ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ដណ្តើម​ខ្សែ​ក្រវាត់​អន្តរជាតិ ផាន់ គ្រាន់ ប្រាប់​រឿង​ខ្លះ​ពាក់​ព័ន្ធ​ព្រឹត្តិការណ៍​នោះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​២៩ មេ​សា ការ​ប្រកួត​អន្តរជាតិ​ដណ្ដើម​ខ្សែក្រវាត់​ដែល​មានទឹកប្រាក់​តម្លៃ​២០​លាន​រៀល ត្រូវ​បាន​បញ្ចប់​យ៉ាង​កក្រើក​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ​(SEA-TV) ដោយ​ព្រឹត្តិការណ៍​នោះ​សឹងតែ​ធ្វើ​ឱ្យ​ម្នាក់​ៗ​គូទ​មិន​ជាប់​កៅអី និង​​ឈរ​លែង​នឹង​ព្រោះតែ​អបអរ​នឹង​ជោគជ័យ​របស់​កីឡាករ​កម្ពុជា​ដែល​វាយ​ថៃ​ឈ្នះ​នៅ​ក្នុង​ថ្ងៃ​នោះ​។ កីឡាករ…

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​២៩ មេ​សា ការ​ប្រកួត​អន្តរជាតិ​ដណ្ដើម​ខ្សែក្រវាត់​ដែល​មានទឹកប្រាក់​តម្លៃ​២០​លាន​រៀល ត្រូវ​បាន​បញ្ចប់​យ៉ាង​កក្រើក​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ​(SEA-TV) ដោយ​ព្រឹត្តិការណ៍​នោះ​សឹងតែ​ធ្វើ​ឱ្យ​ម្នាក់​ៗ​គូទ​មិន​ជាប់​កៅអី និង​​ឈរ​លែង​នឹង​ព្រោះតែ​អបអរ​នឹង​ជោគជ័យ​របស់​កីឡាករ​កម្ពុជា​ដែល​វាយ​ថៃ​ឈ្នះ​នៅ​ក្នុង​ថ្ងៃ​នោះ​។

កីឡាករ ផា​ន់ គ្រាន់ ត្រូវ​បាន​មហាជន​ជា​ពិសេស​គឺ​អ្នកគាំទ្រ​ទះដៃ​ស្ទើរ​របើក​ដំបូល​សង្វៀន ដោយសារ​តែ​ការ​ឈ្នះ​របស់​គេ គឺជា​រឿង​ដ៏​កម្រ​ដែល​សូ​ម្បី​តែ​អ្នកគាំទ្រ​ក៏​សឹង​មិន​ជឿ​ភ្នែក​។

សឹង​មិន​ជឿ​នឹង​ភ្នែក​ដោយសារ​ការ​ប្រកួត​ពេល​នោះ​បង្ហាញ​ពី​ភាពស្វិតស្វាញ​រវាង​កីឡា​ករ​ទាំង​ពីរ​ដែល​មាន​ន័យ​ថា ភាគី​ម្ខាង​ៗ​សុទ្ធតែ​ប្រឹង​រៀងខ្លួន​ហើយ​មិន​បាន​លាក់​ដៃ​ក្នុង​ការ​វាយលុក​ទេ ។ ការ​ប្រកួត​ទាំងមូល​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ផ្ទាល់​ជក់ចិត្ត​ខ្លាំង​ណាស់​នៅ​ពេល​​ការ​ប្រកួត​ឈាន​ដល់​៤​ទឹក ហើយ​លទ្ធផល​បាន​ស្ដែង​យ៉ាង​ច្បាស់​ថា​កីឡាករ​ថៃ​ជា​អ្នក​ទទួល​បាន​ឱកាស​វាយ​ចូល​ច្រើន​ជាង​ធ្វើ​ឱ្យ​អ្នកគាំទ្រ​កីឡាករ​កម្ពុជា​សម្ដែង​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​នៅ​ពេល​ឃើញ​ផា​ន់ គ្រាន់ ខំប្រឹង​ណាស់​ដែរ ​ប៉ុន្តែ​មិន​អាច​ទៅ​រួច ។

