ខេត្តកំពង់ឆ្នាំង ៖ ប្រជាកសិករដាំម្ទេសផ្លោកនៅឃុំប្រឡាយមាស ស្រុកកំពង់លែង បានត្អូញត្អែពីដំណាំម្ទេសរបស់គាត់ឆ្នាំនេះចុះថោកជាខ្លាំង ធ្វើអោយពួកគាត់ខាតបង់ជាខ្លាំង កសិករខ្លះថា មិនអាចរូចថ្លៃចំណាយបានទេ ។ ទោះបីយ៉ាងនេះក្តី ពួកគាត់បាននិយាយថា ឆ្នាំនេះ ការដាំម្ទេសផ្លោកទទួលបានទិន្នផលខ្ពស់គ្រប់ៗគ្នា ដោយសារឆ្នាំនេះទឹកទន្លេឡើងធំលិចខ្នងកោះគ្រប់ទីកន្លែង ។
លោក ឌុច ជាកសិករនៅភូមិកោះឬស្សី ឃុំប្រឡាយមាស បាននិយាយថា តម្លៃម្ទេសផ្លោកឆ្នាំនេះបានចុះថោកជាខ្លាំង ហើយបើឡើងថ្លៃបានតែមួយភ្លែត ពេលអត់ម្ទេសប៉ុណ្ណោះ ។ ឆ្នាំនេះគាត់បានចំណាយទុនដាំម្ទេសផ្លោកអស់ប្រាក់ជាង៣,៥០លានរៀលទៅហើយមិនដឹងថា អាចរួចថ្លៃចំណាយដែរឬអត់ បើឆ្នាំនេះ បើម្ទេសចុះថោកម្លឹងៗ ។
កសិករបុរសឈ្មោះហៃ រស់នៅក្នុងភូមិកោះឬស្សី បាននិយាយថា ពេលគាត់ បានដឹកផ្លែម្ទេសផ្លោក យកមកលក់នៅចំណុចកំពង់ផែផ្សារក្រោមបានអោយដឹងថា គាត់បានប្រកបរបរដាំផ្លែម្ទេសជាង១០ឆ្នាំហើយ ឆ្នាំនេះម្ទេសគាត់បានផលច្រើនគួរសម ប៉ុន្តែគួរអោយស្តាយណាស់ ផ្លែម្ទេសបានធ្លាក់ចុះថោក បានត្រឹម១ពាន់ ទៅ១.១០០រៀលប៉ុណ្ណោះ ។ តម្លៃនេះ គឺថោកខ្លាំងពេក ប៉ុន្តែការចំណាយអស់ច្រើនណាស់ ហើយបើគិតជាសោហុយ គឺមិនរួចដើមឡើយ ហើយបើតម្លៃនៅតែថោកបែបនេះ គាត់មិនអាចបន្តដាំម្ទេសបានទៀតឡើយ ព្រោះការចំណាយច្រើន បើគិតទាំងថ្លៃពលកម្ម ថ្លៃស្រោចទឹក និងថ្លៃថ្នាំជាដើម មិនអាចរួចខ្លួននោះទេកុំថាឡើយបានប្រាក់ចំណេញខ្លះៗនោះ ។
ចំណែកស្ត្រី ឈ្មោះ សន ចន្ថា ដែលអ្នកទិញម្ទេសផ្លោកវិញ ក៏បានឲ្យដឹងដែរថា ប្រជាកសិករឆ្នាំនេះដាំម្ទេសបានច្រើនណាស់ ជាមធ្យមគាត់ទិញបានក្នុងមួយថ្ងៃជាង៥តោន ប៉ុន្តែគាត់ក៏អាណិតកសិករដែរ ព្រោះឆ្នាំនេះម្ទេសរបស់គាត់ ចុះថោកខ្លាំងពេក គាត់ទិញតាមហាងឆេងទីផ្សារ បើគាត់អោយថ្លៃជាងនេះគាត់ក៏ខាតដែរ ម្យ៉ាងវិញទៀតប៉ុន្មានថ្ងៃនេះ គាត់ទិញម្ទេសសល់ច្រើន លក់មិនទាន់ចេញអស់ទេ ពេលខ្លះត្រូវបង្ខំលក់ ព្រោះម្ទេសស្រស់បែបហ្នឹងក៏ឆាប់ខូចណាស់ដែរ ។ ស្ត្រីរូបនោះក៏បានបញ្ជាក់ដែរថា គាត់ជាឈ្មួញទិញកសិផលពីប្រជាពលរដ្ឋជាង១០ឆ្នាំហើយ គាត់បានដឹងច្បាស់ណាស់ មិនមែនតែផ្លែម្ទេសទេដែលចុះថោក កសិផលអ្វីក៏ដោយ អោយតែប្រជាពលរដ្ឋដាំបានច្រើន គឺតម្លៃទីផ្សារបានចុះថោកជាមិនខាន ដូចករណីផ្លែម្ទេសនេះជាដើម ។
សូមរំឮកដែរថា កន្លងទៅប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា កសិផលអ្វីក៍ដោយអោយតែបានពីដើមដៃគឺបានថ្លៃជាងគេ ហើយដល់ពេលសំបូរ គឺចុះថោកបែបហ្នឹងហើយ នេះជាសេដ្ឋកិច្ចទីផ្សារ ប៉ុន្តែក៏មានឆ្នាំខ្លះប្រជាកសិករដាំដំណាំចំមុខដំណាំមិនសំបូរ ក៍លក់បានថ្លៃច្រើនដែរ ៕
ចែករំលែកព័តមាននេះ