ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​អ្នក​ណា​ដឹង​អត់ថា ទឹកធ្លាក់​៣២​ជាន់​កំពុង​លាក់ខ្លួន​ក្នុង​ព្រៃ​ក្បែរ​ក្រុងប៉ៃលិន

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ គេ​សង្កេត​ឃើញ​ថា កម្ពុជា គឺជា​ប្រទេស​ដែល​សម្បូរ​ទៅ​ដោយ​ធនធានធម្មជាតិ និង​រមណីយដ្ឋាន​ជា​ច្រើន​កន្លែង​រាប់​មិន​អស់ មាន​ទាំង​រមណីយដ្ឋាន​កែ​ច្នៃ និង​រមណីយដ្ឋាន​ធម្មជាតិ ប្រវត្តិសាស្ត្រ ដែល​ជា​ប្រភព​ចំណូល​មិន​ចេះ​រីងស្ងួត…

ខេត្ត​ប៉ៃលិន ៖ គេ​សង្កេត​ឃើញ​ថា កម្ពុជា គឺជា​ប្រទេស​ដែល​សម្បូរ​ទៅ​ដោយ​ធនធានធម្មជាតិ និង​រមណីយដ្ឋាន​ជា​ច្រើន​កន្លែង​រាប់​មិន​អស់ មាន​ទាំង​រមណីយដ្ឋាន​កែ​ច្នៃ និង​រមណីយដ្ឋាន​ធម្មជាតិ ប្រវត្តិសាស្ត្រ ដែល​ជា​ប្រភព​ចំណូល​មិន​ចេះ​រីងស្ងួត និង​ជា​ឧស្សាហកម្ម​គ្មាន​ផ្សែង ។

ដោយឡែក​នៅ​ឯ​ខេត្ត​ប៉ៃលិន​ជា​ទឹកដី​ត្បូង​ពេជ្រ ដែល​ល្បី​រន្ទឺ​ទូ​ទាំង​សកលលោក​ថា មាន​រមណីយដ្ឋាន​ថ្មី​មួយ​ទើបនឹង​ត្រូវ​បាន​រក​ឃើញ​ក្នុង​ទឹកដី​ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន មានឈ្មោះ​ថា រមណីយដ្ឋាន​ទឹកធ្លាក់​៣២​ជាន់ ដែល​សម្បូរ​ទៅ​ដោយ​ធម្មជាតិ​ស្រស់បំព្រង រួម​ជាមួយ​ទឹកធ្លាក់​ដ៏​ត្រជាក់ និង​ព្រៃ​ភ្នំ​ក្រំ​ថ្ម គួរ​ជាទី​ទាក់ទាញ​អារម្មណ៍​អ្នកទេសចរ ។

រមណីយដ្ឋាន​នេះ​ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​ក្រុង​ប៉ុន្មាន​ទេ ប្រមាណ​៥​ទៅ​៦​គីឡូម៉ែត្រ បើ​គេ​ធ្វើ​ដំណើរ​ដោយ​បើក​ម៉ូតូ​ចេញពី​រង្វង់​មូល​ទីរួមខេត្ត​ឆ្ពោះទៅ​ទិស​ខាងលិច​ឆៀង​ខាងត្បូង​ប្រហែល​២០​ទៅ​២៥​នាទី នឹង​ទៅ​ដល់ទី​នោះ​យ៉ាង​រលូន ប៉ុន្តែ​មិន​អាច​បើកបរ​រថយន្ត​ចូល​ទៅ​កើត​នោះ​ទេ ព្រោះ​អាជ្ញាធរ​កំពុង​រៀបចំ​សម្រួល​ផ្លូវ ។ រមណីយដ្ឋាន​ទឹកធ្លាក់​៣២​ជាន់ មា​នទី​តាំងនៅ​ក្នុងភូមិ​បរ​ហ៊ុយ​ត្បូង សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ជា​កន្លែង​ដែល​សម្បូរ​ទៅ​ដោយ​ធនធានធម្មជាតិ​បញ្ចេញ​ពណ៌​បៃតងខ្ចី ហើយ​រមណីយដ្ឋាន​នេះ​ជា​កន្លែង​ថ្មី​មួយ​ដែល​គេ​ទើបតែនឹង​រក​ឃើញ​កាលពី​ពេល​ថ្មី​ៗ បើសិនជា​មាន​ភ្ញៀវ​ទេសចរណ៍​ណា​ម្នាក់​បាន​ចូល​ទៅ​លេង​កម្សាន្ត​ហើយនឹង​ពោល​សរសើរ​ពេញចិត្ត​នឹង​ទិដ្ឋភាព ធម្មជាតិ​ដ៏​ល្អ​វិសេស​មួយ​នេះ​ជាក់​ជា​មិន​ខាន​ឡើយ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​លោក មួន យ៉​ត អាយុ​៤៨​ឆ្នាំ និង​លោកស្រី ទិ​ត្យ ផល្លា អាយុ​៤៧​ឆ្នាំ ជា​អ្នកស្រុក​ដែល​រស់នៅ​តំបន់​នោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា រមណីយដ្ឋាន​ទឹកធ្លាក់​៣២​ជាន់​នេះ ស្ថិត​នៅ​លើ​ជួរ​ភ្នំ​ខៀវ ហើយ​បើ​គិត​ពី​កំពូលភ្នំ​មក​ដល់​ជើងភ្នំ ទឹកធ្លាក់​៣២​ជាន់​នេះ មាន​ប្រវែង​ប្រមាណ​ជាង​៤​ទៅ​៥​គីឡូម៉ែត្រ ។ ប្រភព​បន្ត​ទៀត​ថា ទឹកធ្លាក់​ដ៏​ថ្មី​សន្លាង​មួយ​នេះ​ត្រូវ​បាន​ចែក​ចេញ​ជា​ច្រើន​ដំណាក់កាល​ដូច​ជា ដំណាក់កាល​ស្ថិត​នៅ​ក្រោម​គេ​បង្អស់ (​ជើងភ្នំ​) គឺ​ប្រៀប​ដូច​ជា​ថ្លុក ឬ​ស្រះ​ត្រពាំង​តូច​មួយ​សម្រាប់​ឱ្យ​អ្នក​ទេសចរណ៍​ចុះ​ទៅ​ងូតទឹក​លេង​កម្សាន្ត​ដ៏​ត្រជាក់ចិត្ត ត្រជាក់​បេះដូង ពេល​ងូតទឹក​ហើយ​ហាក់ដូចជា​ស្រ​ម៉ៃ​ទៅ​ដល់​ឋាន​សួគ៌ ។