បញ្ចប់ទឹក​ទី​៤ កីឡាករ​ថៃ Loom Leng និង​អ្នកដឹកនាំ​របស់​គេ​បាន​បង្ហាញ​ជំនឿ​ចិត្ត​យ៉ាង​ខ្លាំង ថា​ ខ្លួន​នឹង​ដណ្ដើម​បាន​ខ្សែក្រវាត់ និង​ប្រាក់​២០​លាន​រៀល​ដោយសារ​តែ​មាន​ពិន្ទុ​នាំមុខ សូ​ម្បីតែ​គណៈកម្មការ​ផ្ដល់​ពិន្ទុ ក៏​ទទួលស្គាល់​ថា​សម្រាប់​៤​ទឹក​ដែល​បាន​បញ្ចប់​គឺ​កីឡា​ករ​ថៃ​ជា​អ្នក​ឈ្នះ ។ ទោះបី​យ៉ាងណា ការ​ប្រកួត​ក្នុង​ទឹក​ទី​៥​បាន​ធ្វើ​ឱ្យ​ម្នាក់​ៗ​ស្រឡាំង​កាំង​​ដោយសារ​តែ​កីឡាករ​ថៃ ដែល​ត្រូវ​គេ​ដឹង​ថា​ឈ្នះ​ពិន្ទុ​រួច​ជា​ស្រេច ស្រាប់តែ​ក្លាយជា​អ្នក​​បរាជ័យ​ទៅ​វិញ ដោយសារ​តែ​ភ្លាត់​ឱ្យ​កីឡាករ ផា​ន់ គ្រាន់ វាយ​ត្រូវ​មួយ​កែង​បក​ពេញ​ទំហឹង​បណ្ដាល​ឱ្យ​ដួល​សន្លប់​ធំ​លើ​រេញ ទោះបី​អាជ្ញាកណ្ដាល​រាប់​ដល់​១០​ហើយ​នៅ​តែ​ក្រោក​មិន​រួច ។ អ្នកគាំទ្រ​នៅ​ពេញ​សង្វៀន​ស្ទើរតែ​មិន​ជឿ​ភ្នែក​នោះ​ទេ ជា​ពិសេស​នៅ​ពេល​ដែល​កីឡាករ​ថៃ​ស្រាប់តែ​ក្លាយជា​អ្នក​សន្លប់ និង​ជា​អ្នក​របូត​ខ្សែក្រវាត់​អន្តរ​ជាតិ​​ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់​២០​លាន​រៀល​យ៉ាង​គួរ​ឱ្យ​ភ្ញាក់ផ្អើល ។

ផា​ន់ គ្រាន់ ដែល​បាន​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់ បាន​ថ្លែង​បញ្ជាក់​ថា នេះ​ជា​លើក​ទី​៣ ដែល​​លោក​ទទួល​បាន​ខ្សែក្រវាត់​ជើងឯក ប៉ុន្តែ​សម្រាប់​លើក​នេះ គឺជា​ខ្សែក្រវាត់​ជើងឯក​អន្តរ​ជាតិ ដែល​វាយ​ឈ្នះ​កីឡាករ​ថៃ​ជា​ជើង​ខ្លាំង​តែ​ម្ដង ។ លោក​ទទួលស្គាល់​ថា ការ​ប្រកួត​ដែល​​បាន​ធ្វើ​ឡើង​នៅ​ក្នុង​រយៈពេល​៤​ទឹក​បើក​ឆាក លោក​ពិតជា​មិន​មានសំណាង​ដណ្ដើម​​ពិន្ទុ​នាំមុខ​នោះ​ទេ ហើយ​បើ​កុំ​តែ​មានសំណាង​វាយ​ឱ្យ​កីឡាករ​ថៃ​សន្លប់​នៅ​ជិត​ចប់​ទឹក​ទី​៥​នោះ ​ក្ដី​ស្រមៃ​របស់​លោក​នឹង​ត្រូវ​បាត់បង់​បាត់​ហើយ សម្រាប់​ការ​ប្រកួត​មួយ​នេះ ។ លោក​បង្ហាញ​ពី​ការ​សាទរ​ចំពោះ​លទ្ធផល​ដែល​បាន​លេចឡើង នា​ពេល​នោះ​ដោយ​​អះអាង​ថា ខ្សែក្រវាត់ អន្តរជាតិ និង​ប្រាក់​លាន​ដែល​ខ្លួន​ទទួល​បាន បាន​ជួយ​ឱ្យ​លោក​​ក្លាយ​ខ្លួន​ជា​អ្នកមាន​កិត្តិយស​យ៉ាង​ខ្លាំង​នៅ​ក្នុង​ពិភព​ប្រដាល់ ។

