធ្លាក់​ក្នុង​សភាព​ពិការ​ដៃជើង​ខ្វិនខ្វង់​ញ័រទទ្រើក ទៅ​ហើយ ។ ពេល​ឃើញ​កូន​ធ្លាក់ខ្លួន​បែប​នេះ គាត់​ជា​ម្តាយ​ខ្លោចផ្សារ​ក្នុង​ចិត្តជា​ខ្លាំង ព្រោះ​ដ្បិត​អាណិតកូន​មិន​គួរ​ណា​ព្រហ្ម​លិខិត​ដាក់ទោស​គេ​បែប​នេះ​សោះ ។ បើ​ទោះបី​កូន​បាន​ធ្លាក់ខ្លួន​ទៅ​ជា​មនុស្ស​ពិការ​ក្តី គាត់​មិន​ព្រងើយកន្តើយ​ដែរ គឺ​បាន​នាំ​កូន​ទៅ​រក​ការ​ព្យាបាល​គ្រប់​មន្ទីរពេទ្យ​ឱ្យ​តែ​គេ​ប្រាប់​ថា ពេទ្យ​នោះ​ពូកែ ។ តែ​ទីបំផុត​ក្តី​សង្ឃឹម​របស់​គាត់​បាន​រលាយ​សូន្យឈឹង នៅ​ពេល​ដែល​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា​ប្រាប់​ថា កូន​របស់​គាត់​មិន​អាច​វិល​ទៅ​រក​សភាព​ដើម​វិញ​បាន​ទេ ។

គាត់​និយាយ​ថា បាន​នាំ​កូន​មក​ផ្ទះ​វិញ​ទាំង​ក្តី​អស់សង្ឃឹម ហើយ​រស់នៅ​តាម​យថាកម្ម​រហូត​ដល់​សព្វថ្ងៃ ទោះ ជា​យ៉ាងនេះ​ក្តី ក៏​កូន​របស់​គាត់​មិន​ដែល​ធ្វើ​អ្វី​ឱ្យ​រូប​គាត់​ពិបាក​នោះ​ទេ ។ គាត់​ថា​ដូច​ជា​ពេល​ញ៉ាំ​បាយ គឺ​គេ​ញ៉ាំ​ដោយ​ខ្លួនឯង តែ​មិន​មាន​របៀប​ដូច​ក្មេង​ដទៃ​ដែល​សរសៃ​មិន​ញ័រញាក់​នោះ​ទេ ។ យ៉ាងនេះ​ក្តី គេ​មិន​ដែល​ហូប​បាយ ឬ​នំ​ឱ្យ​នរណា​ឃើញ​ឡើយ ដោយសារ​តែ​ខ្មាស​អៀន ជា​ពិសេស​ពេល​បត់ជើងតូច​ធំ គឺ​គេ​តែងតែ​រំកិល​ខ្លួនឯង​ទៅ​រក​កន្លែង​បន្ទោ​របង់​ដោយ​ខ្លួនឯង ។ ចំណែក​គាត់​ជា​ម្តាយ​នៅ​ពេល​ដែល​កូន​បន្ទោ​របង់​រួច រាល់ ទើប​លើក​គេ​យក​មក​លាង​សម្អាត​និង​ស្លៀក​សម្លៀក​បំពាក់​ខោអាវ​ថ្មី​ដល់​ពួក​គេ ។

ស្ត្រី​ជា​ម្តាយ​រៀបរាប់​បន្ត​ថា ការ​ពពោះ​កំណើត​កូនស្រី វិ​ន សា​វី ម្នាក់​ទៀត​កូន​នេះ​តាំងពី​កើតមក គឺ​កាយ សម្បទា​ដូច​ក្មេង​ធម្មតា​ដទៃ​ដែល​ចម្លែក​ត្រង់​ថា នៅ​ពេល​ដែល​គេ​មាន​អាយុ​បាន​៧​ឆ្នាំ ដូច​បងប្រុស​របស់​គេ​ក៏​ធ្លាក់ខ្លួន​ទៅ​ជា​ពិការ​ដូច​គ្នា តែ​កូនស្រី​ម្នាក់​នេះ អាច​ដើរ​បាន​ប្រសិនបើ​មាន​អ្នក​ជួយ​ទប់​និង​គ្រាហ៍​គាត់​បន្ត​។ មិន​ខុស​គ្នា​នោះ​ទេ នៅ​ពេល​ដែល​គាត់​ពពោះ​កំណើត​កូនប្រុស​ពៅ វិ​ន ជា​វៃ គឺ​កើតមក មាន​កាយសម្បទា​ល្អ​ដូច​ក្មេង​ៗ ក្នុងភូមិ​ដទៃ​ដែរ និង​ចេះ​ដើរ​រហូត​អាច​រត់​លេង​ជាមួយ​ក្មេង​ៗ ក្នុងភូមិ​ជាមួយ​គ្នា បានជា​ធម្មតា តែ​អកុសល​នៅ​ពេល​កូនប្រុស​ពៅ​អាយុ​បាន​៧​ឆ្នាំ ដូច​បងប្រុស​ស្រី​របស់​គេ ស្រាប់តែ​កូនប្រុស​ពៅ​ម្នាក់​ទៀត​នេះ​ក៏​មាន​សភាព​ពិការ​ដូច​បង​ៗ​របស់​គេ​ដែរ ខ្ញុំ​ខ្លោចចិត្ត​ណាស់ ។

