ខេត្តកំពង់ឆ្នាំង ៖ កោះសន្តិភាពបានចុះផ្សាយរួចមកហើយ ស្តីពីកសិករ២នាក់ប្តី-ប្រពន្ធបានចាប់យកមុខរបរភ្ញាស់កូនមាន់លក់ ដែលអាចបង្កើនជីវភាពគ្រួសារបានមួយកម្រិត ។ បន្ទាប់ពីមានការផ្សព្វផ្សាយរួចមក ធ្វើឲ្យគ្រួសារសិករមួយនេះ កាន់តែល្បីជាបន្តបន្ទាប់ រហូតដល់បច្ចុប្បន្នពួកគាត់បានទទួលជោគជ័យលើមុខរបរនេះ ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ពួកគាត់និយាយថា គាត់មិនអាចបំពេញសេចក្តីត្រូវការរបស់អតិថិជនបានទេ និងបានទម្លាក់ចោលការកុម្មង់ទិញខ្លះរបស់ ក្នុងខែមេសា និងឧសភា ខាងមុខនេះ ។
លោក ប៉ែន ចាន់ណា អាយុ៤០ឆ្នាំ និងភរិយា ឈ្មោះ ប៊ី ធីរ៉េន អាយុ៣០ឆ្នាំ ជាកសិករប្រកបមុខរបរភ្ញាស់កូនមាន់ស្រែលក់ រស់នៅក្នុងភូមិក្បាលដំរី ឃុំច្រេស ស្រុកកំពង់ត្រឡាច ។គាត់និយាយថា ក្រុមគ្រួសាររបស់គាត់បានចាប់ដៃគ្នាប្រកបរបរភ្ញាស់កូនមាន់ស្រែលក់ មកដល់ពេលនេះមានរយៈពេល៥ឆ្នាំហើយ ។ ក្នុង
ឆ្នាំចុងក្រោយនេះ គាត់កាន់តែទទួលបានជោគជ័យលើមុខរបរនេះ ដោយបានការគាំទ្រពីអតិថិជនយ៉ាងច្រើន ដែលមានមកពីខេត្តកំពង់ចាម កំពត ព្រៃវែង តាកែវ កំពង់ស្ពឺ បាត់ដំបងនិងខេត្តមួយចំនួនទៀត ។
បច្ចុប្បន្ន ក្រុមគ្រួសារគាត់អាចភ្ញាស់កូនមាន់ស្រែលក់ក្នុង១ខែៗបានពី៣ពាន់ទៅ៤ពាន់ក្បាល ប៉ុន្តែចំនួននេះ
មិនអាចបំពេញបានតាមការកុម្មង់ទិញរបស់អតិថិជនឡើយ ហើយគាត់បានសុំទោសនិងអង្វរចំពោះអតិថិជនដែលមកក្រោយគេ ដោយប្រាប់ថា គាត់ផលិតកូនមាន់លក់មិនទាន់ទេ តែបានសន្យាលក់ឲ្យនៅខែបន្ទាប់ទៀត ។ កសិកររូបនេះបញ្ជាក់ថា ពងមាន់ស្រែដែលគាត់ទិញចូល១គ្រាប់៨រយរៀល យកមកដាក់ទូកម្តៅភ្ញាស់ដោយចរន្តអគ្គិសនី រយៈពេលពី១៨ទៅ២១ថ្ងៃកូនមាន់បានញាស់ ហើយរយៈពេលត្រឹម១សប្តាហ៍ កូនមាន់ទាំងនោះនឹងចាប់លក់ហើយក្នុងតម្លៃ៣.៧០០រៀលក្នុងកូនមាន់១ក្បាល តែមុននឹងចាប់លក់គាត់ត្រូវចាក់វ៉ាក់សាំងជាមុន ។ គាត់បានអំពាវនាវដល់ប្រជាពលរដ្ឋ បើចង់ទិញកូនមាន់មានសុខភាពល្អទៅ
ចិញ្ចឹម ឬបងប្អូនខ្លះដែលចង់ចេះភ្ញាស់កូនមាន់ដូចគាត់ សូមមកទាក់ទងជាមួយគាត់តាមអាសយដ្ឋានដូចខាងលើ ។
សូមបញ្ជាក់ថា កសិកររូបនេះបច្ចុប្បន្នមានទូសម្រាប់ភ្ញាស់កូនមាន់ពាក់កណ្ដាលស្វ័យប្រវត្តិចំនួន៥ទូ តែនៅមិនទាន់អាចបំពេញសេចក្តីត្រូវការរបស់អតិថិជនបាន ដែលគាត់ត្រូវបង្កើនការភ្ញាស់កូនមាន់ស្រែឱ្យបានច្រើនទៀត ដើម្បីបំពេញសេចក្តីត្រូវការរបស់អតិថិជន ។ មុខរបរមួយនេះ បើយើងគណនាជាមធ្យម គាត់លក់កូនមាន់បាន៣ពាន់ក្បាល ក្នុង១ក្បាលថ្លៃ៣.៧០០រៀល នោះយើងឃើញចំណូលរបស់គាត់ ហើយបើយើងដកថ្លៃពងមាន់ទិញចូល៨រយរៀលក្នុង១គ្រាប់ បូករូមទាំងថ្លៃភ្លើងអគ្គិសនី ក្នុង១ខែ ៥៥ម៉ឺនរៀល នោះយើងនឹងឃើញប្រាក់ចំណេញគាត់ហើយ គឺមិនធម្មតាទេ៕
ចែករំលែកព័តមាននេះ