លោក​ថា ការ​ប្រកួត​ដែល​ទើបនឹង​បាន​ខ្សែក្រវាត់​នេះ មិនមែន​បាន​ដោយ​មិន​មានការ​ប្រឹង​ប្រែង​នោះ​ទេ គឺ​បាន​ដោយ​លំបាក​បំផុត ទើប​លោក​និយាយ​ថា ​នេះ​គឺជា​អ្វី​ដែល​លោក​​ត្រូវ​តែ​ប្រឹង​បន្ត​ថែម​ទៀត ដើម្បី​ឱ្យ​ខ្លួន​កាន់តែ​មានឱកាស និង​មានកេរ្តិ៍ឈ្មោះ​បោះ​សំឡេង​លើ​អាជីព​ជា​អ្នក​ប្រដាល់​ដែល​បាន​តស៊ូ ។ លោក​ថា ក្រោយ​ទទួល​បាន​ខ្សែ​ក្រវាត់​អន្តរជាតិ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កាន់តែ​ធ្វើ​ឱ្យ​លោក​មាន​កម្លាំង​ចិត្តច្រើន​ឡើង ដោយសារ​តែ​ឈ្នះ​ខ្សែក្រវាត់​នេះ គឺ​បង្ហាញ​ថា ​លោក​នៅ​តែ​មាន​លទ្ធផល​ពី​ការ​ប្រឹងប្រែង ។ លោក​ថា កីឡាករ​ថៃ​ពិតជា​មាន​សមត្ថភាព ជាក់ស្ដែង​លោក​ក៏​ប្រើ​បច្ចេកទេស​យ៉ាង​ស្វិតស្វាញ​ផង​ដែរ​ទម្រាំ​រកបាន​ជ័យជម្នះ​ដែល​ជា​ផ្លែផ្កា​ដែល​លោក​ចង់បាន​នៅ​ក្នុង​ពេល​នេះ​។

លោក ញាណ សុធី អ្នក​រៀបចំ​កម្មវិធី​ប្រកួត​ប្រចាំ​សង្វៀន​ទូរទស្សន៍​អា​ស៊ី​អាគ្នេយ៍​បាន​អះអាង​ថា ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​អន្តរជាតិ​មួយ​នេះ​ធ្វើ​ឡើង​ចំនួន​២​លើក​មក​ហើយ​​សម្រាប់​សង្វៀន​ពេល​រសៀល​ថ្ងៃអាទិត្យ​ក្រោម​ការ​ឧបត្ថម្ភ​របស់​ស្រា​បៀរ​Barrley Black​។ លោក​បាន​កោតសរសើរ​ចំពោះ​កីឡាករ ផា​ន់ គ្រាន់ ដែល​ធ្វើ​បាន​ល្អ​សម្រាប់​ការ​ប្រកួត ប៉ុន្តែ​លោក​ថា បើ​គ្មាន​សំណាង​វាយ​ឱ្យ​ថៃ​សន្លប់​ក្នុង​ទឹក​ទី​៥​នោះ​ទេ គឺ​ប្រាកដជា​ចាញ់​ទាំង​សោកស្ដាយ​ជា​មិន​ខាន ដោយសារ​តែ​កីឡាករ​ថៃ​ហាក់​មាន​សន្ទុះ​ល្អ​ជាង ទាំង​កែង និង​ម៉ាត់​ក្នុង​ការ​វាយលុក​។

យ៉ាងណាមិញ​លោក​ថា ទូរទស្សន៍​អាស៊ី​អាគ្នេយ៍មិន​មាន​គម្រោង​កុងត្រា​ចងជើង​កីឡា​ករ​ជា​ម្ចាស់​ខ្សែក្រវាត់​តាម​រយៈ​ការ​ផ្ដល់​ប្រាក់ខែ​ឱ្យនោះ​ទេ ដោយ​លោក​បញ្ជាក់​ថា ប្រាក់​រង្វាន់​២០​លាន​រៀល​នោះ គឺជា​ប្រាក់​ប្រគល់​ផ្ដាច់ ហើយ​ផ្ដល់​សិទ្ធិ​ឱ្យ​កីឡាករ​រូប​នេះ​មាន​សិទ្ធិ​ប្រកួត​ប៉ុស្ដិ៍ណា​ក៏​បានឱ្យ​តែ​ផា​ន់ គ្រាន់ មាន​ពេល​ទទួលយក​ការ​ប្រកួត​នៅ​ប៉ុស្ដិ៍​របស់​ខ្លួន ។ លោក​ថា ទូរទស្សន៍​របស់​លោក​បាន​ត្រឹមតែ​បណ្ដុះ​កីឡាករ​ជា​ធនធាន​សម្រាប់​បម្រើ​ឱ្យ​វិស័យ​ប្រដាល់​ប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​ការ​ចុះ​កុងត្រា​ចងជើងកីឡា​ករ​ទុក​ប្រកួត​ប្រចាំ​ប៉ុស្ដិ៍​ខ្លួន គឺ​មិន​មាន​ទេ ដើម្បី​ផ្ដល់​សេរីភាព​ឱ្យ​កីឡាករ​មាន​សិទ្ធិ​ទៅ​ប្រកួត​នៅ​ទីណា​ក៏​បាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