សព្វ​ថ្ងៃនេះ​ ក្នុង​នាម​ជា​ម្តាយ​បាន​បំពេញ​តួនាទី​ជា​អ្នកបម្រើ​ផង ជា​គ្រូពេទ្យ​ផង ក្នុង​ការ​មើលថែ​កូន​ៗ​ទាំង​៣​ដែល​ស្ថិត​នៅ​ក្នុង​សភាព​ពិការ​បែប​នេះ ។ ទោះជា​យ៉ាងណា គាត់​ពិតជា​មិន​ហត់នឿយ​និង​រួញរា​ក្នុង​ការ​មើល ថែ​ពួក​គេ​នោះ​ទេ គឺ​មាន​តែ​ការ​អាណិត និង​ផ្តល់​ក្តី​មេត្តា​ដល់​ពួក​គេ​ទ្វេ​ឡើង ។ គាត់​បន្ត​ថា កូនស្រី​របស់​គាត់ វិ​ន សា​វី និង វិ​ន ជា​វៃ បើ​តាម​គ្រូពេទ្យ​ប្រាប់​គាត់​ថា បើ​គាត់​មាន​លុយ​ត្រឹម​មួយ​ពាន់​ដុល្លារ​(១០០០​ដុល្លារ​) គឺ​កូន​ៗ​ទាំង​២​នាក់​នេះ​អាច​ដើរ​បាន​ដូច​ក្មេង​ដទៃ​ឡើង​វិញ​បាន តែ​មិនដឹង​ថា​អាច​ទៅ​រួច​ឬ​ក៏​អត់​នោះ​ទេ ។ អ្វី មួយ​ដែល​មិន​អាច​ពិសោធ​បាន​នោះ​គឺ រាល់​ថ្ងៃនេះ​រស់នៅ​រំពឹង​លើ​លុយ​ដែល​ប្តី​ធ្វើ​ជា​យោធា​ផ្ញើ​មក​ឱ្យ ពេល​ខ្លះ​មិន​គ្រប់​ផង តើ​គាត់​អាច​រក​លុយ​ឯណា​បាន​មួយ​ពាន់​ដុល្លារ​ដើម្បី​យក​កូន​ទាំង​២​ទៅ​ព្យាបាល ?

ពេល​នេះ​គាត់​មាន​តែ​លើក​ម្រាមដៃ​១០ សុំ​ក្តី​មេត្តា​សណ្តោស​ប្រណី​ពី​សំណាក់​សប្បុរសជន​ក៏​ដូច​ជា​អង្គការ សប្បុរស ធម៌​នានា សុំ​មេត្តា​ជួយ​ដល់​កូន​ៗ​របស់​គាត់​ផង ព្រោះ​គាត់​មិន​អាច​មាន​លទ្ធភាព​នាំ​កូន​ៗ​ទៅ​រក​ការ​ព្យាបាល​ដោយ​ប្រាក់​ច្រើន​បែប​នេះ​បាន​ទេ ។ គាត់​ចង់បាន​រទេះរុញ​មួយ​សម្រាប់ វិ​ន សា​វឿ​ន ជា​បង​អាយុ​១៥​ឆ្នាំ​នោះ ព្រោះ​គេ​មាន​សភាព​ញ័រញាក់​ទទ្រើក ខុស​ពី​ប្អូន​ៗ​គេ​២​នាក់​ទៀត ។ អ្វី​ដែល​ជា​ការ​ព្រួយបារម្ភ​របស់​គាត់ គឺ​នៅ​ពេល​ដែល​គាត់​រលត់​សង្ខារ​ចាកចោល​លោក​នេះ​ទៅ តើ​វាសនា​កូន​ៗ​ទាំង​៣​របស់​គាត់​និង​ក្លាយទៅជា​យ៉ាងណា ?

ព្រហ្ម​លិខិត​ពិតជា​លេងសើច​ជាមួយ​គ្រួសារ​គាត់​មែន ? សូម​ទេវតា​រស់​ទាំងឡាយ​ដែល​សម្បូរ​សប្បាយ ដោយ​ភោគទ្រព្យ​មេត្តា​ជួយ​សណ្តោស​ប្រណី ដល់​ក្រុម​គ្រួសារ​គាត់​ផង ក្រែង​កូន​ៗ​របស់​គាត់​បានជា​បាន​ដើរ​បាន​ស្រាកស្រាន្ត​ពី​ទណ្ឌកម្ម​នេះ​ផង ។ ជា​ពិសេស​ គាត់​សុំ​លើក​ម្រាមដៃ​សុំ​ក្តី​មេត្តាករុណា​ពី​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន សូម​មេត្តា​ជួយ​គាត់ និង​កូន​ៗ​របស់​គាត់​ផង ព្រោះ​មាន​តែ​សម្តេច​ទេ​ដែល​ជា​ទេវតា​រស់ និង​តែងតែ​ជួយ​ដល់​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង ដោយ​មិន​រើសអើង​ពូជសាសន៍​ពណ៌​សម្បុរ​ឡើយ នៅ​ពេល​ទេវតារ​ស់ទាំង​ទ្វេ​បានដឹង ។ ដោយ​​ក្តី​អាណិត​ចំពោះ​ក្មេង​ៗ​ពិការ​ទាំង​៣​នាក់ អ្នក​យក​ព័ត៌មាន​យើង​បាន​ចែករំលែក​ថវិកា​ផ្ទាល់ខ្លួន​ចំនួន​៣០.០០០​រៀល និង​ទឹកក្រូច​១​កេស​ដល់​កុមារ​ទាំង​៣​ផង​ដែរ នៅ​ពេល​បាន​ទៅ​ដល់​លំនៅ​ឋាន​ម្សិលមិញ​នេះ ៕ ​

អត្ថបទសរសេរ ដោយ