ដោយឡែក​នៅ​ជាន់​លើ​ប្រៀប​ដូច​ជា អាង​ស្តុក​ទឹក​ដ៏​ធំ​មួយ​ដែល​ស្តុក​ទឹក​រាប់​ពាន់​ម៉ែត្រគូប មិន​ចេះ​រីងស្ងួត​សម្រាប់​បង្ហូរ​ចុះ​ក្រោម ។ ប៉ុន្តែ​វា គឺជា​ជ្រលង​ថ្ម​ដែល​មានទឹក​ហូរ​ធ្លាក់​មក​ពី​ប្រទេស​ថៃ​ក្នុង​ប្រវែង​ប្រមាណ​រាប់រយ​ម៉ែត្រ​ឯណោះ ដែល​ជា​អំណោយផល​ពី​ធម្មជាតិ ដល់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ងាយស្រួល​ដើរ​កម្សាន្ត​តាម​បណ្តោយ​ជ្រលង​ភ្នំ ។

ចំណែក​អ្នកខ្លះ​ទៀត ដែល​មាន​ក្រុម​គ្រួសារ​កូនចៅ​ដើរ លេង​ទៅ​ជាមួយ បាន​វេចបាយ​ប្រអប់​មាន​ប្រហុក​កប់ ហើយ​បេះ​ស្លឹក​រាំង​ជ្រលក់​ហូប​ជួបជុំ​គ្នា មាន​ទាំង​ម្ហូប សម្ល ឆា ដែល​ខ្លួន​បាន​ចំ​អិត​យក​ទៅ​ពី​ផ្ទះ​នាំ​គ្នា​ទទួលទាន​យ៉ាង​ឆ្ងាញ់​ពិសា នៅ​ក្រោម​ដើម រាំងភ្នំ​ក្បែរ​ទឹកធ្លាក់​នេះ​ផង​ដែរ ។
បើ​តាម​ប្រភព​ពី​លោកតា ឡាយ ឆេ​ង អាយុ​៦៧​ឆ្នាំ និង​លោកយាយ មិត្ត ផង់ អាយុ​៦៦​ឆ្នាំ រស់នៅ​តំបន់​នេះ​ដែរ​បានឱ្យ​ដឹង​ថា មូលហេតុ​ដែល​គេ​ដាក់​ឈ្មោះ​រមណីយដ្ឋាន​នេះ​ថា ទឹកធ្លាក់​៣២​ជាន់ ក៏​ព្រោះតែ ខួបប្រាំងខួបវស្សា​រមណីយដ្ឋាន​មួយ​នេះ​មាន​ទឹកធ្លាក់​មក​ច្រើន​ជាន់​ណាស់ មើលទៅ​ឃើញ​បែក​ខ្ចាយ​ស​ព្រាត ហើយ​នៅ​ពេល​ដែល​ទឹក​នេះ​ហូរ​ធ្លាក់​មក​ប៉ះ​នឹង​ថ្ម ក៏​លាន់ឮ សូរ​ឥត​ដាច់​ហាក់ដូចជា សូរ​សម្លេង​អ្វី​ម្យ៉ាង​អង្រួន​បេះដូង​អ្នក​ទេសចរណ៍​ឱ្យ​ចង់​បន្ត​ទៅ​លេង​ទីនោះ​ជា​ញឹកញាប់​តែ​ម្តង ។

