ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​អ្វី​ដែល​បង្ក​ឱ្យ​កើត​មាន​សង្គ្រាម​រវាង​ចិន​-​អា​មេ​រិ​ក ?

5 ឆ្នាំ មុន

ទីក្រុង​ប៉េ​កាំ​ង ៖ ជម្លោះ​ពាណិជ្ជកម្ម គឺជា​បញ្ហា​មួយ​ក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​ចិន និង​សហរដ្ឋអាមេរិក​អស់​រយៈពេល​ជា​យូរ​មក​ហើយ ប៉ុន្តែ​មិន​មាន​មនុស្ស​ច្រើន​ឡើយ​ដែល​គិត​ថា បញ្ហា​នេះ​អាច​នឹង​បង្ក​ឲ្យ​ក្លាយជា​សង្គ្រាម​ពាណិជ្ជកម្ម ព្រោះ​សេដ្ឋវិទូ​ជា​ទូទៅ​គិត​ថា សង្គ្រាម​ពាណិជ្ជកម្ម​ផ្តល់​ផល​ប៉ះពាល់​ដល់​ភាគី​ទាំង​ពីរ ។…

ទីក្រុង​ប៉េ​កាំ​ង ៖ ជម្លោះ​ពាណិជ្ជកម្ម គឺជា​បញ្ហា​មួយ​ក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​ចិន និង​សហរដ្ឋអាមេរិក​អស់​រយៈពេល​ជា​យូរ​មក​ហើយ ប៉ុន្តែ​មិន​មាន​មនុស្ស​ច្រើន​ឡើយ​ដែល​គិត​ថា បញ្ហា​នេះ​អាច​នឹង​បង្ក​ឲ្យ​ក្លាយជា​សង្គ្រាម​ពាណិជ្ជកម្ម ព្រោះ​សេដ្ឋវិទូ​ជា​ទូទៅ​គិត​ថា សង្គ្រាម​ពាណិជ្ជកម្ម​ផ្តល់​ផល​ប៉ះពាល់​ដល់​ភាគី​ទាំង​ពីរ ។ តើ​មូលហេតុ​អ្វី​បានជា​បញ្ហា​នេះ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ដល់​កម្រិត​បច្ចុប្បន្ន ? តើ​យើង​អាច​ត្រឡប់​ក្រោយ​វិញ​បាន​ដែរ​ឬទេ ?

ជាដំបូង លោក​ត្រាំ ហាក់​មិន​យល់​ច្បាស់​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម ។ លោក​ត្រាំ គិត​ថា អា​មេ​រិ​ក​មាន​ឱនភាព​ពាណិជ្ជកម្ម​ប្រមាណ​៥០០​ប៊ី​លានដុល្លារ​ជាមួយ​ប្រទេស​ចិន គឺជា​ការ​ខាតបង់​មួយ និង​ជា​លទ្ធផល​ដែល​រដ្ឋាភិបាល​អា​មេ​រិ​ក​អនុញ្ញាត​ឲ្យ​ភាគី​ចិន​ទាញ​យក​អត្ថប្រយោជន៍​ពី​ខ្លួន ។

យោង​តាម​លោក​ត្រាំ សហរដ្ឋអាមេរិក​បាន​ចាញ់​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន​អស់ រយៈពេល​ជា​យូរ​មក​ហើយ ។

ប៉ុន្តែ​លំនឹង​ពាណិជ្ជកម្ម​មាន​ភាព​ស្មុគស្មាញ​ជាង​នេះ ។ ការ​នាំ​ចេញ​របស់​ប្រទេស​ចិន​ភាគច្រើន​រួម​មាន គ្រឿង​ដែល​បាន​ផលិត​ក្នុង​ប្រទេស​ផ្សេង មាន​ន័យ​ថា ផល​លើស​ពាណិជ្ជកម្ម​របស់​ប្រទេស​នេះ​រួម​មាន ផល​លើស​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​ជា​ច្រើន​ទៀត​ផង​ដែរ ។

លើស​ពី​នេះ ប្រទេស​ចិន​មាន​ឱនភាព​ពាណិជ្ជកម្ម​យ៉ាង​ខ្ពស់​ជាមួយ​ប្រទេស​ជប៉ុន និង​ប្រទេស​ក្នុង​អាស៊ី​អាគ្នេយ៍ ។ ផល​លើស​ពាណិជ្ជកម្ម​របស់​ប្រទេស​ចិន​បាន​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​១០​ឆ្នាំ​កន្លង​មក គឺ​ពី​១០%​នៃ GDP នៅ​ឆ្នាំ​២០០៧ មក​ត្រឹមតែ​១%​នៃ GDP ប៉ុណ្ណោះ​នៅ​ឆ្នាំ​២០១៧ ។

សម្រាប់​ឱនភាព​ពាណិជ្ជកម្ម​អា​មេ​រិ​ក​វិញ វា​មិនមែន​ជា​រឿង​អាក្រក់​ទេ មាន​ន័យ​ថា ប្រទេស​​នេះ​ទទួល​បាន​មូលធន​បរទេស​ច្រើន ។ វា​ជួយ​ដល់​អា​មេ​រិ​ក​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​ពង្រឹង​ប្រព័ន្ធ​ហិរញ្ញវត្ថុ និង​រូបិយប័ណ្ណ​របស់​ខ្លួន ។

ក្រៅពី​នេះ លោក Pascal Lamy អតីត​ប្រធាន​គ្រប់គ្រង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក បាន​កត់​សម្គាល់ថា វិស័យ​មួយ​ចំនួន​របស់​ប្រទេស​ចិន មិន​ទាន់​បើក​ទូលាយ​គ្រប់គ្រាន់​ទេ ហើយ​ការ​ការពារ​សិទ្ធិ​កម្មសិទ្ធិបញ្ញា​គួរតែ​ពង្រឹង ។

ប្រាកដ​ណាស់ រដ្ឋាភិបាល​ចិន​សង្ឃឹមថា នឹង​អាច​បើក​ទូលាយ​លើ​វិស័យ​ហិរញ្ញវត្ថុ​របស់​ខ្លួន​ឲ្យ​បាន​ឆាប់​ៗ ប៉ុន្តែ​បញ្ហា​ភាព​ទន់ខ្សោយ​ផ្នែក​ហិរញ្ញវត្ថុ គឺ​ទាមទារ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​បន្តិច​ម្តង​ៗ ។

រដ្ឋាភិបាល​លោក​ត្រាំ មិន​ពេញចិត្ត​នឹង​យុទ្ធសាស្ត្រ Made in China 2025 ដែល​ជា​យុទ្ធ​សាស្ត្រ​អនុម័ត​នៅ​ឆ្នាំ​២០១៥​ទេ ។ យុទ្ធសាស្ត្រ​នេះ​មាន​គោលដៅ​ជំរុញ​ដល់​វិស័យ​ធំ​ៗ​ទាំង​១០ រួម​មាន វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​ទំនើប​, ឧបករណ៍​ម៉ាស៊ីន​ស្វ័យប្រវត្តិកម្ម និង​មនុស្ស​យន្ត​, វិស័យ​ហោះហើរ និង​ឧបករណ៍​ការ​ហោះហើរ​អវកាស និង​រថយន្ត​អគ្គិសនី ជាដើម ។

របាយការណ៍​ការិយាល័យ​តំណាង​ការ​ធ្វើ​ពាណិជ្ជកម្ម​អា​មេ​រិ​កបាន​និយាយ​ថា គោលដៅ​ចុង​ក្រោយ​នៃ​យុទ្ធសាស្ត្រ​នេះ គឺ​គ្រប់គ្រង​ទីផ្សារ​ពិភពលោក​ឲ្យ​កាន់តែ​ធំ​ឡើង​នៅ​ក្នុង​វិស័យ​ខាងលើ ។ ប៉ុន្តែ​ជាក់ស្តែង យុទ្ធសាស្ត្រ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​តាម​ការ​វិនិយោគ​យ៉ាងច្រើន​របស់​សហរដ្ឋអាមេរិក​លើ​ការ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍ ។

គោលដៅ​របស់​ប្រទេស​ចិន គឺ​គ្រាន់តែ​ចង់​បង្កើន​សមត្ថភាព​ផ្នែក​ផលិតកម្ម​របស់​ខ្លួន មក​ស្មើនឹង​កម្រិត​មធ្យម​នៅ​ឆ្នាំ​២០៣៥ ប៉ុណ្ណោះ ។

ទោះជា​យ៉ាងណា ប្រសិនបើ​សហរដ្ឋ អា​មេ​រិ​ក​ចង់​ដោះស្រាយ​បញ្ហា​នេះ ពួក​គេ​គួរតែ​ធ្វើ​តាម​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ហើយ​ពួក​យើង​អាច​នឹង​ចៀស​ផុត​ពី​សង្គ្រាម​ពាណិជ្ជកម្ម​ផង​ដែរ ។

លោកនាយក​រដ្ឋមន្ត្រី​ចិន ស៊ី ជិន​ពីង ហាក់ដូចជា​ចង់​កាត់​បន្ថយ​ភាព​តានតឹង​នេះ ដែល​អាច​មើលឃើញ​តាម​រយៈ​ការ​សន្យា​កាត់​បន្ថយពន្ធ​លើ​រថយន្ត​អា​មេ​រិ​ក ដែល​នាំ​ចូល​មក​ប្រទេស​ចិន​យ៉ាងច្រើន ហើយនឹង​ធ្វើ​ឲ្យ​វិស័យ​សេវាកម្ម​ហិរញ្ញវត្ថុ​កាន់តែ​បើក​ទូលាយ​ថែម​ទៀត ។

បន្ទាប់​មក លោក​ត្រាំ បាន​ប្រកាស​ថា ការ​ចរចា​ជាមួយ​ប្រទេស​ចិន​កំពុង​តែ​ដំណើរការ​យ៉ាង​ល្អ​ផង​ដែរ ៕

ដកស្រង់​ពី  Project-syndicate

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