លោកតា និង​លោកយាយ​បាន​បន្ត​ទៀត​ថា ទឹក​ហូរ​ធ្លាក់​នេះ​បាន​ហូរ​ចុះ​ពី​រមណីយដ្ឋាន​មក​ក្រោម ប្រៀប​ដូច​ជា សំឡេង​តន្ត្រី​ធម្មជាតិ​កំដរ​អារម្មណ៍​ពួក​គាត់​ឱ្យ​ចង់​ស្តាប់ លាយឡំ​ជាមួយ​សម្លេង​សត្វព្រៃ​ភ្នំ​នេះ​ថែម​ទៀត ធ្វើ​ឱ្យ​គាត់​កាន់តែ​នឹក​ស្រឡាញ់​ធម្មជាតិ​កាន់តែ​ខ្លាំង​ឡើង​ៗ ជា​ពិសេស​នឹក​ដល់​អតីតកាល​វ័យក្មេង មិន​ចង់ឱ្យ​ពេលវេលា​កន្លង​ទៅ​នោះ​ទេ ។ ពួក​គាត់​បញ្ជាក់​ថា ទោះបីជា​នៅ​រដូវប្រាំង​ក៏​ដោយ​ក៏​មានទឹក​ថ្លាយង់​ហូរ​ធ្លាក់​ពីលើ​ភ្នំ​មក​ដែរ ធ្វើ​ឱ្យ​តំបន់​មួយ​នេះ​លាន់​សូរ​ទឹក​ហូរ​មិន​បង្ក​ឱ្យ​ស្ងាត់ជ្រងំ​នោះ​បន្តិច ។ ឯ​យានជំនិះ​គ្រប់​ប្រភេទ​មិន​អាច​ចូល​ដល់​រមណីយដ្ឋាន​នេះ​ឡើយ ត្រូវ​ផ្ញើ​ទុក​នៅ​តាម​ផ្ទះ​ប្រជាពលរដ្ឋ​ពីរ​ទៅ​បី​ផ្ទះ​ដែល​សង់​នៅ​ជិត​ៗ នោះ​ដែរ ។ កន្លង​មក​មិន​ធ្លាប់​មាន​អ្នកទេសចរ​មក​បោះ​តង់​ដេក​លេង​កម្សាន្ត​នៅ​ទី​នេះ​ឡើយ ព្រោះថា ជា​តំបន់​ព្រៃឈើ​ធំ​ៗ ស្ងាត់​មាន​ជ្រូកព្រៃ ខ្លា ដំរី សត្វ​ស្វា ហើយ​ព្រៃ​ទាំងនោះ​មាន​ផ្ទៃក្រឡា​រាប់រយ​ម៉ែត្រក្រឡា​ឯណោះ ជា​ហេតុ​បង្ក​ការ​ងាយស្រួល​ដល់​អ្នកទេសចរ​ដើរ​លើ​ថ្ម ដោយ​គ្មាន​ការ​លំបាក​អ្វី​នោះ​ទេ ។

បើ​តាម​លោកស្រី ស្រ៊ី ឌី ប្រធាន​មន្ទីរ​ទេសចរ​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា ខាង​មន្ទីរ​ទេសចរ​មិន​ទាន់​បាន​ធ្វើការ​ស្រាវជ្រាវ​រាប់​ឱ្យ​ដឹង​ពិតប្រាកដ​ថា ទឹកធ្លាក់​ខាងលើ​មាន​៣២​ជាន់​មែន ឬ​អត់​នោះ​ទេ ដោយសារ​តែ​មានព្រៃ​ស្តុក​ជ្រៅ ហើយ​សម្បូរ​ទៅ​ដោយ​គ្រាប់​មីន​ដែល​បង្កប់​នៅ​លើ​ភ្នំ​ខៀវ​ត្រង់​ចំណុច​ធុ​រ៉េ​ន​២​ដើម ។ លោកស្រី​បន្ត​ទៀត​ថា តែ​កាលពីមុន​មាន​ក្រុមហ៊ុន​មួយ​ចំនួន ចង់​កែ​ច្នៃ​តំបន់​ខាងលើ​ឱ្យទៅ​ជា​កន្លែង​ទេសចរ​ដែរ លុះ​ក្រោយមក​ហាក់ដូចជា​ស្ងាត់​ទៅ​វិញ ។ ទោះបីជា​យ៉ាងណា​ក៏​ដោយនៅ​ពេល​ក្រោយ​ៗ​ទៀត បន្ទាប់​ពី​អាជ្ញាធរ​រៀបចំ​ស្ថាបនា​រាប់​ឃើញ​មាន​ទឹកធ្លាក់​ប៉ុន្មាន​ជាន់ នោះ​នឹង​កំណត់​យក​ត្រឹម​ហ្នឹងឯង ព្រោះ​បច្ចុប្បន្ន​នេះ​អាជ្ញាធរ​បាន​កសាង​ផ្លូវ​ក្រ​វ៉ា​ត់​ព្រំដែន​ងាយស្រួល ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​លេង​នៅ​ទីនោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